មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

28/10/2024 - 16:54

កសិករ​ខ្មែរ​រក​បាន​ប្រាក់​ចំ​ណូល​ខ្ពស់​ដោយ​សារ​ដាំ​ក្រូច​ឆ្មារ​គ្មាន​គ្រាប់​ 

ពូ​ថាច់​ស៊ី​ម៉ាច នៅ​ភូមិ​មីទ្រុង​ ឃុំ​ថៀង​មី ស្រុក​ត្រា​អូង​ ខេត្ត​វិញ​ឡុង​ ឈាន​ឡើង​ធូរ​ធារ​ដោយ​សារ​ដាំ​ក្រូច​ឆ្មារ​គ្មាន​គ្រាប់។​

ពូថាច់​ស៊ី​ម៉ាច។​

តាម​ប្រ​សាសន៍​ពូថាច់​ស៊ី​ម៉ាច ក្រូច​ឆ្មារ​គ្មាន​គ្រាប់​អាច​ដាំ​ក្នុង​លក្ខណៈ​ធម្ម​តា​ បើ​ថែ​ទាំ​បាន​ល្អ​នោះ​ ក្រោយ​ពី​ដាំ​ ២ ឆ្នាំ​អាច​ផ្តល់​ផ្លែ​ ហើយ​ប្រ​មូល​ផល​ម្តង​ៗ​គម្លាត​គ្នា​ពី​ ២ ដល់​ ៣ សប្តាហ៍។​ ប្រ​មូល​ផល​មួយ​លើក​ៗ​បាន​ប្រ​មាណ ៨០០ គីឡូ​ក្រាម​ឡើង​ទៅ​លក់​ក្នុង​តម្លៃ​ពី​ ១០.០០០ - ៣០.៥០០ ដុង​/គីឡូ​ក្រាម​ គាត់​រក​បាន​ប្រាក់​ចំ​ណេញ​ពី​ ២០០ ដល់​ ៣០០ លាន​ដុង​រៀង​រាល់​ឆ្នាំ។​ និយាយ​អំ​ពី​ការ​បង្វែរ​ពី​ផ្ទៃ​ដី​ធ្វើ​ស្រែ​មិន​សូវ​បាន​ផល​ ១០ កុង​មក​ដាំ​ក្រូច​ឆ្មារ​គ្មាន​គ្រាប់​ ពូស៊ី​ម៉ាច ឱ្យ​ដឹង៖ “ដោយ​សារ​ធ្វើ​ស្រែ​រក​ប្រាក់​ចំ​ណូល​មិន​លំ​នឹង​ និង​មិន​គ្រប់​ចាយ​វាយ​ក្នុង​គ្រួ​សារ​ដែល​មាន​មនុស្ស​ជិត​ ១០ នាក់ ម្ល៉ោះ​ហើយ​ ខ្ញុំ​បាន​ពិភាក្សា​ជា​មួយ​គ្រួ​សារ​បង្វែរ​មក​ដាំ​ក្រូច​ឆ្មារ​គ្មាន​គ្រាប់​វិញ។​ ទម្រង់​នេះ​បាន​រក្សា​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ជាង​ ៧ ឆ្នាំ​ហើយ​ ក្រូច​ឆ្មារ​នៅ​លូត​លាស់​ល្អ​ និង​ផ្តល់​ប្រាក់​ចំ​ណូល​គ្រាន់​បើ​។​ អា​ស្រ័យ​ហេតុ​នោះ​ សេដ្ឋ​កិច្ច​គ្រួ​សារ​បាន​លំ​នឹង​ជាង​មុន​ និង​ចិញ្ចឹម​កូន​រៀន​សូត្រ​សម្រេច​ជោគ​ជ័យ​ សង់​ផ្ទះ​បាន​សមរម្យ​ និង​ទិញ​ម​ធ្យោ​បាយ​ប្រើ​ប្រាស់​គ្រប់​សព្វ​។​ ថ្លៃ​លក់​ក្រូច​ឆ្មារ​មាន​ដំ​ណាក់​កាល​ខ្លះ​ឡើង​ដល់​ ៣០.៥០០ ដុង​/គីឡូ​ក្រាម​ ដោយ​បាន​ក្រុម​ហ៊ុន​ឯក​បុគ្គល​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ The Fruit Republic នៅ​ក្រុង​កឹង​ធើ ម៉ៅ​ទិញ​”។​

