ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ីនាពេលថ្មីៗនេះ ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភាកម្ពុជា អតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុនសែន បានធ្វើបទបង្ហាញនៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) នៅទីក្រុងហ្សាកាតា អំពី “សន្ដិភាពនិងការបង្រួបបង្រួមជាតិនៅកម្ពុជា៖ មេរៀនសម្រាប់អាស៊ីអាគ្នេយ៍”។

ប្រធានគណបក្សប្រជាជនកម្ពុជាប្រធានព្រឹទ្ធសភាកម្ពុជា ហ៊ុនសែន ក្នុងឱកាសធ្វើបទបង្ហាញ។
តាមអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងហ្សាកាតា ក្នុងឱកាសធ្វើបទបង្ហាញ ថ្នាក់ដឹកនាំកម្ពុជា រំភើបចិត្តហើយរំលឹកឡើងវិញនូវពេលវេលាប្រវត្តិសាស្រ្តពិសេស ខណៈពេលគាត់មកវៀតណាមក្នុងឆ្នាំ ១៩៧៧ ដោយសុំឱ្យវៀតណាមជួយរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ូលពត។ លោកបានថ្លែងថា៖ “ប្រសិនគ្មានការគាំទ្រពីវៀតណាមនៅពេលនោះទេ គឺគ្មានប្រទេសណាអាចជួយកម្ពុជាផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ូលពតដែលបង្ហូរឈាមឡើយ។ យើងត្រូវតែការពារការពិតនៃប្រវត្តិសាស្រ្តនេះ ដើម្បីកុំឱ្យអំពើឃោរឃៅបែបនេះកើតឡើងម្តងទៀត”។
តាមប្រសាសន៍ប្រធានព្រឹទ្ធសភា ហ៊ុនសែន ក្នុងរយៈពេលជាង ៤០ ឆ្នាំកន្លង តែងកើតមានការចោទប្រកាន់ប្រឆាំងមកលើប្រទេសវៀតណាម និងនិន្នាការជ្រុលនិយមក្នុងការបដិសេធនូវអត្ថិភាពពីបទប្រល័យពូជសាសន៍ក្រោមរបបខ្មែរក្រហម។ លោកបានអំពាវនាវការពារដាច់ខាត់នូវការពិតប្រវត្តិសាស្រ្ត ជាពិសេសដើម្បីទប់ស្កាត់អំពើឧក្រិដ្ឋកម្មដ៏សាហាវស្រដៀងនេះកើតឡើងម្តងទៀត។ ថ្នាក់ដឹកនាំកម្ពុជា បានសង្កត់ធ្ងន់លើតម្លៃយូរអង្វែងនៃសន្ដិភាព និងសារៈសំខាន់នៃការយល់ដឹងប្រវត្តិសាស្រ្តក្នុងការទប់ស្កាត់ជម្លោះនាពេលអនាគត។
កាលពីឆ្នាំមុន កម្ពុជាបានប្រារព្ធខួប ៤៥ ឆ្នាំ ទិវាផ្ដួលរំលំរបបខ្មែរក្រហម (១៩៧៩ - ២០២៤)។ ក្នុងអំឡុងពេលកាន់អំណាចជាង ៣ ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៧៥ របបប្រល័យពូជសាសន៍ ដែលដឹកនាំដោយប៉ូលពត - អៀងសារី បានសម្លាប់ប្រជាជនស្លូតត្រង់អស់ជាង ៣ លាននាក់។ ក្នុងភាពយន្តឯកសារប្រវត្តិសាស្រ្តដែលមានចំណងជើងថា “ដំណើរឆ្ពោះទៅសង្រ្គោះជាតិ” លោកហ៊ុនសែន ធ្លាប់បានចែករំលែកថា នៅពេលនោះ រូបលោកនិងប្រជាពលរដ្ឋខ្មែរស្នេហាជាតិជាច្រើន បានចាត់ទុកប្រទេសវៀតណាមជាកន្លែងតែមួយគត់ដែលអាចជួយបាន។ ដ្បិតអី វៀតណាម ជាប្រទេសជិតខាងដែលធ្លាប់រួមទុក្ខលំបាក ប្រកៀកស្មាគ្នាជាមួយនឹងប្រទេសកម្ពុជា ក្នុងការតស៊ូប្រឆាំងនឹងសត្រូវរួម ទាមទារឯករាជ្យ។ ជាមួយនឹងស្មារតីសាមគ្គីអន្តរជាតិ ស្មោះត្រង់ និងការជួយមិត្តក៏ដូចជាជួយខ្លួនឯង បន្ទាប់ពីទទួលបានសំណើពីរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា មានទាហាន នាយទាហានស្ម័គ្រចិត្តរាប់ម៉ឺននាក់បានចេញដំណើរទៅកាន់ប្រទេសមិត្ត។ ការគាំទ្រដ៏សំខាន់នេះ បានជួយប្រទេសកម្ពុជាយកឈ្នះលើខ្មែរក្រហមនៅថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ សង្រ្គោះប្រទេសឱ្យរួចផុតពីគ្រោះប្រល័យពូជសាសន៍៕
យោង៖ TTXVN - ប្រែសម្រួល៖ ថាច់ធី