ខុសពីចូលឆ្នាំសកល ឬបុណ្យចូលឆ្នាំវៀតណាមដែលមានកាលបរិច្ឆេទកំណត់ច្បាស់លាស់ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ មានលក្ខណៈពិសេសដោយឡែក ថ្ងៃទទួលទេវតាឆ្នាំថ្មី (ថ្ងៃសង្ក្រាន្ត) និងវេលាឆ្លងឆ្នាំ តែងតែផ្លាស់ប្តូរទៅតាមឆ្នាំនីមួយៗ។ ការផ្លាស់ប្តូរនេះ មានប្រភពមកពីការគណនាតាមក្បួនហោរាសាស្ត្រយ៉ាងម៉ត់ចត់ ផ្អែកលើដំណើរគោចរនៃព្រះអាទិត្យ គួបផ្សំនឹងរឿងព្រេងនិទានដែលជាកេរដំណែលប្រជាប្រិយខ្មែរ បានបង្កើតឱ្យមានពិធីបុណ្យដ៏សំខាន់មួយសម្រាប់អរគុណដល់ធម្មជាតិ គោរពដល់បុព្វការីជន និងបួងសួងសុំឱ្យឆ្នាំថ្មីមានសេចក្តីសុខ សម្បូរសប្បាយនិងសុវត្ថិភាព។
បុណ្យចូលឆ្នាំថ្មី គឺជាពិធីបុណ្យធំមួយរបស់ជនរួមជាតិខ្មែរ ដែលពាក់ព័ន្ធនឹងរឿងព្រេងអំពីធម្មបាលកុមារ គឺជាតួអង្គក្នុងរឿងព្រេងបុរាណខ្មែរ ដែលត្រូវបានចាត់ទុកថាជាបុព្វជាតិ ឬជាតិមុនរបស់ព្រះពុទ្ធសក្យមុនី (ព្រះពោធិសត្វ)។ តាមរឿងព្រេងបាននិយាយថា ធម្មបាលកុមារ គឺមានប្រាជ្ញាលើសមនុស្សធម្មតា បានរៀនចេះចប់គម្ពីរត្រៃវេទនិងមានសមត្ថភាពដ៏ពិសេស អាចស្តាប់និងយល់ភាសាសត្វបាន។ កិត្តិស័ព្ទរបស់ធម្មបាលកុមារ បានធ្វើឱ្យកបិលមហាព្រហ្មចាប់អារម្មណ៍ ហើយបានចុះមកសាកល្បងប្រាជ្ញា ដោយដាក់ប្រស្នា ៣ ខ អំពីសិរី ៣ ប្រការរបស់មនុស្ស ក្នុងលក្ខខណ្ឌថា រយៈពេល ៧ ថ្ងៃបើដោះមិនរួចនឹងត្រូវកាត់ក្បាល។ ប្រស្នាទាំង ៣ ខនោះសួរថា៖ ពេលព្រឹក សិរីស្ថិតនៅត្រង់ណា? ពេលថ្ងៃត្រង់ សិរីស្ថិតនៅត្រង់ណា? ពេលល្ងាច សិរីស្ថិតនៅត្រង់ណា? ។ លុះកន្លងទៅ ៦ ថ្ងៃហើយ ធម្មបាលកុមារ មិនអាចរកចម្លើយបាន ហើយមានការខកចិត្តយ៉ាងខ្លាំង ក៏បានរត់គេចខ្លួនចេញទៅឱ្យស្លាប់ដោយខ្លួនឯងប្រសើរជាង។ ប៉ុន្តែ នៅពេលដែលនឿយហត់ ធម្មបាលកុមារ ក៏សម្រាកនៅក្រោមដើមត្នោត ដោយមានសមត្ថភាពចេះស្ដាប់ភាសាសត្វ ធម្មបាលកុមារ បានស្តាប់ឮសត្វឥន្ទ្រីមួយគូនិយាយគ្នាអំពីមរណភាពរបស់ខ្លួន និងបង្ហាញចម្លើយសម្រាប់ប្រស្នាទាំង ៣ នោះ។ ទីបំផុត ធម្មបាលកុមារ អាចឆ្លើយប្រស្នាបានត្រឹមត្រូវ កបិលមហាព្រហ្ម ក៏ព្រមកាត់ព្រះសិរសា (ក្បាល) ខ្លួនឯងតាមកិច្ចសន្យា។

ព្រះសិរសាកបិលមហាព្រហ្ម គឺជានិមិត្តរូបមួយដែលពាក់ព័ន្ធនឹងរឿងព្រេងនិទានបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
