10/04/2026 - 13:37

ជន​រួម​ជាតិ​ខ្មែរ​រៀប​ចំ​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី 

ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ជនរួមជាតិ​ខ្មែរ​នៅ​ទី​ក្រុង​កឹង​ធើ​បាន​លើក​កម្ពស់​ជា​បន្ត​បន្ទាប់។ ក្នុង​បរិ​យា​កាស​ដ៏​សប្បាយ​រីក​រាយ​នោះ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ​ជិត​ឈាន​ចូល​មក​ដល់ មា​មីង​កំ​ពុង​ម​មា​ញឹក​បោស​សម្អាត រៀប​ចំ​អា​សនៈ​ដូន​តា។ ចំ​ណែក​នៅ​តាម​វត្ត​អា​រាម​ខ្មែរ​នា​នា ក៏​បាន​តាក់​តែង​លម្អ​យ៉ាង​ស្អាតបាត។

ព្រះ​សង្ឃ​វត្ត​ព្រែក​អណ្តើក ឃុំ​ញូ​យ៉ា កំ​ពុង​តាក់​តែង​វត្ត​ដើម្បី​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី ឆ្នាំ​២០២៦។

ប៉ុន្មាន​ថ្ងៃ​​នេះ នៅ​វត្ត​ព្រែក​អណ្តើក ឃុំ​ញូ​យ៉ា ព្រះ​សង្ឃ​និង​ពុទ្ធ​បរិ​ស័ទ​កំ​ពុង​ម​មា​ញឹក​ជួស​ជុល លាប​ថ្នាំ​ព្រះ​ពុទ្ធ​រូប និង​សំ​ណង់​ផ្សេងៗ​ក្នុង​វត្ត ព្រម​ទាំង​រៀប​ចំ​តាក់​តែង​សោ​ភណ​ភាព​បង្ហាញ​ឡើង​វិញ​នូវ​ទិដ្ឋ​ភាព​បុណ្យ​ចូល​ឆ្នាំ​ពី​បុ​រាណ។ ព្រះ​តេជ​គុណ ឡឹម​ច័ន្ទ​សំ​ណាង ព្រះ​ចៅ​អធិ​ការ​វត្ត​ព្រែក​អណ្តើក មាន​ថេរ​ដី​កា៖ “ដើម្បី​ទាក់​ទាញ និង​បង្ក​បរិ​យា​កាស​សប្បាយ​រីក​រាយ ជ្រះ​ថ្លា​ជូន​ពុទ្ធ​បរិ​ស័ទ​ពេល​មក​វត្ត​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ក្រៅ​ពី​ផ្នែក​សំ​ខាន់ៗ​មិន​អាច​ខ្វះ​បាន​ដូច​ជា៖ កន្លែង​រៀប​ចំ​ពិ​ធី​ទទួល​ទេវ​តា​ឆ្នាំ​ថ្មី ពូន​ភ្នំ​ខ្សាច់ វត្ត​នៅ​ទាំង​តាក់​តែង​បន្ថែម​ ​តាំង​បង្ហាញ​ឧប​ករណ៍​កសិ​កម្ម ផ្សារ​ភ្ជាប់​នឹង​ជីវ​ភាព​របស់​មា​មីង​ជនរួម​ជាតិ​ខ្មែរ រួម​មាន៖ កញ្ជើ ត្បាល់​អង្រុត​ជា​ដើម ដើម្បី​រក្សា​នូវ​អត្ត​សញ្ញាណ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ល្អ​ផូរ​ផង់​របស់​ជន​ជាតិ​យើង”។

មិន​ត្រឹម​តែ​នៅ​តាម​វត្ត​អា​រាម​ខ្មែរ​ប៉ុណ្ណោះ​ទេ គ្រួ​សារ​ខ្មែរ​ជា​ច្រើន​នៅ​សង្កាត់​មី​ស្វៀង ក៏​កំ​ពុង​មមា​ញឹក​បោស​សម្អាត តាក់​តែង​ផ្ទះ​សម្បែង​ដើម្បី​ទទួល​បុណ្យ​ចូល​ឆ្នាំ​ផង​ដែរ។ តាម​សម្តី​បង​ស្រី លី​ធី​ហ្វៀង នៅ​មណ្ឌល​ដាយ​ជី ពី​មុន​គ្រួ​សារ​គាត់​មាន​ជីវ​ភាព​លំ​បាក ក្រោយ​មក​បាន​រដ្ឋ​អំ​ណាច​បង្ក​លក្ខណៈ​ឱ្យ​បុល​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម បង​ស្រី​ក៏​បាន​វិនិ​យោគ​លើ​របរ​ចិញ្ចឹម​គោ​ទឹក​ដោះ។ បង​ស្រី លី​ធី​ហ្វៀង បាន​ឱ្យ​ដឹង៖ “អា​ស្រ័យ​រក​បាន​ចំ​ណូល​ជាង ១០០ លាន​ដុង​ក្នុង​មួយ​ឆ្នាំ​ពី​ទម្រង់​ចិញ្ចឹម​គោ​ទឹក​ដោះ ទើប​ជីវ​ភាព​គ្រួ​សារ​នាង​ខ្ញុំ​បាន​ធូរ​ធារ ទទួល​បុណ្យ​ចូល​ឆ្នាំ​ឆ្នាំ​នេះ​បាន​កក់​ក្តៅ និង​បរិ​បូរណ៍​ជាង​មុន។ នាង​ខ្ញុំ​មាន​បំ​ណង​ឱ្យ​បក្ស​និង​រដ្ឋ បន្ត​មាន​គោល​នយោ​បាយ​អា​ទិភាព​បន្ថែម​ទៀត​សម្រាប់​តំ​បន់​ជន​ជាតិ​ខ្មែរ ជួយ​មា​មីង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច លើក​កម្ពស់​គុណ​ភាព​រស់​នៅ ដើម្បី​ឱ្យ​អ្នក​ណា​ក៏​បាន​ទទួល​បុណ្យ​ចូល​ឆ្នាំ​ក្នុង​ក្តី​សប្បាយ​រីក​រាយ និង​សម្បូរ​រុង​រឿង”។

