ផ្តើមពីប្រភពទុនឧបត្ថម្ភរបស់រដ្ឋ គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រជាជនជាតិខ្មែរនៅលើភូមិសាស្រ្តស្រុកមីស្វៀង ខេត្តសុកត្រាំង មានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ច ចាកផុតពីភាពក្រីក្រ លំនឹងជីវភាព។

របរត្បាញកំប្លោក បានជួយឱ្យនារីខ្មែរនៅស្រុកមីស្វៀងរកបានប្រាក់ចំណូលបន្ថែមពេលទំនេរពីការងារ។
តាមប្រសាសន៍លោក ផាមមិញហ្វែ ប្រធានគណៈកម្មាធិការប្រជាជនស្រុកមីស្វៀង ទូទាំងស្រុកមានជនរួមជាតិខ្មែររស់នៅជាង ៣៣% ហេតុនោះ ការងារកាត់បន្ថយភាពក្រីក្រ ត្រូវបានផ្សព្វផ្សាយ ផ្គួបបញ្ចូលជាមួយកម្មវិធីចំនួន ៣ (កម្មវិធីទិសដៅជាតិកាត់បន្ថយភាពក្រីក្រដោយចីរភាព កម្មវិធីទិសដៅជាតិកសាងជនបទថ្មី និងកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច) ដើម្បីឧបត្ថម្ភដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ មានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ច។ ក្នុងនោះ អាទិភាពឧបត្ថម្ភកសាងទម្រង់ចិញ្ចឹមគោបន្តពូជ សាងសង់លំនៅឋាន ដីសង់លំនៅឋាន ឧបត្ថម្ភទុនផលិត សម្ភារៈផលិតកម្ម បណ្តុះបណ្តាលវិជ្ជាជីវៈ ឧទ្ទេសនាមការងារធ្វើ។ល។ ជាមួយនឹងគោលនយោបាយវិនិយោគបានទាន់ពេល រួមជាមួយនឹងការខិតខំឈានឡើងរបស់ប្រជាជនទៀតនោះ ម្ល៉ោះហើយ អត្រាគ្រួសារក្រីក្ររបស់ស្រុក បានថយចុះជារៀងរាល់ឆ្នាំ។ បច្ចុប្បន្ន អត្រាគ្រួសារក្រីក្ររបស់ស្រុកនៅក្រោម១%។

ទម្រង់ដាំដំណាំរួមផ្សំ បានជួយឱ្យគ្រួសារខ្មែរជាច្រើននៅឃុំថាញ់ភូ ស្រុកមីស្វៀងចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារ។
បងស្រី ត្រឹងវឿន នៅឃុំថាមដូង ឱ្យដឹង៖ “ទោះបីគ្រួសារមានផ្ទៃដីដាំដំណាំរួមផ្សំ ៣ កុង ប៉ុន្តែគ្រួសារខ្ញុំនៅតែខ្វះមុខខ្វះក្រោយ។ ចាប់ពីពេលបានរដ្ឋឧបត្ថម្ភបុលទុន និងបង្រៀនវិជ្ជាជីវៈ ទើបខ្ញុំមានលក្ខណៈធ្វើការរកស៊ី។ បច្ចុប្បន្ន គ្រាន់តែគិតពីការត្បាញកំប្លោករៀងរាល់ខែ ខ្ញុំក៏រកប្រាក់ចំណូលបានប្រមាណ ៤ លានដុង ហើយរួមជាមួយនឹងលក់គ្រឿងទេសនៅផ្ទះទៀត ម្ល៉ោះហើយក៏រកប្រាក់ចំណូលបានគ្រាន់បើដែរ។ ចំណែកប្តីខ្ញុំគាត់ដាំដំណាំរួមផ្សំ ប្រមូលផលខួបប្រាំងវស្សា។ ពេលទំនេរ ប្តីខ្ញុំគាត់ដើរធ្វើការឈ្នួល ដូចជា៖ ព្រោះស្រូវ បាញ់ថ្នាំ។ល។ ឱ្យមាមីងនៅក្នុងភូមិស្រុក ដើម្បីរកប្រាក់ចំណូលបន្ថែម។ អាស្រ័យហេតុនោះ ខ្ញុំសន្សំប្រាក់សង់បានផ្ទះឥដ្ឋសមរម្យ និងគិតគូរឱ្យកូនៗពីរនាក់រៀនសូត្របានត្រឹមត្រូវ”។ ចំណែកបងថាច់ហ្វាងដែប នៅឃុំថាញ់ភូ ឱ្យដឹង៖ “អាស្រ័យបានរដ្ឋសង់ផ្ទះឱ្យ និងឧបត្ថម្ភបុលទុន ៥០ លានដុង ទើបប្តីប្រពន្ធខ្ញុំមានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ច។ ឥឡូវនេះ គ្រួសារខ្ញុំរកបានប្រាក់ចំណូលរៀងរាល់ថ្ងៃពីផ្ទៃដីដាំដំណាំរួមផ្សំ ២ កុង។ ចំណែកកូនប្រុសធ្វើកម្មករនៅក្រុមហ៊ុន ច្នៃជលផល រកបានប្រាក់ចំណូលលំនឹងដែរ។ ខ្ញុំមានសេចក្តីត្រេកអរក្រៃលែង ដោយសារបានរដ្ឋយកចិត្តទុកដាក់សង់ផ្ទះឱ្យ ព្រមទាំងឧបត្ថម្ភទុនរកស៊ី ទើបគ្រួសារខ្ញុំមានលក្ខណៈពង្រីកសេដ្ឋកិច្ច ចាកផុតពីភាពក្រីក្រ”។
លោកផាមមិញហ្វែ ប្រធានគណៈកម្មាធិការប្រជាជនស្រុកមីស្វៀង ឱ្យដឹង៖ “នៅដើមអាណត្តិ ២០២០-២០២៥ ស្រុកមីស្វៀង មានអត្រាគ្រួសារក្រីក្រជិត ៥% មកទល់ពេលនេះ អត្រាគ្រួសារក្រីក្រនៅក្រោម ១%។ ប្រការនេះ បានបញ្ជាក់ឱ្យឃើញថា ជាមួយនឹងគោលនយោបាយវិនិយោគទាន់ពេល ព្រមជាមួយនឹងភាពរវៀសរវៃក្នុងការផ្គួបបញ្ចូលកម្មវិធីចំនួន ៣ បានបង្កជាប្រភពកម្លាំងយ៉ាងធំធេង ដើម្បីវិនិយោគដល់ការងារកាត់បន្ថយភាពក្រីក្រនៅភូមិភាគ។ គោលនយោបាយវិនិយោគមានប្រសិទ្ធភាព បានផ្ដល់ទំទុកចិត្តនិងជាកម្លាំងចលករជូនគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ មានភាពជឿជាក់ជ្រើសរើសទម្រង់រកស៊ីសមស្របជាមួយលក្ខណៈគ្រួសារ និងភូមិភាគ ដើម្បីឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព”៕
យ្វីអាញ-វិមាន