តាមប្រពៃណីពីបុរាណ បុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ តែងតែប្រារព្ធនៅខែមិគសិរ ប៉ុន្តែដោយសារពេលវេលាខែនេះមិនអំណោយផល ទើបពិធីបុណ្យនេះត្រូវបានប្តូរមកប្រារព្ធតាមប្រតិទិនសុរិយាគតិវិញ។ តាមសុរិយាគតិ ពេលវេលាចាប់ផ្តើមចូលឆ្នាំថ្មី ត្រូវបានគណនាផ្អែកលើដំណើរគោចរនៃព្រះអាទិត្យ ហៅថា សង្ក្រាន្ត។ ពាក្យ “សង្ក្រាន្ត” មានន័យថា ការផ្លាស់ទីការឆ្លងកាត់ឬដំណើរឃ្លាតចាកទី ដើម្បីបញ្ជាក់ពីពេលវេលាផ្លាស់ប្តូរពីមីនរាសី ចូលទៅសរាសី ដែលជាដើមឆ្នាំនៃប្រតិទិនសុរិយាគតិ។
ដូចដែលយើងធ្លាប់ឃើញ ពិធីបុណ្យចូលឆ្នាំថ្មី ត្រូវបានប្រារព្ធនៅពាក់កណ្ដាលខែមេសា តាមប្រតិទិនសុរិយាគតិរៀងរាល់ឆ្នាំ ហើយមានរយៈពេល ៣ ឬ ៤ ថ្ងៃ។ យោងតាមការគណនារបស់អ្នកហោរាសាស្ត្រ រយៈពេលនៃពិធីបុណ្យចូលឆ្នាំថ្មី ដោយផ្អែកលើការគណនានៃក្បួនមហាសង្ក្រាន្ត។ យោងតាមក្បួនហោរាសាស្ត្របុរាណ ប្រសិនបើពេលវេលាទេវតាឆ្នាំថ្មីយាងចុះមក (ថ្ងៃសង្ក្រាន្ត) ស្ថិតនៅចន្លោះចាប់ពីម៉ោង ០០:០០ ដល់មុនម៉ោង ២០:០០ នោះពិធីបុណ្យចូលឆ្នាំថ្មីនឹងមានរយៈពេល ៣ ថ្ងៃ។ ប៉ុន្តែ ប្រសិនបើពេលវេលាទេវតាឆ្នាំថ្មីយាងចុះមក (ថ្ងៃសង្ក្រាន្ត) ស្ថិតនៅចន្លោះចាប់ពីម៉ោង ២០:០០ ដល់ម៉ោង ២៤:០០ នោះព្រះអាទិត្យមិនទាន់ផ្លាស់ទីពេញលេញចូលទៅកាន់មេសរាសីទេ ដូច្នេះត្រូវបន្ថែមមួយថ្ងៃទៀត ហៅថា វ័នបត ដែលឆ្នាំនោះពិធីបុណ្យចូលឆ្នាំថ្មីមានរយៈពេល ៤ ថ្ងៃ។ មិនមែនកំណត់ថា រៀងរាល់ ៤ ឆ្នាំ ត្រូវមានពិធីបុណ្យចូលឆ្នាំថ្មី ៤ ថ្ងៃម្តងនោះទេ ប៉ុន្តែ អាស្រ័យលើពេលវេលាដែលទេវតាឆ្នាំថ្មីយាងចុះមក (ថ្ងៃសង្ក្រាន្ត)។
សម្រាប់កំណត់ថ្ងៃចាប់ផ្តើមចូលឆ្នាំថ្មី តាមប្រតិទិនសុរិយាគតិ គឺថ្ងៃទី ១៤ ខែមេសា ដែលយើងឃើញសព្វថ្ងៃ គ្រាន់តែមានលក្ខណៈប្រហាក់ប្រហែលប៉ុណ្ណោះ ពីព្រោះរយៈពេលប្រហែល ៧០ ឆ្នាំម្តង ការកំណត់ពេលវេលានេះនឹងផ្លាស់ប្តូរឡើងមួយថ្ងៃ។ ជាក់ស្តែងឃើញថា នៅសតវត្សរ៍មុន បុណ្យចូលឆ្នាំថ្មីភាគច្រើនចាប់ផ្តើមចន្លោះពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែមេសា ហើយបើឆ្នាំណាមានថ្ងៃវ័នបត ២ នោះពិធីបុណ្យចូលឆ្នាំថ្មី នឹងចាប់ផ្តើមពីថ្ងៃទី១២ ខែមេសា។ នៅអនាគត ការកំណត់ពេលវេលានេះ នឹងផ្លាស់ប្តូរទៅជិតថ្ងៃទី ១៥ ខែមេសា ហើយនឹងបន្តផ្លាស់ប្តូរទៅមុខជានិច្ច មិនមានថ្ងៃណាមួយថេរជាប់លាប់តាមប្រតិទិនសុរិយាគតិឡើយ។
បន្ថែមពីនេះ ពេលវេលាដែលទេវតាឆ្នាំថ្មីយាងចុះមក (ថ្ងៃសង្ក្រាន្ត) មិនដែលថេរនៅក្នុងម៉ោងឬថ្ងៃតែមួយនោះទេ គឺប្រែប្រួលជារៀងរាល់ឆ្នាំទៅតាមក្បួនតម្រាបុរាណ ប៉ុន្តែផ្លាស់ប្តូរតាមការកំណត់មួយជាបន្តបន្ទាប់។ ការកំណត់នេះបង្កើតបានជាវដ្ត ដោយ៖ ប្រសិនបើឆ្នាំនេះពេលចូលឆ្នាំថ្មី ប្រារព្ធឡើងនៅពេលព្រឹក ឆ្នាំក្រោយនឹងផ្លាស់ទៅពេលរសៀល ឆ្នាំបន្ទាប់ទៀត នឹងទៅពេលល្ងាច ហើយឆ្នាំបន្ទាប់ទៀត នឹងទៅពេលអធ្រាត្រ ឬពេលទៀបភ្លឺ វដ្តនេះនឹងបន្តកើតឡើងជាបន្តបន្ទាប់ ដោយមានលក្ខណៈជាចំណុចសំខាន់នៃការគណនាពេលវេលាក្នុងពិធីបុណ្យចូលឆ្នាំថ្មី។
