02/06/2026 - 21:40

ទី​ផ្សារ​ប្រេង​សាំង​នៅ​ទី​ក្រុង​កឹង​ធើ​ដំ​ណើរ​ការ​ស្ថិរ​ភាព​ក្នុង​ថ្ងៃ​ដំ​បូង​នៃ​ការ​លក់​សាំង E១០ 

ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មិ​ថុ​នា ស្រប​ពេល​ជា​មួយ​ទូ​ទាំង​ប្រ​ទេស គ្រប់​ស្ថា​នីយ​ប្រេង​សាំង​ទាំង​អស់​នៅ​ទី​ក្រុង​កឹង​ធើ បាន​ដំ​ណើរ​ការ​ធ្វើ​អា​ជីវ​កម្ម​សាំង​ជីវ​សាស្ត្រ E១០ ជា​ផ្លូវ​ការ តាម​សេច​ក្តី​កំ​ណត់​ក្នុង​សា​រា​ចរ​លេខ ៥០/​២០២៥​/TT-BCT របស់​ក្រ​សួង​ឧស្សា​ហ​កម្ម​និង​ពា​ណិជ្ជ​កម្ម (សា​រា​ចរ​លេខ ៥០)។ ការ​ផ្លាស់​ប្តូរ​ព្រមៗ​គ្នា​មក​ប្រើ​ប្រាស់​ប្រ​ភេទ​ឥន្ធនៈ​ថ្មី​នេះ បាន​ចាត់​ទុក​ថា​ជា​ជំ​ហាន​ដ៏​សំ​ខាន់​មួយ​ក្នុង​ដំ​ណើរ​ការ​អភិ​វឌ្ឍន៍​ថាម​ពល​បៃ​តង រួម​ចំ​ណែក​បន្ថយ​ការ​ភាយ​ឧស្ម័ន និង​ជំ​រុញ​ទិស​ដៅ​កំ​ណើន​ប្រ​កប​ដោយ​ចីរ​ភាព។

សកម្ម​ភាព​ធ្វើ​អា​ជីវ​កម្ម​នៅ​ស្ថា​នីយ​ប្រេង​សាំង​មួយ​កន្លែង​ចំ​ណុះ​ក្រុម​ហ៊ុន​ PV Oil។

ក្នុង​ថ្ងៃ​ដំ​បូង​ដាក់​ឱ្យ​ដំ​ណើរ​ការ សកម្ម​ភាព​ធ្វើ​អា​ជីវ​កម្ម​សាំង E១០ នៅ​តាម​ស្ថា​នីយ​ប្រេង​សាំង​នា​នា​នៅ​លើ​ភូមិ​ឋាន បាន​ប្រ​ព្រឹត្ត​ទៅ​មាន​ស្ថិរ​ភាព។ ការ​កត់​សម្គាល់​នៅ​តាម​កន្លែង​លក់​ជា​ច្រើន​បាន​បង្ហាញ​ថា ប្រ​ជា​ជន​មាន​ភាព​បើក​ចំ​ហរ​ក្នុង​ការ​ទទួល​យក​ឥន្ធ​នៈ​ប្រ​ភេទ​នេះ។ លោក​ង្វៀង​ហីវ​ហៀង នៅ​សង្កាត់​និញ​កេវ បាន​ឱ្យ​ដឹង​ថា លោក​បាន​ប្រើ​ប្រាស់​សាំង E១០ តាំង​ពី​ពាក់​កណ្តាល​ខែ​ឧស​ភា ឆ្នាំ​២០២៦ ហើយ​មិន​ទាន់​ឃើញ​មាន​សញ្ញា​មិន​ប្រ​ក្រតី​ណា​មួយ​ចំ​ពោះ​ម៉ា​ស៊ីន​យាន​យន្ត​នោះ​ឡើយ។ តាម​សម្តី​របស់​លោក​ហីវ​ហៀ​ង ប្រ​ទេស​ជា​ច្រើន​នៅ​លើ​ពិ​ភព​លោក​បាន​ប្រើ​ប្រាស់​សាំង E១០ ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​បាន​បង្ហាញ​ពី​លក្ខ​ណៈ​ស្ថិរ​ភាព ហេតុ​នេះ​ លោក​គាំ​ទ្រ​ទាំង​ស្រុង​ចំ​ពោះ​គោល​ការណ៍​ពង្រីក​ការ​ប្រើ​ប្រាស់​ឥន្ធនៈ​ជីវ​សាស្ត្រ​នៅ​ប្រ​ទេស​វៀត​ណាម។

