ទោះបីខួបប្រាំងវស្សានឿយហត់នឹងការងារស្រែចម្ការយ៉ាងណាក៏ដោយ ប៉ុន្តែមានគ្រួសារជនរួមជាតិខ្មែរជាច្រើននៅលើភូមិសាស្ត្រក្រុងកឹងធើ បានខិតខំចិញ្ចឹមកូនឱ្យរៀនសូត្រចប់ចុងចប់ដើម រកបានការងារធ្វើនិងមានជីវភាពលំនឹង។

ជនរួមជាតិខ្មែរយកចិត្តទុកដាក់គិតគូរឱ្យកូនរៀនសូត្រ ម្ល៉ោះហើយ
កូនចៅបានទៅសាលាគ្រប់គ្នា។
គ្រួសារពូឡឹមម៉ី នៅឃុំម៉ីហឿង ជាគំរូឆ្លងកាត់ការលំបាក ចិញ្ចឹមកូនរៀនសូត្រចប់ចុងចប់ដើម។ ចង្អុលបង្ហាញផ្ទះកូនៗដែលសាងសង់យ៉ាងសមរម្យ ពូម៉ី ឱ្យដឹង៖ “សព្វថ្ងៃទាំងកូន បង្កើតកូនប្រសាសុទ្ធតែជាគ្រូបង្រៀន ម្ល៉ោះហើយ មានជីវភាពធូរធារ សង់បានផ្ទះសម្បែងសមរម្យ។ កូនៗទិញដីសង់ផ្ទះនៅជិតខ្ញុំ ដើម្បីងាយស្រួលមើលថែឪពុកម្តាយនៅពេលចាស់។ ឃើញកូនទទួលបានជោគជ័យ រស់នៅសាមគ្គី ស្រុះស្រួលដឹងគុណឪពុកម្តាយ ខ្ញុំត្រេកអរនិងសុភមង្គលណាស់”។
មុននេះ ប្តីប្រពន្ធពូឡឹមម៉ី ដឹងតែពីធ្វើការឈ្នួល ដើម្បីគិតគូរជីវភាព។ ខណៈពេលកូនទាំង ៣ នាក់ចូលមហាវិទ្យាល័យជាបន្តបន្ទាប់ ជីវភាពកាន់តែដុនដាបទៅៗ។ ដើម្បីមានប្រាក់គិតគូរឱ្យកូនៗរៀនសូត្រ ប្តីប្រពន្ធគាត់ ដាំបន្លែ ចិញ្ចឹមជ្រូក និងបិតស្រា។ ចំណែកពូម៉ី រត់ម៉ូតូឌុប ពេលយប់ទៅឆ្លុះត្រី ឆ្លុះកង្កែប ដើម្បីលក់រកប្រាក់បន្ថែមគិតគូរឱ្យកូនរៀនសូត្រ។ ពេលកូនត្រូវការប្រាក់ច្រើន ប្តីប្រពន្ធពូម៉ីទៅបុលខាងក្រៅ ដល់ពេលប្រមូលផលដំណាំនិងលក់ជ្រូកយកទៅសងវិញ។

កូនៗទទួលបានជោគជ័យ បងលីស៊ីយ៉ែន នៅតែដាំដំណាំរួមផ្សំរកប្រាក់ចំណូលបន្ថែម។
ពូឡឹមម៉ី ឱ្យដឹង៖ “ឃើញម្រាមដៃ ម្រាមជើងរបស់ប្រពន្ធទឹកស៊ីរមាស់ផ្ទោងឡើងហើម ខ្ញុំសង្វេគណាស់ ប៉ុន្តែប្រពន្ធមិនដែលត្អូញត្អែរទេ។ ផ្ទុយទៅវិញ ថែមទាំងលើកទឹកចិត្តខ្ញុំឱ្យខិតខំឆ្លងកាត់ការលំបាក គិតគូរឱ្យកូនរៀនសូត្រដើម្បីមានអនាគតភ្លឺស្វាង កុំឱ្យកូនវេទនាដូចប្តីប្រពន្ធយើងទៀត”។
ដោយយល់ពីការលះបង់ នឿយហត់របស់ឪពុកម្តាយ ម្ល៉ោះហើយកូនទាំង៣នាក់របស់គាត់ កាន់តែមានកម្លាំងចិត្តឆ្លងកាត់ការលំបាក រៀនចប់មហាវិទ្យាល័យដើម្បីក្លាយជាគ្រូបង្រៀន និងកំពុងបង្ហាត់បង្រៀននៅតាមអនុវិទ្យាល័យលើភូមិសាស្ត្រឃុំ។
ចំណែកគ្រួសារបងលីស៊ីយ៉ែន នៅឃុំង៉ុកតូ ក៏ជាគំរូឆ្លងកាត់ការលំបាកចិញ្ចឹមកូនរៀនសូត្រចប់ចុងចប់ដើមដែរ។ ក្រៅពីទៅបង្រៀននៅសាលាបឋមសិក្សាថាមដូង ប្តីប្រពន្ធបងយ៉ែន ធ្វើស្រែ ១,៥ កុង បិតស្រា ចិញ្ចឹមជ្រូកនិងជួលដីតាមភ្លឺប្រឡាយដាំដំណាំរួមផ្សំ សន្សំប្រាក់ទិញដីបង្កបង្កើនផល។ លុះដល់ឆ្នាំ ២០០៣ បងយ៉ែនមានដី ៥ ហិកតាសម្រាប់បង្កបង្កើនផល។ ដោយមានការគិតគូរតាំងពីដំបូង ម្ល៉ោះហើយពេលកូនទាំង ៣ នាក់ធំឡើង រៀនចប់វិទ្យាល័យចូលមហាវិទ្យាល័យជាបន្តបន្ទាប់ គឺបងយ៉ែនមានលក្ខណៈគ្រប់គ្រាន់គិតគូរឱ្យកូនរៀនមហាវិទ្យាល័យ។
មិនធ្វើឱ្យឪពុកម្តាយខកបំណង កូនៗរបស់បងយ៉ែន រៀនពូកែនិងប្រឡងបញ្ចប់មហាវិទ្យាល័យ ក្លាយជាគ្រូបង្រៀននិងវេជ្ជបណ្ឌិត។ បច្ចុប្បន្ន ក្នុងចំណោមកូនទាំង៣នាក់ ម្នាក់ជាគ្រូបង្រៀន ២ នាក់ទៀតជាវេជ្ជបណ្ឌិត កំពុងបម្រើការនៅមន្ទីរពេទ្យឱសថសាស្ត្រក្រុងហូជីមិញ។
កូនៗរបស់បងយ៉ែន មានជីវភាពធូរធារនិងដឹងគុណឪពុកម្តាយ។ បងយ៉ែន អះអាង៖ “មានតែរៀនសូត្រទេ ទើបមានអនាគតភ្លឺស្វាង ចំណាយលើការអប់រំគឺជាការចំណាយសាងអនាគតដ៏ភ្លឺស្វាងសម្រាប់កូនៗ”៕
យ្វីអាញ- លីសៀ