នៅទីក្រុងកឹងធើ គោលនយោបាយធានារ៉ាប់រងសុខាភិបាលសម្រាប់កុមារអាយុក្រោម ៦ ឆ្នាំ កំពុងពង្រីកប្រសិទ្ធភាព ដោយធានាឱ្យកុមារគ្រប់រូបទទួលបានសេវាសុខាភិបាល ពិសេសគឺនៅតំបន់ជនជាតិភាគតិច។

កុមារមកពិនិត្យសុខភាពនៅដំណាក់សុខាភិបាល។
យោងតាមសេចក្ដីកំណត់នៃច្បាប់ធានារ៉ាប់រងសុខាភិបាល កុមារអាយុក្រោម ៦ ឆ្នាំ បានរដ្ឋឧបត្ថម្ភថវិកា ១០០% លើការបង់កម្រៃធានារ៉ាប់រងសុខាភិបាល។ អាស្រ័យហេតុនោះ កុមារទាំងអស់ក្នុងវ័យនេះសុទ្ធតែបានផ្តល់ប័ណ្ណធានារ៉ាប់រងដោយឥតគិតថ្លៃ បង្កលក្ខណៈងាយស្រួលដើម្បីទទួលសេវាសុខាភិបាលដោយមិនបាច់បារម្ភពីការចំណាយ។ ចំពោះគ្រួសារនៅតំបន់ជនជាតិភាគតិច នេះជាគោលនយោបាយមានអត្ថន័យពិសេស រួមចំណែកកាត់បន្ថយបន្ទុកសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពនៃការថែទាំសុខភាពសម្រាប់កុមារ។
តាមការកត់សម្គាល់នៅតាមដំណាក់សុខាភិបាលឃុំ សង្កាត់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ ចំនួនកុមារមកពិនិត្យជំងឺ ចាក់ថ្នាំបង្ការ និងតាមដានសុខភាពតាមកាលកំណត់ មានការកើនឡើងជាលំដាប់។ ឪពុកម្តាយក៏មានទម្លាប់ក្នុងការនាំកូនទៅដំណាក់សុខាភិបាលដើម្បីពិនិត្យសុខភាព។ អាស្រ័យមានប័ណ្ណធានារ៉ាប់រងសុខាភិបាល ការពិនិត្យនិងព្យាបាលជំងឺទូទៅដូចជា គ្រុនក្តៅ ក្អក ហៀរសំបោរជាដើម បានពិនិត្យព្យាបាលទាន់ពេល កាត់បន្ថយការវិវឌ្ឍទៅជាជំងឺធ្ងន់។
មិនត្រឹមតែការពិនិត្យនិងព្យាបាលជំងឺប៉ុណ្ណោះទេ បណ្តាដំណាក់សុខាភិបាលនៅទាំងអនុវត្តមានប្រសិទ្ធភាពនូវកម្មវិធីសុខាភិបាលបង្ការ ដូចជាការចាក់ថ្នាំបង្ការបើកទូលាយ តាមដានការធំធាត់និងការផ្ដល់ប្រឹក្សាអំពីរបបអាហារូបត្ថម្ភសម្រាប់កុមារ។ កងជួរគ្រូពេទ្យមូលដ្ឋានតែងតែណែនាំអាណាព្យាលអំពីរបៀបថែទាំកុមារតាមបែបវិទ្យាសាស្ត្រ រួមចំណែកបន្ថយអត្រាកង្វះអាហារូបត្ថម្ភ និងលើកកម្ពស់កាយសម្បទារបស់កុមារនៅតំបន់ជួបការលំបាក។
ទន្ទឹមនឹងនោះ ការងារថែទាំសុខភាពកុមារនៅទាំងទទួលបានការគាំទ្រយ៉ាងសកម្មពីមន្ទីរពេទ្យថ្នាក់លើ។ មន្ទីរពេទ្យសម្ភព-កុមារខេត្តសុកត្រាំង បានសហការជាមួយបណ្តាដំណាក់សុខាភិបាលរៀបចំការពិនិត្យ និងស្វែងរកជំងឺទូទៅ ព្រមទាំងជំងឺបេះដូងពីកំណើតដោយឥតគិតថ្លៃសម្រាប់កុមារ។ តាមរយៈកម្មវិធីទាំងនេះ ករណីជំងឺជាច្រើនត្រូវបានរកឃើញទាន់ពេល ជាពិសេស គឺពិការបេះដូងពីកំណើត ជួយឱ្យកុមារទទួលបានការធ្វើអន្តរាគមន៍និងព្យាបាលបានទាន់ពេល។
យោងតាមវេជ្ជបណ្ឌិតឯកទេសកម្រិត២ ង្វៀង ភឿកឡុក នាយករងមន្ទីរពេទ្យសម្ភព-កុមារសុកត្រាំង ជាមួយនឹងគោលនយោបាយធានារ៉ាប់រងសុខាភិបាល ការបង្កើនកិច្ចសហការរវាងមន្ទីរពេទ្យថ្នាក់លើនិងសុខាភិបាលមូលដ្ឋាន បានរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការថែទាំសុខភាពកុមារ។ សំខាន់នៅតំបន់ជនជាតិភាគតិច សកម្មភាពពិនិត្យនិងស្វែងរកជំងឺដោយឥតគិតថ្លៃ បានជួយឱ្យកុមារទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាពតាំងពីដំបូង។
ដោយការចូលរួមព្រមៗគ្នារបស់ផ្នែកសុខាភិបាលនិងរដ្ឋអំណាចភូមិភាគ រួមជាមួយគោលនយោបាយធានារ៉ាប់រងសុខាភិបាលប្រកបដោយលក្ខណៈមនុស្សធម៌ជ្រាលជ្រៅ ការងារថែទាំសុខភាពកុមារនៅតំបន់ជនជាតិភាគតិចទីក្រុងកឹងធើ កំពុងបានលើកកម្ពស់ជាលំដាប់ រួមចំណែកបង្កើតមូលដ្ឋានគ្រឹះយ៉ាងរឹងមាំ សម្រាប់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយដល់កូនចៅជំនាន់ក្រោយ៕
ហុងទើ - ថាច់ធី