ពូម៉ាច បាន​ចែក​រំលែក ដើម្បី​ដំ​ណាំ​ក្រូច​ឆ្មារ​លូត​លាស់​ល្អ​ ក្រៅ​ពី​ផ្គត់​ផ្គង់​ទឹក​គ្រប់​គ្រាន់​ បង្ការ​កម្ចាត់​សត្វ​ល្អិត​និង​ជំ​ងឺ​បំ​ផ្លាញ​ គប្បី​កាត់​រំលស់​មែក​ដើម​ក្រូច​ជា​ប្រ​ចាំ។​ ប្រ​ការ​សំ​ខាន់​បំ​ផុត​ គឺ​ត្រូវ​ឧស្សាហ៍​ថែ​ទាំ​ដើម​ក្រូច​ឱ្យ​លូត​លាស់​ល្អ​ វា​នឹង​ផ្តល់​គុណ​ភាព​ផ្លែ​បាន​ល្អ។​ ដំ​ណាក់​កាល​ដាំ​ គឺត្រូវ​ដាំ​ចន្លោះ​ពី​ដើម​មួយ​ទៅ​ដើម​មួយ​ ៥ ម៉ែ​ត្រ ទំ​ហំ​ផ្ទៃ​ដាំ​ ៤ ម៉ែត្រ ផ្ទៃ​អណ្តូង​ ១,៦ ម៉ែត្រ។​ ផ្តើម​ពី​ដំ​បូង​ គប្បី​យក​ចិត្ត​ទុក​ដាក់​ជ្រើស​រើស​កូន​ពូជ​ដែល​មាន​ប្រ​ភព​ច្បាស់​លាស់​។​ ឧត្តម​ភាព​រ​បស់ដើម​ក្រូច​ឆ្មារ​គ្មាន​គ្រាប់​ បច្ចេក​ទេស​ថែ​ទាំ​គឺសាមញ្ញ​ ក្រូច​អាច​ដុះ​លូត​លាស់​លើ​ដី​ស្ទើរ​គ្រប់​ប្រ​ភេទ​ និង​ផ្តល់​ប្រាក់​ចំ​ណូល​ជា​ប្រ​ចាំ​ តម្លៃ​លំ​នឹង​។​ ថ្វី​ដ្បិត​ដូច្នោះ​ក្តី​ ក្រូច​ឆ្មារ​ក៏​ងាយ​នឹង​កើត​ជំ​ងឺ​អុជ​ជាំ​ និង​ស្នា​មនៅ​លើ​ផ្លែ​។​ អា​ស្រ័យ​ហេតុ​នោះ​ អ្នក​ចម្ការ​គប្បី​តាម​ដាន​ជា​ប្រ​ចាំ​ ដើម្បី​មាន​វិធាន​ការ​បង្ការ​កម្ចាត់​សម​ស្រប​។​ បច្ចុប្បន្ន​ ពូថាច់​ស៊ី​ម៉ាច នៅ​ទាំង​ដាំ​ក្រូច​ដំ​បែ​ឆ្លាស់​ក្នុង​ចម្ការ​ក្រូច​ឆ្មារ​ចំ​នួន​ ១.៥០០ ដើម​ មាន​ដំ​ណាក់​កាល​ខ្លះ​តម្លៃ​ឡើង​ដល់​ ១៣ ពាន់​ដុង​/គីឡូ​ក្រាម​ ជួយ​ឱ្យ​គាត់​មាន​ប្រ​ភព​ចំ​ណូល​បន្ថែម​គួរ​ឱ្យ​កត់​សម្គាល់។​

តាម​ប្រ​សាសន៍​លោក​ ហ្វិញ​កុង​ថាញ់ ប្រ​ធាន​សមា​គម​កសិករ​ឃុំ​ថៀង​មី ពូថាច់​ស៊ី​ម៉ាច ជា​កសិករ​មួយ​រូប​ ហ៊ាន​គិត​ហ៊ាន​ធ្វើ​។​  ផ្តើម​ពី​ផ្ទៃ​ដី​ ១០.០០០ ម៉ែត្រ​កា​រ៉េ​ គាត់​មោះ​មុត​បង្វែរ​ផលិត​កម្ម​ និង​ទទួល​បាន​ “ផល​ល្អ​” ។​ ដោយ​សារ​អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ផលិត ព្រម​ជា​មួយ​នឹង​ស្មារ​តី​ឧស្សាហ៍​ព្យា​យាម​ ទ្រាំ​លំ​បាក​ ក្រោយ​ពី​ដាំ​ដំ​ណាំ​ជា​ច្រើន​ឆ្នាំ​ ឃើញ​ថា​ សេដ្ឋ​កិច្ច​គ្រួ​សារ​ពូម៉ាច បាន​អភិវឌ្ឍ​បន្តិច​ម្តង​ៗ​។​ ដោយ​ប្រិត​សំ​ចៃ​ក្នុង​ការ​ចាយ​វាយ​ ឥឡូ​វសេដ្ឋ​កិច្ច​គ្រួ​សារ​ពូ​បាន​លំ​នឹង​ សង់​បាន​ផ្ទះ​សម​រម្យ​ កូន​ៗ​បាន​រៀន​សូត្រ​ត្រឹម​ត្រូវ​។​ អា​ស្រ័យ​ចូល​ចិត្ត​ដាំ​ដុះ​ ហេតុ​នោះ​ពូម៉ាច មាន​បទ​ពិសោធន៍​ជា​ច្រើន​ក្នុង​ផលិត​កម្ម​ និង​បាន​សមា​គម​កសិករ​គ្រប់​លំ​ដាប់​ថ្នាក់​ ជ្រើស​រើស​ទទួល​ស្គាល់​ជា​កសិករ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូកែ​នៅ​ភូមិ​ភាគ​។​ ថ្មី​ៗ​នេះ​ គាត់​ត្រូវ​បាន​ស្នើ​ឡើង​ថ្នាក់​លើ​ ទទួល​ស្គាល់​ជា​កសិករ​ផលិត​ពូកែ​ថ្នាក់​មជ្ឈិម...៕​

                                  ទ្រុក​ម៉ាយ​ - វិមាន​

ចែករំលែកអត្ថបទ