ពង្រីកតួនាទីនារីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ សមាគមសហព័ន្ធនារីទីក្រុងកឹងធើ បានផ្សព្វផ្សាយអនុវត្តនូវដំណោះស្រាយជាច្រើនក្នុងការជំនួយទុន បណ្តុះបណ្តាលវិជ្ជាជីវៈ និងកសាងទម្រង់មុខរបររកស៊ី ជួយសមាជិកាឈានឡើងលំនឹងជីវភាព។

សមាគមសហព័ន្ធនារីទីក្រុងកឹងធើឧបត្ថម្ភនារីអភិវឌ្ឍសេដ្ឋកិច្ច។
តាមប្រសាសន៍លោកស្រី ត្រឹងធីហាំង អនុប្រធានសមាគមសហព័ន្ធនារីទីក្រុងកឹងធើ បច្ចុប្បន្នទូទាំងទីក្រុងមានសមាជិកាចូលរួមសកម្មភាព ៦៦៥.៤៨៩ នាក់ ក្នុងនោះ មាន ៩៥.៥៣៥នាក់ជាជនជាតិភាគតិច ស្រូបអត្រា ១៤,៣៦%។ នេះជាកម្លាំងជំរុញដ៏សំខាន់ ជាតួនាទីស្នូលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ពិសេស នៅតំបន់ជនបទ តំបន់មានជនជាតិភាគតិចរស់នៅកុះករ។
រយៈពេលកន្លង សមាគមសហព័ន្ធនារីទីក្រុងកឹងធើ បានជំរុញរាល់សកម្មភាពឧបត្ថម្ភនារីបង្ខិតជិតប្រភពឥណទានអាទិភាពពីធនាគារគោលនយោបាយសង្គម សហការចាត់តាំងបើកថ្នាក់ ផ្ទេរជូនវិទ្យាសាស្ត្រ - បច្ចេកទេស បណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ពិគ្រោះផ្តើមធ្វើអាជីវកម្ម ទន្ទឹមនឹងនោះ ចងសម្ព័ន្ធលក់ផលិតផលឱ្យសមាជិកទៀតផង។ ឆ្លងតាមរយៈនោះ មានទម្រង់សេដ្ឋកិច្ចជាច្រើនដែលនារីធ្វើម្ចាស់បានពង្រីកប្រសិទ្ធភាព រួមចំណែកលើកកម្ពស់ប្រាក់ចំណូល លើកស្ទួយជីវភាពនិងផ្តល់កម្លាំងជំរុញដើម្បីបងប្អូននារីមោះមុតក្នុងការអភិវឌ្ឍផលិត និងធ្វើអាជីវកម្ម។
តួយ៉ាងដូចបងស្រី លីធីគឹមយុង នៅមណ្ឌល ១៥ សង្កាត់អូរម៉ូង ឆ្នាំ២០១១ បងស្រីបុលទុន៣០ លានដុងពីធនាគារគោលនយោបាយសង្គម ជាមួយដើមទុននេះ បងស្រីបើកតៀមលក់ដូរជាលក្ខណៈគ្រួសារ។ ដោយចរិតឧស្សាហ៍ព្យាយាម ស៊ូទ្រាំលំបាកនិងចេះគិតគូរ ការលក់ដូររបស់បងស្រីបានលំនឹងពីមួយថ្ងៃទៅមួយថ្ងៃ រកបានប្រាក់ចំណូលជាប្រចាំ ចាប់ពី ២០០.០០០ - ៥០០.០០០ ដុងក្នុងមួយថ្ងៃ រួមចំណែកលើកស្ទួយជីវភាព គ្រួសារនិងផ្តល់ជាកម្លាំងដើម្បីបងស្រីបន្តឈានឡើង។
មិនត្រឹមតែជំនួយទុនប៉ុណ្ណោះទេ សមាគមសហព័ន្ធនារីទីក្រុងកឹងធើ ថែមទាំងផ្តោតទៅលើការបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្កមុខរបររកស៊ីនៅនឹងកន្លែងដល់នារី ពិសេសគឺនារីដែលមានជីវភាព ខ្វះខាត និងនារីជាជនជាតិភាគតិចទៀតផង។ អ្នកមីងគឹមណា នៅភូមិ១០ ឃុំលឿងតឹម ជាសមាជិកាម្នាក់ក្នុងចំណោមសមាជិកាដែលខ្នះខ្នែង ចូលរួមថ្នាក់រៀនវិជ្ជាជីវៈត្បាញកំប្លោកដែលសមាគមសហការចាត់តាំងឡើង។
អ្នកមីងគឹមណា ឱ្យដឹង៖ “អ្វីដែលខ្ញុំស្ងប់អារម្មណ៍បំផុត គឺផលិតផលត្បាញកំប្លោកមានច្រកចេញលំនឹង។ ក្រោយពីចូលរួមថ្នាក់រៀនវិជ្ជាជីវៈ ខ្ញុំនិងបងប្អូននារីក្នុងភូមិ បានចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនប្រមូលទិញ ទទួលបានជំនួយគ្រោងតម្បាញ គ្រាន់តែឆ្លៀតពេលវេលាទំនេរ គឺរកបានប្រាក់ចំណូលបន្ថែម លំនឹងជីវភាព”។
ទន្ទឹមនឹងនោះ សមាគមថែមទាំងលើកទឹកចិត្តសមាជិកឱ្យចូលរួមទម្រង់ក្រុមសហការ ក្រុមចងសម្ព័ន្ធផលិត រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច និងបង្កការផ្សារភ្ជាប់ ជួយគ្នាទៅវិញទៅមកក្នុងដំណាក់កាលអភិវឌ្ឍផលិតនិងធ្វើអាជីវកម្ម៕
ហុងទើ - លីសៀ