អ្នក​មីង​ទ្រីវ​ធី​ជិញ នៅ​ឃុំ​លីវ​ទូ កំ​ពុង​បោស​សម្អាត រៀប​ចំ​អា​សនៈ​ដូន​តា ដើម្បី​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី ។

ប្រ​ហែល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ឆ្នាំ​នេះ គឺ​ជា​បុណ្យ​ចូល​ឆ្នាំ​ដ៏​កក់​ក្តៅ​បំ​ផុត​របស់​គ្រួ​សារ​អ្នក​មីង​ទ្រីវ​ធី​ជិញ នៅ​ភូមិ​បឹង​ទ្រៀក ឃុំ​លីវ​ទូ ដ្បិត​អី ឆ្នាំ​នេះ​គ្រួ​សារ​អ្នក​មីង​បាន​ទទួល​បុណ្យ​ចូល​ឆ្នាំ​ក្នុង​ផ្ទះ​ថ្មី​ដ៏​រឹង​មាំ។ អ្នក​មីង​ជិញ បាន​រៀប​រាប់​ដោយ​ក្តី​រំភើប៖ “ពី​មុន​គ្រួ​សារ​ខ្ញុំ​រស់​នៅ​ក្នុង​ផ្ទះ​ស្លឹក​ទ្រុឌ​ទ្រោម ពេល​មេឃ​ភ្លៀង​ត្រូវ​ទៅ​ជ្រក​ផ្ទះ​សាច់​ញាតិ។ ឥ​ឡូវ​នេះ បាន​ឧបត្ថម្ភ​ផ្ទះ​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច ចាប់​ពី​ពេល​នេះ​ទៅ​គ្រួ​សារ​ខ្ញុំ​លែង​ព្រួយ​បា​រម្ភ​រាល់​ពេល​មាន​ភ្លៀង​ធ្លាក់​ទៀត​ហើយ”។ តាម​នោះ ដំ​ណាក់​កាល ២០២១ - ២០២៥ ទី​ក្រុង​កឹង​ធើ​បាន​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី គម្រោង​នា​នា​ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម តំ​បន់​ជន​ជាតិ​ភាគ​តិច និង​តំ​បន់​ភ្នំ ក្នុង​នោះ គម្រោង ១ អំ​ពី​ការ​ដោះ​ស្រាយ​ស្ថាន​ភាព​ខ្វះ​ដី​លំ​នៅ​ឋាន លំ​នៅ​ឋាន ដី​ផលិត​ ទឹក​ស្អាត​ប្រើ​ប្រាស់... ដោយ​ប្រ​ភព​ទុន​សរុប​ជាង ៣១ ពាន់​លាន​ដុង។

តាម​រយៈ​ការ​អនុ​វត្ត​ល្អ​នូវ​រាល់​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស និង​រដ្ឋ ចំ​ពោះ​ការ​ងារ​ជន​ជាតិ​ក្នុង​រយៈ​ពេល​កន្លង បាន​រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​របស់​ប្រ​ជា​ជន ជា​ពិ​សេស​គឺ​មា​មីង​ជន​រួមជាតិ​ខ្មែរ ទិដ្ឋ​ភាព​ភូមិ​ស្រុក​កាន់​តែ​ផ្លាស់​ថ្មី​រីក​ចម្រើន ក្តី​សប្បាយ​រីក​រាយ​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​មា​មីង​កាន់​តែ​ពេញ​បរិ​បូរណ៍ និង​កក់​ក្តៅ៕

ថាញ​វ៉ាង - ថាច់​ធី

ចែករំលែកអត្ថបទ