តាម​មន្ទីរ​ឧស្សា​ហ​កម្ម​និង​ពា​ណិជ្ជ​កម្ម​ទី​ក្រុង​កឹង​ធើ បច្ចុប្បន្ន​ទី​ក្រុង​មាន​ពា​ណិជ្ជ​ករ​លក់​ដុំ​ប្រេង​សាំង​ចំ​នួន​៥ ពា​ណិជ្ជ​ករ​ចែក​ចាយ​ចំ​នួន​២០​ ឃ្លាំង​លក់​ដុំ​ចំ​នួន​៦កន្លែង និង​ស្ថា​នីយ​ប្រេង​សាំង​ចំ​នួន​ ៨៤៦ ​កន្លែង​កំ​ពុង​ដំ​ណើរ​ការ។ មុន​នោះ គ្រប់​ស្ថា​នីយ​ទាំង​អស់​សុទ្ធ​តែ​បាន​ធ្វើ​ល្អ​នូវ​ការ​ងារ​ត្រៀម​លក្ខណៈ ដើម្បី​ដាក់​សាំង​ E១០ ចូល​ធ្វើ​អា​ជីវ​កម្ម​ចាប់​ពី​ថ្ងៃ​ទី១ ខែ​មិថុ​នា។

លោក​ង្វៀង​ង៉ុក​ហៀង ប្រ​ធាន​សា​ខា​នា​យក​ដ្ឋាន​គ្រប់​គ្រង​ទី​ផ្សារ​ទី​ក្រុង​កឹង​ធើ បាន​ឱ្យ​ដឹង​ថា មុន​ពេល​សា​រា​ចរ​លេខ ៥០ មាន​សុ​ពល​ភាព កម្លាំង​គ្រប់​គ្រង​ទី​ផ្សារ​បាន​បង្កើន​ការ​ឃោស​នា ផ្សព្វ​ផ្សាយ​បទ​ប្បញ្ញត្តិ​ថ្មី​ដល់​បណ្តា​អា​ជីវ​កម្ម ស្ថា​នីយ​ធ្វើ​អា​ជីវ​កម្ម​ប្រេង​សាំង​និង​ប្រ​ជា​ជន។ តាម​ការ​កត់​សម្គាល់​ក្នុង​ថ្ងៃ​ដំ​បូង​នៃ​ការ​អនុ​វត្ត ទី​ផ្សារ​ដំ​ណើរ​ការ​ប្រ​កប​ដោយ​ស្ថិរ​ភាព ប្រ​ភព​ផ្គត់​ផ្គង់​ត្រូវ​បាន​ធា​នា មិន​មាន​បាតុ​ភូត​កាត់​ផ្តាច់ ឬ​ប្រែ​ប្រួល​មិន​ប្រ​ក្រតី​ណា​មួយ​កើត​ឡើង​ឡើយ។

ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​នាំ​សាំង E១០ ចូល​ក្នុង​ទី​ផ្សារ បណ្តា​អា​ជីវ​កម្ម​លក់​ដុំ​បាន​ម្ចាស់​កា​រក​សាង​ផែន​ការ​អំ​ពី​ប្រ​ភព​វត្ថុ​ធាតុ​ដើម និង​សមត្ថ​ភាព​លាយ​បញ្ចូល​គ្នា។ លោក​ហ្វិញ​តឹង​មិញ នា​យក​រង​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ប្រេង​កាត​មេ​គង្គ (PV Oil) បាន​ឱ្យ​ដឹង​ថា អា​ជីវ​កម្ម​បាន​ផ្សព្វ​ផ្សាយ​ធ្វើ​អា​ជីវ​កម្ម​សាំង E១០ លើ​វិសាល​ភាព​ទូ​ទាំង​ប្រ​ទេស​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៦។ តាម​លោក​តឹង​មិញ មូល​ដ្ឋាន​លាយ​សាំង E១០ ទាំង​អស់​របស់​ PV Oil សុទ្ធ​តែ​បាន​ស្ថា​ប័ន​មាន​សមត្ថ​កិច្ច​ពិនិត្យ វាយ​តម្លៃ អនុញ្ញាត និង​ត្រួត​ពិនិត្យ​យ៉ាង​តឹង​រ៉ឹង​អំ​ពី​សង្វាក់​បច្ចេក​ទេស និង​គុណ​ភាព​ផលិត​ផល។ ប្រ​ភព​សាំង​បាត​ត្រូវ​បាន​ផ្គត់​ផ្គង់​ពី​បណ្តា​រោង​ចក្រ​ចម្រាញ់​ប្រេង​ង៉ី​សើង​និង​យ៉ុង​ក្វឹក ខណៈ​ដែល​អេតា​ណុល (ethanol) បាន​ទិញ​ពី​បណ្តា​អ្នក​ផលិត​ក្នុង​ប្រ​ទេស​និង​នាំ​ចូល​ពី​ទី​ផ្សារ​ធំៗ​ដូច​ជា​ អា​មេ​រិក​ និង​ប្រេ​ស៊ីល។

តាម​ការ​កំ​ណត់​ក្នុង​សា​រា​ចរ​លេខ ៥០ ចាប់​ពី​ថ្ងៃ​ទី១ ខែ​មិថុ​នា ឆ្នាំ​២០២៦ សាំង​គ្មាន​ជាតិ​សំ​ណ​ទាំង​អស់​បាន​ប្រើ​ប្រាស់​សម្រាប់​ម៉ា​ស៊ីន​សាំង​ក្នុង​វិសាល​ភាព​ទូ​ទាំង​ប្រ​ទេស ត្រូវ​បាន​លាយ​បញ្ចូល​ទៅ​ជា​សាំង​ជីវ​សាស្ត្រ E១០។ ដោយ​ឡែក សាំង​ជីវ​សាស្ត្រ E៥, RON ៩២ នៅ​តែ​បន្ត​បាន​ចរា​ចរ​នៅ​លើ​ទី​ផ្សារ​រហូត​ដល់​ដាច់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០៣០។ ការ​ដែល​សាំង E១០ បាន​អតិ​ថិ​ជន​ជា​ច្រើន​ទទួល​យក​ភ្លាមៗ​ចាប់​ពី​ថ្ងៃ​ដំ​បូង​នៃ​ការ​ដាក់​លក់ បាន​បង្ហាញ​ថា​ទី​ផ្សារ​កំ​ពុង​តែ​ស៊ាំ​បន្តិច​ម្តងៗ​ជា​មួយ​ប្រ​ភេទ​ឥន្ធនៈ​ដែល​ស្និទ្ធ​ស្នាល​នឹង​បរិ​ស្ថាន​នេះ។

បណ្តា​អ្នក​ជំ​នាញ​បាន​វាយ​តម្លៃ​ថា ការ​ពង្រីក​ការ​ប្រើ​ប្រាស់​សាំង E១០ មិន​ត្រឹម​តែ​រួម​ចំ​ណែក​កាត់​បន្ថយ​បរិ​មាណ​ភាយ​ឧស្ម័ន​ពី​យាន​យន្ត​ចរា​ចរ​នោះ​ទេ ថែម​ទាំង​បង្ក​កម្លាំង​ចល​ករ​អភិ​វឌ្ឍន៍​វិស័យ​ឧស្សា​ហកម្ម​ឥន្ធនៈ​ជីវ​សាស្ត្រ​ក្នុង​ប្រ​ទេស​ទៀត​ផង។ តម្រូវ​ការ​អេ​តា​ណុល​កើន​ឡើង​នឹង​បើក​ឱ​កាស​លើក​កម្ពស់​តម្លៃ​កសិផល ជំ​រុញ​សេដ្ឋ​កិច្ច​វិល​ជុំ និង​កាត់​បន្ថយ​ជា​បណ្តើរៗ​នូវ​ការ​ពឹង​ផ្អែក​លើ​ឥន្ធនៈ​ហ្វូ​ស៊ីល​ប្រ​ពៃ​ណី។

