15/05/2026 - 06:39

រូប​តំ​ណាង​ព្រះ​នាង​គង្ហីង​ធរណី​ក្នុង​វប្ប​ធម៌​ខ្មែរ​​ 

ជា​ការ​រួម​បញ្ចូល​គ្នា​រវាង​ជំ​នឿ​ជីវ​ចល​និង​ព្រះ​ពុទ្ធ​សាស​នា នាង​គង្ហីង​ធរណី​គឺ​ជា​និមិត្ត​រូប​ដ៏​ពិ​សេស​ក្នុង​វប្ប​ធម៌​ខ្មែរ។ រូប​តំ​ណាង​នេះ​ឆ្លុះ​បញ្ចាំង​យ៉ាង​ពេញ​លេញ​នូវ​ផ្នត់​គំ​និត​ដ៏​មាន​សោ​ភ័ណ​​ភាព និង​ការ​គោ​រព​ចំ​ពោះ​ធម្ម​ជាតិ​របស់​ប្រ​ជា​ជន​តាំង​ពី​បុរាណ​កាល​មក។

រូប​សំ​ណាក​ព្រះ​នាង​គង្ហីង​ធរណី​នៅ​លើ​ចេតិយ។

នៅ​ក្នុង​សិល្បៈ​ព្រះ​ពុទ្ធ​សាស​នា​ខ្មែរ រូប​តំ​ណាង​នាង​គង្ហីង​ធរណី​ច្រើន​តែ​បាន​​បង្ហាញ​តាម​រយៈ​លើ​ផ្ទាំង​គំ​នូរ​ផ្ចាញ់​មារ (មារ​វិ​ជ័យ) ឬ​ត្រូវ​បាន​ឆ្លាក់​សម្រាប់​គោ​រព​បូ​ជា​ដាក់​ដោយ​ឡែក នៅ​ក្នុង​បរិ​វេណ​វត្ត ឬ​នៅ​តាម​ចេ​តិយ។ រូប​តំ​ណាង នេះ​ត្រូវ​បាន​បង្ហាញ​ដោយ​កាយ​វិការ​ដៃ​ទាំង​ពីរ​ចាប់​យក​សក់​ដ៏​វែង ហើយ​ច្បូត​ខ្លាំង​បង្កើត​ជា​​ទឹក​ជំ​នន់ ដ៏​ធំ​ធ្វើ​ឱ្យ​លិច​លង់​ពល​មារ​ដែល​មក​ផ្ចាញ់​ផ្ចាល​ព្រះ​សម្មា​សម្ពុទ្ធ។

ក៏​ប៉ុន្តែ យោង​គម្ពីរ​របស់​ព្រះ​ពុទ្ធ​សាស​នា មិន​មាន​រូប​តំ​ណាង​នាង​គង្ហីង​ធរ​ណី​នោះ​ទេ។ នៅ​ពេល​ដែល​ទេវ​បុត្រ​មារ​សួរ​ព្រះ​ពុទ្ធ​ថា តើ​នរ​ណា​ធ្វើ​ជា​សាក្សី​រតន​បល្ល័ង្ក​នេះ​ជា​របស់​ព្រះ​អង្គ ព្រះ​ពុទ្ធ​ក៏​ចង្អុល​ព្រះ​ហស្ត​ចុះ​ទៅ​ដី ហើយ​ត្រាស់​ថា “តថា​គត​ មាន​មហា​ប្រឹថ​ពី​ជា​សាក្សី” ពេល​នោះ​ផែន​ដី​ក៏​រញ្ជួយ​ញាប់​ញ័រ​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​ពល​មារ​រត់​ខ្ចាត់ ខ្ចាយ ដោយ​គ្មាន​សេចក្តី​បញ្ជាក់​ថា​នាង​គង្ហីង​ធរ​ណី លេច​មក​ហើយ​ច្បូត​សក់​ធ្វើ​ឱ្យ​មាន​ទឹក​ជំ​នន់​គួច​ពល​មារ​ឡើយ។

នៅ​ពេល​ទទួល​យក​ព្រះ​ពុទ្ធ​សាស​នា ជំ​នួស​ឱ្យ​ការ​រក្សា​រូប​ភាព​នៃ​មហា​ប្រឹថ​ពី ដែល​មាន​លក្ខណៈ​អរូ​បី ជន​ជាតិ​ខ្មែរ​បាន​ធ្វើ​ឱ្យ​មហា​ប្រឹថ​ពី ក្លាយ​ជា​រូប​តំ​ណាង​ព្រះ​នាង​គង្ហីង​ធរ​ណី។ នៅ​ក្នុង​ព្រះ​ពុទ្ធ​សាស​នា រាល់​ពេល​ធ្វើ​អំ​ពើ​ជា​កុ​សល តែង​មាន​ពិ​ធី​កិច្ច​ច្រូច​ទឹក (ទក្ខិ​​ណោ​ទក) ដើម្បី​ឧទ្ទិស​កុសល និង​ធ្វើ​សច្ចា​ប្រ​ណិ​ធាន។ ទឹក​ជំ​នន់​ដែល​ហូរ​ចេញ​ពី​សក់​របស់​ព្រះ​នាង​គង្ហីង​ធរណី គឺ​ជា​រូប​ភាព​ប្រៀប​​ធៀប​នៃ​អំ​ពើ​ជា​កុសល​ដែល​ព្រះ​អង្គ​បាន​សន្សំ​ក្នុង​អនេក​ជាតិ ដែល​ត្រូវ​បាន​រក្សា​ទុក​ដោយ​ព្រះ​នាង។ ពល​មារ​មិន​មែ​នប​រា​ជ័យ​ដោយ​អំ​ពើ​ហិង្សា​នោះ​ទេ គឺ​ត្រូវ​បាន​លិច​លង់​​ដោយ​ខ្សែ​ទឹក​នៃ​បារ​មី​ដែល​ព្រះ​សម្មា​សម្ពុទ្ធ​បាន​សន្សំ​ទុក​មក។

