ពីមុន ជីវភាពប្រជាជននៅតំបន់មានជនរួមជាតិខ្មែររស់នៅកុះករ នៅភូមិត្រពាំងវែង ឃុំញីទ្រឿង ខេត្តវិញឡុង នៅមានការលំបាក។ អាស្រ័យមាមីងបានបង្វែររចនាសម្ព័ន្ធផលិតកម្ម និងអនុវត្តវិទ្យាសាស្ត្របច្ចេកទេសជឿនលឿនទៅក្នុងការផលិត ទើបជីវភាពជនរួមជាតិខ្មែរមានភាពរីកចម្រើន។

កសិករថាច់ច័ន្ទ នៅភូមិត្រពាំងវែងកំពុងថែទាំគោ។
លោកសើុងភុក ប្រធានភូមិត្រពាំងវែង ឱ្យដឹង៖ “ប៉ុន្មានឆ្នាំជិតៗនេះ រដ្ឋបានវិនិយោគហេដ្ឋារចនាសម្ព័ន្ធជនបទ រៀបចំបើកវគ្គហ្វឹកហ្វឺនផ្ទេរវិទ្យាសាស្ត្រ បច្ចេកទេស នាំយកពូជដំណាំ សត្វចិញ្ចឹមមានគុណភាពទៅក្នុងការផលិត។ល។ ជួយជនរួមជាតិខ្មែរផ្លាស់ប្តូរទម្លាប់ផលិតកម្ម។ បច្ចុប្បន្ន ការអនុវត្តវិទ្យាសាស្ត្រ បច្ចេកទេសជឿនលឿនទៅក្នុងការផលិតនិងចិញ្ចឹមសត្វ បានក្លាយទៅជាទម្លាប់ធម្មតាទៅហើយ។ អាស្រ័យហេតុនោះ វិស័យផលិតកម្មនិងចិញ្ចឹមសត្វ ត្រូវបានលើកកម្ពស់ដោយឥតឈប់ឈរ ទិន្នផលស្រូវនិងដំណាំរួមផ្សំឆ្នាំនេះខ្ពស់ជាងឆ្នាំមុន។ ភូមិត្រពាំងវែងមានផ្ទៃដីផលិតកសិកម្មប្រមាណ ៣៤០ ហិកតា អាស្រ័យអនុវត្តការបង្វែររចនាសម្ព័ន្ធផលិតកម្ម បច្ចុប្បន្នទូទាំងភូមិ មានផ្ទៃដីជិត ១០០ ហិកតា បានកសិករអនុវត្តវិធានការស្រូវ ១ រដូវ ដំណាំរួមផ្សំ ២ រដូវ ផ្តល់ប្រាក់ចំណូលមួយរដូវប្រមាណពី ៥០-៦០ លានដុង/ហិកតា ដោយដាំដំណាំរួមផ្សំច្រើនប្រភេទ ដូចជា៖ ពោតពូជ ម្ទេសខ្លាំង ត្របវែង ម្រះ ត្រសក់ ស្ពៃនិងដាំផ្កាជាដើម។
បងថាច់ច័ន្ទ ឱ្យដឹង៖ “ដោយសារបានចូលរួមសាខាសមាគមកសិករភូមិ ទើបខ្ញុំបានចូលរួមវគ្គហ្វឹកហ្វឺនផ្ទេរវិទ្យាសាស្រ្តបច្ចេកទេសអំពីចិញ្ចឹមគោដែលរៀបចំឡើងដោយផ្នែកជំនាញ។ គ្រួសារខ្ញុំវិនិយោគចិញ្ចឹមគោមេ ៧ ក្បាល។ ចំណេះដឹងពីវគ្គហ្វឹកហ្វឺនជួយឱ្យខ្ញុំចិញ្ចឹមគោឆាប់ធំ មិនសូវមានជំងឺ។ តាមការប៉ាន់ស្មានរបស់ខ្ញុំ គោមេ ៧ ក្បាល កើតកូនបានពី ៦-៧ ក្បាលរៀងរាល់ឆ្នាំ លក់ដោយតម្លៃពី ១០-១២ លានដុង/ក្បាល”។
បច្ចុប្បន្ន ភូមិត្រពាំងវែង នៅមានគ្រួសារក្រីក្រប្រមាណ ៥ គ្រួសារប៉ុណ្ណោះ (មានគ្រួសារចំនួន ៣ ស្ថិតក្នុងក្រុមទទួលគាំពារសង្គម) និងគ្រួសារប្រកៀកបន្ទាត់ក្រីក្រចំនួន១១ ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់របស់ភូមិឆ្នាំ ២០២៤ សម្រេច ៧២,៤ លានដុង/ឆ្នាំ។ គ្រួសារជាច្រើនចេះអនុវត្តវិទ្យាសាស្ត្រ បច្ចេកទេសក្នុងការផលិត អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ រកស៊ីមានប្រសិទ្ធភាព ប្រជាបញ្ញាបានលើកកម្ពស់។ ដោយមានគោលនយោបាយយកចិត្តទុកដាក់និងអនុគ្រោះល្អទៅលើវិស័យសេដ្ឋកិច្ច វប្បធម៌-សង្គម ជនរួមជាតិខ្មែរនៅភូមិត្រពាំងវែងតែងសប្បាយរីករាយ ជឿជាក់និងមានស្មារតីសាមគ្គីជាមួយសហគមន៍ ព្រួតដៃបញ្ចេញកម្លាំងកសាងជនបទថ្មី កសាងភូមិស្រុកកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕
សើុងម៉ាល័យ-វិមាន