មិនត្រឹមតែប៉ុណ្ណោះ ពេលវេលាដែលទេវតាឆ្នាំថ្មីយាងចុះមក (ថ្ងៃសង្ក្រាន្ត) នៅទាំងបង្ហាញពីឥរិយាបទគង់លើសត្វជាពាហនៈរបស់ទេពធីតាទាំងឡាយ។ ជាក់ស្តែង៖ ប្រសិនបើពេលវេលាចូលឆ្នាំថ្មី ចូលមកចន្លោះពីពេលព្រឹកដល់ពេលថ្ងៃត្រង់ ទេពធីតានឹងទ្រង់ឈរលើខ្នងសត្វជាពាហនៈ; ពីថ្ងៃត្រង់ដល់ល្ងាច ទេពធីតាទ្រង់មានកាយវិកាយអង្គុយចំហៀង; ពីល្ងាចដល់អធ្រាត្រ ទេពធីតានឹងដេកបើកភ្នែក; ហើយប្រសិនសង្រ្កាន្តចូលមកពីអធ្រាត្រដល់ពេលទៀបភ្លឺ ទេពធីតាយាងចុះមានកាយវិការទ្រង់ដេកបិទភ្នែក។ ចំណុចពិសេសមួយទៀត គឺថ្ងៃក្នុងសប្តាហ៍ ដែលតំណាងឱ្យបុត្រីទាំង ៧ អង្គរបស់កបិលមហាព្រហ្ម តែងប្ដូរវេនគ្នាយ៉ាងទៀងទាត់។ ជាក់ស្តែង ថ្ងៃនេះនឹងផ្លាស់ទៅមុខត្រឹមតែ ១ ឬ ២ ថ្ងៃប៉ុណ្ណោះ ហើយមិនមានការច្របូកច្របល់ឡើយ។
យ៉ាងណាក៏ដោយ វិធីគណនាថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពេលវេលាដែលទេវតាឆ្នាំថ្មីយាងចុះមក (ថ្ងៃសង្ក្រាន្ត) និងថ្ងៃឡើងស័ក បានអ្នកហោរាសាស្ត្រគណនាយ៉ាងច្បាស់លាស់ មិនមែនកំណត់ដោយចៃដន្យឡើយ។ ការគណនាផ្នែកតារាសាស្ត្រមានភាពប្រាកដប្រជានេះ បង្ហាញពីការរួមបញ្ចូលយ៉ាងប្រពៃ រវាងចំណេះដឹងវិទ្យាសាស្ត្រផ្នែកតារាសាស្ត្រ និងរឿងព្រេងប្រជាប្រិយ ក្នុងជីវភាពវប្បធម៌របស់ជនរួមជាតិខ្មែរ។
ពិធីបុណ្យចូលឆ្នាំថ្មី គឺជាឱកាសមួយសម្រាប់មនុស្សគ្រប់រូប រៀបចំជីវិតឡើងវិញឱ្យកាន់តែល្អប្រសើរ ព្រមជាមួយនោះ ដោយបោះបង់ទុក្ខព្រួយនិងអពមង្គលឆ្នាំចាស់។ ជាមួយគ្នានេះផងដែរ ក៏ជាពេលវេលាសម្រាប់អរគុណដល់ធម្មជាតិ អបអរសាទរចំពោះភោគផលកសិកម្ម និងបួងសួងសុំឱ្យឆ្នាំថ្មីមានភ្លៀងខ្យល់ធ្លាក់ស្មើ និងដំណាំដាំដុះបានផលកាក់កប។ លើសពីនេះ ពិធីបុណ្យចូលឆ្នាំថ្មី ក៏ជាឱកាសដ៏វិសេសវិសាលមួយសម្រាប់បង្ហាញការគោរពនិងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបុព្វការីជន មានជីដូនជីតា មាតាបិតា និងគ្រូបាអាចារ្យ។ តាមរយៈនោះ ក៏បន្តលើកកម្ពស់គុណធម៌ ព្រហ្មវិហារធម៌ ការអធ្យាស្រ័យ និងស្មារតីសាមគ្គីជិតស្និទ្ធក្នុងសង្គម៕
ស្រាវជ្រាវ៖ វឌ្ឍា
| ចែករំលែកអត្ថបទ |
|
ពាក្យគន្លឹះនាយក៖ ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។