មុន​ពេល​ទទួល​សាសនា​ពី​ប្រ​ទេស​ឥណ្ឌា ជន​ជាតិ​ខ្មែរ​រស់​នៅ​ពឹង​ផ្អែក​លើ​ធម្ម​ជាតិ និង​ប្រ​កាន់​ខ្ជាប់​នូវ​ជំ​នឿ​ជីវ​ចល ជា​ពិ​សេស​ការ​គោ​រព​បូ​ជា អា​រក្ស អ្នក​តា ព្រះ​នាង​គង្គា ព្រះ​នាង​គង្ហីង​ធរ​ណី (អា​ទិ​ទេព​ទាំង​នេះ​មិន​មាន​រូប​តំ​ណាង​ច្បាស់​លាស់​ទេ)។ រាល់​ពេល​មាន​ការ​ភ័យ​ខ្លាច ឬ​ចង់​បន់​ស្រន់ គេ​តែង​តែ​បួង​សួង​បន់​ស្រន់​ចំ​ពោះ​អធិ​ធម្ម​ជាតិ​ទាំង​នេះ។

យោង​តាម​លោក​អា​ចារ្យ​ សឺ​នសេន​ នៅ​ភូមិ​ព្រែក​ឈ្វេង​ ឃុំ​ញូ​យ៉ា ក្នុង​ផ្នត់​គំ​និត​របស់​ជន​ជាតិ​ខ្មែរ ព្រះ​នាង​គង្ហីង​ធរ​ណី គឺ​ជា​ព្រះ​ម៉ែ​ដ៏​មាន​មេត្តា​ធម៌ តែង​តែ​ផ្តល់​​ធន​ធាន​ធម្ម​ជាតិ ជួយ​ឱ្យ​ដំ​ណាំ​លូត​លាស់​ល្អ និង​ភូមិ​ស្រុក​មាន​ភាព​សុខ​ក្សេម ក្សាន្ត។ ក្រោយ​ពេល​ប្រ​មូល​ផល​រួច អ្នក​ភូមិ​តែង​តែ​ប្រា​រព្ធ​ពិធី​បុណ្យ​កម្សាន្ត​ស្រុក ដើម្បី​រំលឹក​នឹក​គុណ​ចំ​ពោះ​ព្រះ​នាង​គង្ហីង​ធរណី ដែល​បាន​ផ្តល់​ភោគ​ផល​ដំ​ណាំ​ល្អ។

នៅ​ថ្ងៃ​ពេញ​បូណ៌​មី ខែ​អស្សុជ និង​ខែ​កត្តិក ជា​រៀង​រាល់​ឆ្នាំ ជន​ជាតិ​ខ្មែរ​តែង​តែ​ប្រា​រព្ធ​ពិធី​លយ​ប្រ​ទីប ដើម្បី​រំលឹក​គុណ​ដល់​ព្រះ​នាង​គង្ហីង​ធរ​ណី និង​ព្រះ​នាង​គង្គា ដែល​បាន​ទ្រ​ទ្រង់ រក្សា​មនុស្ស​លោក ព្រម​ទាំង​សុំ​ខមា​ទោស​អា​ទិ​ទេព​ធម្ម​ជាតិ​ទាំង​នេះ អា​ស្រ័យ​តែ​ក្នុង​រយៈ​ពេល​រស់​នៅ និង​ប្រ​កប​របរ​កសិ​កម្ម មនុស្ស​បាន​ធ្វើ​ឱ្យ​កខ្វក់ និង​ប៉ះ​ពាល់​ដល់​ផែន​ដី​និង​ប្រ​ភព​ទឹក។ ពាក្យ​សុំ​ខមា​ទោស​នេះ មាន​អត្ថ​ន័យ​មនុស្ស​សាស្ត្រ និង​ការ​អប់​រំ​យ៉ាង​ជ្រាល​ជ្រៅ​បំ​ផុត។ ពិធី​កិច្ច​នេះ​មិន​ត្រឹម​ជា​ពិធី​កិច្ច​នៃ​ជំនឿ​សាស​នា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​អត្ថ​ន័យ​​បង្ហាញ​ពី​ការ​ដឹង​គុណ និង​ការ​ការ​ពារ​ធម្ម​ជាតិ​របស់​ជន​រួម​ជាតិ​ខ្មែរ​តាំង​ពី​បុ​រាណ កាល​មក។

                                                    វឌ្ឍា​

ចែករំលែកអត្ថបទ