មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

22/05/2026 - 18:20

ខេត្តកាម៉ាវម្ចាស់ការផ្សព្វផ្សាយអនុវត្តផែនការទប់ទល់នឹងគ្រោះធម្មជាតិតាំងពីដំបូង 

ស្ថិតក្នុងទីតាំងភូមិសាស្ត្រពិសេសដែលមានប្រព័ន្ធទន្លេនិងព្រែកខ្វាត់ខ្វែង រួមមានដៃទន្លេជាង ១០០ ដែលហូរចាក់ទៅសមុទ្រ និងមានឆ្នេរសមុទ្រប្រវែង ៣១០ គីឡូម៉ែត្រ យោងតាមការវាយតម្លៃរបស់អ្នកជំនាញ និងស្ថាប័នសមត្ថកិច្ច ហានិភ័យនៃគ្រោះធម្មជាតិនៅខេត្តកាម៉ាវ មិនត្រឹមតែបង្កឡើងដោយបាតុភូតអាកាសធាតុខ្លាំងក្លាតាមរដូវកាលនោះទេ ប៉ុន្តែថែមទាំងបង្កប់នូវគ្រោះថ្នាក់ពីការប្រែប្រួលមិនប្រក្រតីនៃការកើនឡើងកម្រិតទឹកសមុទ្រផងដែរ។

ជាក់ស្តែងនៅចុងឆ្នាំ ២០២៥ កម្រិតទឹកនៅតាមស្ថានីយឧតុនិយមជាច្រើនកន្លែងក្នុងខេត្ត ដូចជា៖ កាម៉ាវ ណាំកាំង សុងដុកនិងហ្គាញ់ហាវ សុទ្ធតែបានកត់ត្រាពីការកើនឡើងហួសកម្រិតប្រកាសអាសន្នទី៣ ចាប់ពី ០,៣ ម៉ែត្រដល់ ០,៤៦ ម៉ែត្រ។ តាមប្រសាសន៍របស់លោក ត្រឿងវ៉ាំងភឿង អនុប្រធាននាយកដ្ឋានធារាសាស្ត្រ និងជាអនុប្រធានការិយាល័យនៃគណៈបញ្ជាការការពារស៊ីវិលខេត្តកាម៉ាវបានឱ្យដឹង ដើម្បីទប់ទល់ទៅនឹងការធ្លាក់ភ្លៀងខ្លាំង ខ្យល់កន្ត្រាក់ ផ្លេកបន្ទោរ ទឹកជំនន់និងការកើនឡើងនៃកម្រិតទឹក ទៅតាមកម្រិតហានិភ័យគ្រោះធម្មជាតិនៅលើភូមិសាស្រ្តខេត្តឆ្នាំ ២០២៦ ខេត្តបានផ្តុំកម្លាំងទៅលើផែនការចម្បងចំនួន ៣ ដើម្បីធានាបាននូវម្ចាស់ការ។

យោងតាមផែនការទី ១ បានលើកឡើង គឺមានភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយខ្យល់កន្ត្រាក់ និងរន្ទះ (ហានិភ័យកម្រិតទី១) ក្នុងនោះប្រមូលផ្តុំលើការងារព្យាករណ៍ទុកជាមុន និងការផ្សព្វផ្សាយព័ត៌មានជូនប្រជាជន។ វិស័យសាងសង់សហការជាមួយភូមិភាគណែនាំប្រជាជនក្នុងការចងរឹតផ្ទះសម្បែង ព្រមទាំងពិនិត្យប្រព័ន្ធការពាររន្ទះសម្រាប់សំណង់សំខាន់។

ដោយសាររងឥទ្ធិពលពីកម្តៅថ្ងៃអូសបន្លាយ ស្ថានភាពបាក់ច្រាំងទន្លេនៅខេត្តកាម៉ៅកាន់តែមានសភាពធ្ងន់ធ្ងរឡើង។

