ក្នុងដំណើរការអនុវត្តគម្រោងទី ៦ “អភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ជនជាតិភាគតិច ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍” ចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០២៥ (ហៅកាត់ថា កម្មវិធី) ខេត្តកាម៉ាវ បានយកចិត្តទុកដាក់ថែរក្សានិងស្ដារឡើងវិញនូវតម្លៃវប្បធម៌អរូបី បង្កើតជាចលនាវប្បធម៌ - សិល្បៈ នៅតាមវត្តអារាម និងជំរុញការអភិវឌ្ឍទេសចរណ៍នៅភូមិភាគ។

ក្រុមរបាំវត្តព្រែកជ្រៅ។
តាមមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ អនុវត្តគម្រោងទី ៦ ខេត្តបានបែងចែកប្រភពថវិកាជាង ៩,៧ ពាន់លានដុងសម្រាប់ឧបត្ថម្ភវិនិយោគឧបករណ៍ មូលដ្ឋានសម្ភារៈដល់សាលាទានចំនួន ១០ កសាង ជួសជុលដល់វត្តចំនួន ២; ផ្ដល់ជូនភ្លេងពិណពាទ្យ ៤ វង់; បើកថ្នាក់បង្រៀនភ្លេងពិណពាទ្យដល់វត្តខ្មែរនានា; សម្ដែងបង្ហាញឡើងវិញពីទម្រង់នៃពិធីបុណ្យប្រពៃណី និងរៀបចំការសម្ដែងបង្ហាញសម្លៀក បំពាក់ប្រពៃណីខ្មែរបានចំនួន ១៥ លើក។ អាស្រ័យហេតុនោះ មានវត្តជាច្រើនបានបង្កើត និងរក្សាក្រុមភ្លេង ក្លឹបសិល្បៈសម្រាប់បម្រើពិធីបុណ្យនានា បំពេញតម្រូវការសកម្មភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិផង និងបង្កើតផលិតផល ទេសចរណ៍នៅភូមិភាគផង។
ដោយប្រភពទុនជំនួយរបស់គម្រោងទី ៦ ទើបវត្តព្រែកជ្រៅ (សង្កាត់ហ៊ីបថាញ់) បង្កើតបានក្រុមភ្លេងពិណពាទ្យនិងក្រុមរបាំសម្រាប់បម្រើពិធីបុណ្យទានក្នុងវត្ត ភូមិស្រុក និងរួមចំណែកយ៉ាងធំធេងក្នុងការផ្សព្វផ្សាយវប្បធម៌ជនជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងនិងក្រៅខេត្តមកទស្សនា។

ក្រុមរបាំសម្ដែងក្នុងឱកាសបុណ្យទានរបស់ជនជាតិខ្មែរ។
បងស្រីង្វៀងញឺត្វៀក អ្នកទេសចរមកពីហាណូយ មានប្រសាសន៍៖ “ខ្ញុំមកខេត្តកាម៉ាវ ដើម្បីទស្សនាលក្ខណៈពិសេសនៃវត្តអារាមខ្មែរ ជាពិសេសពេលមកវត្តព្រែកជ្រៅ ខ្ញុំបានស្តាប់ភ្លេងពិណពាទ្យ មើលរបាំ និងទស្សនាក្បូរក្បាច់រចនា ដិតដាមដោយលក្ខណៈជនជាតិខ្មែរ។ ខ្ញុំថែមទាំងបានភ្លក់នំប្រពៃណីដូចជា នំខ្ញី នំជើងតាំង នំពងទាជាដើម ដែលមានរសជាតិឆ្ងាញ់ពិសា និងចងចាំមិនភ្លេច”។
ទន្ទឹមនឹងនោះ ដើម្បីរួមចំណែកអភិរក្សភាសា និងអក្សរសាស្រ្តជនជាតិភាគតិច ខេត្តកាម៉ាវ មានគោលនយោបាយអាទិភាពជំនួយដល់គ្រូបង្រៀនអក្សរខ្មែរក្នុងឱកាសវិស្សមកាល។ តាមថេរដីកាព្រះឧបជ្ឈាយ៍ តាំងសាវង្ស អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះចៅអធិការវត្តបុប្ផារាម ឃុំហឹងហោយ ការបង្រៀនអក្សរខ្មែរក្នុងឱកាសវិស្សមកាលបានក្លាយជាទម្លាប់ ហេតុនេះរៀងរាល់ឆ្នាំមានក្មួយៗ មកវត្តរៀនយ៉ាងច្រើនកុះករ។ បច្ចុប្បន្ន ក្មួយៗកុមារខ្មែរចេះនិយាយនិងចេះសរសេរអក្សរខ្មែរបានត្រឹមត្រូវ។ ប្រការនោះ មិនត្រឹមតែជួយក្មួយៗ ពង្រឹងចំណេះដឹងខាងអក្សរសាស្រ្តខ្មែរប៉ុណ្ណោះទេ នៅទាំងបំប៉នក្ដីមោទនភាព និងស្មារតីថែរក្សា “មត៌ក” ភាសា អក្សរសាស្រ្តរបស់ដូនតាក្នុងសម័យសមាហរណកម្មទៀតផង៕
យ្វីអាញ - ថាច់ធី