ហាយ៉ាង មានតំបន់ទេសចរណ៍ជាច្រើន ដែលគួរឱ្យចងចាំ ដូច៖ ក្រុងបុរាណដុងវ៉ាន់ ទន្លេញ៉ក្វេ វិមានស្តេចម៉ែវ និងផ្ទះរបស់ប៉ាវ៘ ប៉ុន្តែមាន២កន្លែងដែលញុាំងឱ្យភ្ញៀវទេសចរនឹកស្រណោះជានិច្ច នោះគឺផ្លូវជម្រាលភ្នំនិងដើមឈើទោល។
ដងផ្លូវជម្រាលភ្នំ។
ចាប់ពីបង្គោលឡាក់លេខ ០ នៅក្រុងហាយ៉ាង ឡើងទៅតំបន់ខ្ពង់រាបថ្មដុងវ៉ាន់ នៅមានដងផ្លូវចាស់មួយដែលមិនសូវពិបាកក្នុងការធ្វើដំណើរ មានទាំងព្រៃពកដ៏ស្រស់ស្អាត លាតសន្ធឹងវែងជាងដងផ្លូវសុភមង្គល ២០ គ.ម។ ម្យ៉ាងទៀត ផ្លូវចាស់ពិបាកពង្រីកឱ្យធំ ហើយមិនអាចអភិវឌ្ឍតំបន់ភ្នំនៅបណ្តាស្រុកអៀងបា ម៉ែវវ៉ាក ដុងវ៉ាន់៘ ម្ល៉ោះហើយ ដងផ្លូវជើងភ្នំក៏ចាប់ផ្តើមកើតមានឡើង។ ពិសេស ដងផ្លូវនេះបានបើកឱកាសថ្មីសម្រាប់ជនរួមជាតិភាគតិចនៅបណ្តាស្រុកតំបន់ភ្នំ ទើបត្រូវបានហៅថាដងផ្លូវសុភមង្គល។ ដូច្នេះ ផ្លូវត្រូវបានបើកនៅតាមជម្រាលភ្នំ មានភាពក្រវិចក្រវៀន កំណាត់ខ្លះឡើងខ្ពស់និងចោតចុះទាប។ បណ្តោយតាមដងផ្លូវនោះ មានកន្លែងសំចត២កន្លែងដែលភ្ញៀវទេសចរស្ទើរតែទាំងអស់ចង់ឆៀងចូលដើម្បីគយគន់សម្រស់ធម្មជាតិដ៏ស្រស់ត្រកាល។
ដើមឈើទោល។
ប្រសិនបើចេញដំណើរពីទីប្រជុំជនអៀងមិញ ភ្ញៀវទេសចរអាចនឹងមកដល់ដើមឈើទោលមុន។ តាមពាក្យតំណាលរបស់ប្រជាជនអ្នកភូមិ ក្នុងដំណាក់កាលដែលជីកទម្លាយភ្នំ រំលំដើមឈើពង្រីកផ្លូវ ដើមឈើនេះមិនអាចកាប់បានឡើយ។ ផ្ដើមពីនោះ ក៏មានរឿងនិទានជាច្រើនត្រូវបានតំណាលតៗគ្នាអំពីដើមឈើនេះផងដែរ។ ពីព្រោះដើមឈើមានតែមួយដើម ដូច្នេះត្រូវបានហៅថា ដើមឈើទោល។ មិនដឹងពិតឬមិនពិតយ៉ាងណានោះទេ ប៉ុន្តែនោះជាដើមឈើដ៏ធំខ្ពស់ ចោលម្លប់ត្រឈឹងត្រឈៃនិងត្រង់ទៅលើ។ ដើមឈើហាក់ដូចជានិមិត្តរូបនៃកម្លាំងស៊ូទ្រាំលំបាកនឿយហត់របស់ប្រជាជនហាយ៉ាង ខណៈនៅទីនេះដែលភាគច្រើនសុទ្ធតែជាថ្ម។ ដើមឈើនៅជ្រងោអស់រយៈពេលជាច្រើនឆ្នាំ ហើយឯកោតែឯង។
ពេកព្រឹកព្រិលធ្លាក់នៅដងផ្លូវជម្រាលភ្នំ។
ផ្លូវជម្រាលភ្នំគឺជាកន្លែងដែលចាស់បុរាណជ្រើសរើសដើម្បីល្បងសេះ។ សេះណាដែលបោលឆ្លងផុត៩កំណាត់ផ្លូវក្រវិចក្រវៀនដើម្បីឡើងទៅដល់កន្លែងសំចតនោះគឺសេះពូកែ។ សេះណាដែលទន់ជង្គង់នៅតាមផ្លូវ នោះនឹងត្រូវបានធ្វើសាច់ជាមិនខាន។ ប៉ុន្តែចាប់ពីពេលធ្វើជាទេសចរណ៍មក កន្លែងសំចតដើម្បីគយគន់ជម្រាលភ្នំបត់បែននេះ គួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។ ពីព្រោះមានស្រ្តីនិងក្មេងៗជនជាតិម៉ុង តែងកាច់ផ្កាឈើព្រៃ មកជូនភ្ញៀវទេសចរសម្រាប់ថតរូប។ រីឯយុវជនវិញ គឺផ្លុំគែនឮស្រងេះស្រងោច។ មកទីនេះក្នុងថ្ងៃមានភ្លៀង គឺមិនសូវមានភ្ញៀវប្រជ្រៀតជើងគ្នា ភ្ញៀវទេសចរគយគន់ដងផ្លូវជម្រាលតាមចំណង់ចំណូលចិត្ត ខណៈតំណក់ទឹកភ្លៀងស្រក់តក់ៗ លើផែនថ្ម មែករុក្ខជាតិ តិណជាតិបត់បែនហាក់បីដូចក្នុងផ្ទាំងគំនូរអ៊ីចឹង។ ទេសភាពដែលយើងកំពុងគយគន់គឺហាក់ដូចក្នុងភាពយន្តបុរាណ៘
បើចង់គយគន់ផ្លូវក្រវិចក្រវៀន ភ្នំតូចភ្នំធំខ្ពស់ស្កឹមស្កៃក្នុងតំណក់ភ្លៀងរលឹមស្រិចៗនិងទទួលទាននំតាមយ៉ាកអាំង៘ នោះមានតែទៅកាន់ហាយ៉ាងទេ៕
ហាថាញ- លីសៀ