នៅក្នុងផែនការទី ២ នឹងកើតមានឡើងនូវការលិចលង់ដោយសារទឹកភ្លៀង រួមផ្សំនឹងទឹកជំនន់ (ហានិភ័យកម្រិត១-៣)៖ វិសាលភាពនៃការទប់ទល់ គឺផ្តោតសំខាន់លើឃុំ សង្កាត់នានាដែលនៅប្របមាត់សមុទ្រ ដោយមានខ្លឹមសារសំខាន់គឺសមុទ្រខាងលិច ទំនប់សមុទ្រខាងកើត ទំនប់ព័ទ្ធជុំវិញ ទំនប់ទប់ទឹកនិងទំនប់ការពារដីចិញ្ចឹមជលផលរបស់ប្រជាជន។

ផែនការទី៣ កម្រិតទឹកជំនន់ផ្សំជាមួយនឹងទឹកជោរទឹកនាច ដែលបង្កឱ្យមានកម្រិតទឹកកម្ពស់សរុបចាប់ពី ១,០ ម៉ែត្រដល់ ២,០ ម៉ែត្រ សម្រាប់តំបន់ប្របមាត់សមុទ្រខាងកើត និងប្របមាត់សមុទ្រខាងលិចនៃខេត្តកាម៉ាវ កម្រិតហានិភ័យដោយសារទឹកជំនន់ឡើងគឺកម្រិត ២ និងកម្រិតទឹកជំនន់ផ្សំជាមួយនឹងទឹកជោរទឹកនាច ដែលបង្កឱ្យមានកម្រិតទឹកកម្ពស់សរុបចាប់ពីលើ ២,០ ម៉ែត្រដល់ ៣,០ ម៉ែត្រ សម្រាប់តំបន់ប្របមាត់សមុទ្រខាងលិចនៃខេត្តកាម៉ាវ កម្រិតហានិភ័យដោយសារទឹកជំនន់ឡើងគឺកម្រិត៣។

នៅក្នុងផែនការនីមួយៗ សុទ្ធតែមានដំណាក់កាល និងជំហានដោះស្រាយខុសៗគ្នា ចាប់ពីថ្នាក់ខេត្ត រហូតដល់ថ្នាក់ឃុំ និងតាមគ្រួសារ សហគមន៍ប្រជាជន។ លោក ត្រឿងវ៉ាំងភឿង បានឱ្យដឹងបន្ថែម៖ ដើម្បីទប់ទល់ប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមខាងលើ ខេត្តបានពង្រឹងគណៈបញ្ជាការការពារស៊ីវិលគ្រប់លំដាប់ថ្នាក់ឱ្យបាន១០០% ដើម្បីធានាបាននូវការឯកភាពក្នុងកិច្ចចង្អុលការ។ ជាមួយពាក្យស្លោក "៤នៅនឹងកន្លែង" (បញ្ជាការនៅនឹងកន្លែង កងកម្លាំងនៅនឹងកន្លែង មធ្យោបាយនិងសម្ភារៈនៅនឹងកន្លែង ភស្តុភារនៅនឹងកន្លែង) ត្រូវបានកំណត់ថាជា "ឆ្អឹងខ្នង" នៅរាល់ផែនការទប់ទល់ទាំងអស់។

ព្រមជាមួយគ្នានេះដែរ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ត្រូវបានពង្រីកនិងជាជំហានៗ លើកកម្ពស់ព្រមៗគ្នា រួមមានបណ្តាផ្លូវជាតិសំខាន់ៗ ដូចជា៖ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៦៣ ផ្លូវក្វាងឡូ-ភុងហ៊ីប និងផ្លូវតំបន់ប្របមាត់សមុទ្រ ជួយតភ្ជាប់បណ្តាមជ្ឈមណ្ឌលរដ្ឋបាល តំបន់ផលិតនិងច្រកទ្វារនាំចេញ។ បណ្តា​ផ្លូវអន្តរឃុំត្រូវបានកែលម្អ បង្កលក្ខណៈងាយស្រួលសម្រាប់ការដឹកជញ្ជូនកសិផល - ជលផល និងការអភិវឌ្ឍវិស័យទេសចរណ៍។ ក្នុងពេលជាមួយគ្នានោះគមនាគមន៍ផ្លូវទឹកនៅតែរក្សាតួនាទីយ៉ាងសំខាន់ ជាមួយនឹងប្រព័ន្ធប្រឡាយខ្វាត់ខ្វែង តភ្ជាប់បណ្តាដៃទន្លេ និងកំពង់ផែត្រី ដូចជា៖ ហ្គាញ់ហាវ សុងដុក កាយដូយវ៉ាម... ជួយដល់ការដឹកជញ្ជូនទំនិញ ទាញយកផលពីជលផលនិងបម្រើដល់ជីវភាពរបស់ប្រជាជននៅតំបន់ដាច់ស្រយាល និងតំបន់ឆ្នេរសមុទ្រ។

ចំពោះហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស ខេត្តកាម៉ាវមានប្រព័ន្ធធារាសាស្ត្ររួមមាន លូទឹកចំនួន ២៦០ កន្លែងនិងស្ថានីយបូមទឹកចំនួន ៩៣ កន្លែង ដើរតួនាទីក្នុងការគ្រប់គ្រងជាតិប្រៃ បង្ការទឹកជំនន់និងការបង្ហូតទឹក។ ទូទាំងខេត្តបានកសាងទំនប់រឹងមាំការពារឆ្នេរសមុទ្របានជិត ១១០ គីឡូម៉ែត្រ ទំនប់ការពារច្រាំងទន្លេជាង ៣២,៥ គីឡូម៉ែត្រ និងទំនប់សមុទ្រខាងកើត - សមុទ្រខាងលិចជិត ៧០ គីឡូម៉ែត្រ។ បណ្តាអង្គភាពជំនាញ ដូចជា៖ ផ្នែកគ្រប់គ្រងទំនប់សមុទ្របានរៀបចំរួចជាស្រេចនូវគ្រឿងចក្រជីកដី ឡានដឹកដី និងសម្ភារៈបម្រុង ដើម្បីទប់ទំនប់ទាន់ពេល នៅពេលដែលកម្រិតទឹកហូរហៀរលើទំនប់។

ចំពោះប្រជាជន រដ្ឋអំណាចបានណែនាំឱ្យតាមដានព័ត៌មានព្យាករណ៍ឱ្យបានជាប្រចាំ ម្ចាស់ការក្នុងការជួសជុលពង្រឹងផ្ទះសម្បែង ត្រៀមលក្ខណៈស្បៀងអាហារ ទឹកពិសារ ថ្នាំសង្កូវ និងគ្រឿងឧបភោគបរិភោគដែលចាំបាច់នានា។ ចំពោះគ្រួសារប្រជាជនដែលរស់នៅតាមដងទន្លេ តំបន់ឆ្នេរ និងតំបន់ទំនាបលិចទឹក ត្រូវត្រៀមលក្ខណៈជាស្រេចនូវផែនការជម្លៀសខ្លួននៅពេលមានការស្នើសុំ ដើម្បីធានាសុវត្ថិភាព។

ជាមួយការរៀបចំយ៉ាងម៉ត់ចត់ទាំងកម្លាំងមនុស្ស ធនធានសម្ភារៈនិងផែនការលម្អិត ខេត្តកាម៉ាវបានត្រៀមខ្លួនជាស្រេចក្នុងការទប់ទល់នឹងគ្រោះធម្មជាតិ តាមពាក្យស្លោក “៤នៅកន្លែង”។ ផ្តើមពីនោះ ជួយបន្ថយដល់កម្រិតទាបបំផុតនូវការខូចខាតអាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ រន្ទះ ទឹកជំនន់ និងទឹកជំនោរឡើងខ្ពស់ រួមចំណែកធានាស្ថិរភាពជីវភាពរបស់ប្រជាជននិងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងឆ្នាំ២០២៦។

យ្វីអាញ់-ដាលីន

ចែករំលែកអត្ថបទ