តា​មរ​បាយ​ការណ៍​របស់​បណ្តា​ពា​ណិជ្ជ​ករ​លក់​ដុំ ប្រ​ភព​អេតា​ណុល​ក្នុង​ប្រ​ទេស និង​នាំ​ចូល​បច្ចុប្បន្ន​គឺ​បាន​ឆ្លើយ​តប​នឹង​តម្រូវ​ការ​លាយ​បញ្ចូល​សាំង E១០។ ទន្ទឹម​នឹង​នោះ សមត្ថ​ភាព​ផ្សំ​ក៏​កំ​ពុង​បាន​ពង្រីក​យ៉ាង​រហ័ស​ផង​ដែរ។ រហូត​មក​ដល់​ពេល​នេះ មាន​ពា​ណិជ្ជ​ករ​លក់​ដុំ​ចំ​នួន​១២ ក្នុង​ចំណោម ​២៦ មាន​កម្ម​សិទ្ធិ​លើ​ប្រ​ព័ន្ធ​លាយ​បញ្ចូល​សាំង E១០។

ដោយ​ឡែក អា​ជីវ​កម្ម​ធំៗ​ចំ​នួន​៣ រួម​មាន៖ Petrolimex, PV Oil និង​ Saigon Petro បច្ចុប្បន្ន​មាន​លទ្ធ​ភាព​ផលិត​សាំង E១០ ប្រ​មាណ ៧០០​.០០០ ម៉ែត្រ​គូប ក្នុង​មួយ​ខែៗ។ បន្ទាប់​ពី​បំ​ពេញ​បន្ថែម​នូវ​ពលា​នុភាព​ដែល​បាន​ចុះ​បញ្ជី​ថ្មី សមត្ថ​ភាព​លាយ​បញ្ចូល​សរុប​ក្នុង​ទូ​ទាំង​ប្រ​ទេស​សម្រេច​បាន​ប្រ​មាណ ៨៩០​.០០០ ម៉ែត្រ​គូ​បក្នុង​មួយ​ខែ ជា​មូល​ដ្ឋាន​ឆ្លើយ​តប​នូវ​តម្រូវ​ការ​ប្រើ​ប្រាស់​នៃ​ទី​ផ្សារ​ក្នុង​ប្រ​ទេស។

កា​រដាក់​ឱ្យ​ដំ​ណើរ​ការ​អា​ជីវ​កម្ម​សាំង E១០ ព្រមៗ​គ្នា​នៅ​ទី​ក្រុង​កឹង​ធើ​និ​យាយ​ដោយ​ឡែក និង​ទូ​ទាំង​ប្រ​ទេស​និ​យាយ​រួម ត្រូវ​បាន​រំ​ពឹង​ថា​នឹង​បង្ក​ជំ​ហាន​ផ្លាស់​ប្តូរដ៏​សំ​ខាន់​ក្នុង​ទម្លាប់​ប្រើ​ប្រាស់​ឥន្ធនៈ​របស់​ប្រ​ជា​ជន។ នេះ​មិន​ត្រឹម​តែ​ជា​ដំ​ណោះ​ស្រាយ​កាត់​បន្ថយ​ការ​ភាយ​ឧស្ម័ន ការ​ពារ​បរិ​ស្ថាន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ចំ​ណុច​ដ៏​សំ​ខាន់​មួយ​ក្នុង​ដំ​ណើរ​ការ​ផ្លាស់​ប្តូរ​ថាម​ពល សំ​ដៅ​ទៅ​រក​ទិស​ដៅ​អភិវឌ្ឍន៍​បៃ​តង​និង​ចីរ​ភាព​របស់​វៀត​ណាម៕

ខាញ់​ណាម - សុផន​

ចែករំលែកអត្ថបទ