កំសាន្ត រឿងពីនេះពីនោះ

13/03/2026 - 06:54

គន្លឹះ​ ៦ យ៉ាង​ជួយ​ឱ្យ​អ្នក​គេង​លក់​ស្រួល​ 

តើ​អ្នក​កំ​ពុង​អស់​សង្ឃឹម​ដោយ​សារ​តែ​បាន​សាក​ល្បង​វិធី​ជា​ច្រើន​ដូច​ជា “រាប់​លេខ” ងូត​ទឹក​ក្ដៅ​ឧណ្ហៗ ឬ​ផឹក​ទឹក​ដោះ​គោ​ក្តៅ ប៉ុន្តែ​នៅ​តែ​មិន​អាច​គេង​លក់​ស្រួល​នៅ​ពេល​យប់​មែន​ទេ? បើ​ដូច្នោះ​មែន សូម​សាក​ល្បង​ស្វែង​យល់​ពី​គន្លឹះ​តូចៗ​ទាំង​នេះ​មើល។

​ រូប​ជា​ឧទា​ហរណ៍៖ វិធី​សាស្រ្ត​ហាត់​យោគៈ (Yoga) បន្ធូរ​អា​រម្មណ៍​ជួយ​ឱ្យ​អ្នក​គេង​លក់​ស្រួល។

យោង​តាម​សារ​ព័ត៌​មាន​ Mirror គ្រាន់​តែ​នៅ​ក្នុង​ប្រ​ទេស​អង់គ្លេស​មួយ​ប៉ុណ្ណោះ ក្នុង​មួយ​ឆ្នាំៗ​មាន​វេជ្ជ​បញ្ជា​ប្រើ​ថ្នាំ​ពេទ្យ​ដល់​ទៅ ១០ លាន​លើក ដែល​ពាក់​ព័ន្ធ​នឹង​ការ​ព្យា​បាល​ជំងឺ​គេង​មិន​លក់​ដែល​ត្រូវ​បាន​គ្រូ​ពេទ្យ​ចេញ​វេជ្ជ​បញ្ជា​ប្រើ​ថ្នាំ​ពេទ្យ​ដល់​អ្នក​ជំ​ងឺ។

កា​រគេង​មិន​លក់​គឺ​ជា​ទុក្ខ​លំ​បាក​របស់​មនុស្ស​ច្រើន។ អ្នក​ប្រហែល​ជា​អស់​សង្ឃឹម​បន្ទាប់​ពី​បាន​សាក​ល្បង​គ្រប់​វិធី​ដូច​ជា “រាប់​លេខ” ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ ឬ​ផឹក​ទឹក​ដោះ​គោ​ក្តៅ ប៉ុន្តែ​នៅ​តែ​មិន​អាច​គេង​លក់​ស្កប់​ស្កល់​នៅ​ពេល​យប់? ចូរ​សាក​ល្បង​គន្លឹះ​ខាង​ក្រោម​នេះ ដើម្បី​ដឹង​ថា​អ្នក​អាច​កែ​លម្អ​ស្ថាន​ភាព​នេះ​បាន​ដែរ​ឬ​ទេ?

ដក​ដង្ហើម​តាម​រន្ធ​ច្រ​មុះ​ខាង​ឆ្វេង៖ វិធី​សាស្រ្ត​ យោ​គៈ​នេះ​បាន​គេ​ជឿ​ថា​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម និង​ជួយ​ឱ្យ​អ្នក​រក​ឃើញ​ភាព​ស្ងប់​សុខ​ក្នុង​ចិត្ត។ អ្នក​ត្រូវ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង រួច​យក​ម្រាម​ដៃ​ខ្ទប់​រន្ធ​ច្រ​មុះ​ខាង​ស្តាំ ហើយ​ចាប់​ផ្តើម​ដក​ដង្ហើម​វែងៗ និង​យឺតៗ។

កន្ត្រាក់​ក្រុម​សាច់​ដុំ និង​បន្ធូរ​អា​រម្មណ៍៖

ការ​ធ្វើ​ឱ្យ​សាច់​ដុំ​ទូ​ទាំង​រាង​កាយ​បាន​សម្រាក គឺ​ជា​ដំ​ណើរ​ការ​ចាំ​បាច់​ដើម្បី​ទទួល​បាន​ដំ​ណេក​ដ៏​ស្កប់​ស្កល់​។ អ្នក​ត្រូវ​គេង​ផ្ងារ ដក​ដង្ហើម​វែងៗ និង​យឺតៗ​តាម​ច្រ​មុះ ព្រម​ទាំង​កន្ត្រាក់​ម្រាម​ជើង​ឱ្យ​ចង្អុល​ទៅ​មុខ រួច​ហើយ​ទើប​បន្ធូរ​មក​វិញ។ បន្ទាប់​មក បន្ត​ដក​ដង្ហើម​វែងៗ និង​យឺតៗ រួច​បត់​ម្រាម​ជើង​ឆ្ពោះ​ទៅ​រក​ក្បាល​ជង្គង់​របស់​អ្នក រួច​ហើយ​បន្ធូរ​មក​វិញ។ បន្ត​ដក​ដង្ហើម​យឺតៗ និង​កន្ត្រាក់​សាច់​ដុំ​តាម​លំ​ដាប់​លំ​ដោយ​ពី​កំ​ភួន​ជើង​ឡើង​ទៅ​ត្រ​គាក ពោះ ដៃ​ទាំង​ពីរ​។ល។ ច្រ​បាច់ និង​បន្ធូរ​សាច់​ដុំ​នី​មួយៗ​ម្តង​មួយ។ បន្ទាប់​ពី​ធ្វើ​រួច​រាល់ អ្នក​ដក​ដង្ហើម​ធម្ម​តា​វិញ នោះ​អ្នក​នឹង​ចាប់​ផ្តើ​មមាន​អា​រម្មណ៍​ងងុយ​គេង។

ព្យា​យាម​ធ្វើ​អា​រម្មណ៍​នឹង​នរ

វា​ហាក់​ដូច​ជា​ចម្លែក ប៉ុន្តែ​តាម​ពិត​ទៅ នេះ​គឺ​ជា​វិធី​សាស្រ្ត​ដ៏​មាន​ប្រ​សិទ្ធ​ភាព​មួយ​មុន​ពេល​ចូល​គេង។ ចូរ​ធ្វើ​ឱ្យ​អា​រម្មណ៍​នឹង​នរ​ដោយ​បើក​ភ្នែក​ឱ្យ​ធំៗ ហើយ​ប្រាប់​ខ្លួន​ឯង​ដដែលៗ​ថា “ខ្ញុំ​នឹង​មិន​គេង​ទេ”។ សាច់​ដុំ​ភ្នែក​របស់​អ្នក​នឹង​ចាប់​ផ្តើម​ហត់​នឿយ ដែល​ធ្វើ​ឱ្យ​អ្នក​ឆាប់​ង​ងុយ​គេង​បំ​ផុត។

រំលឹក​ការ​ចង​ចាំ​ត្រ​ឡប់​ក្រោយ​

ចូរ​រំ​លឹក​ឡើង​វិញ​នូវ​ព្រឹត្តិ​ការណ៍​ដែល​បាន​កើត​ឡើង​ក្នុង​ថ្ងៃ​នោះ​តាម​លំ​ដាប់​លំ​ដោយ ដូច​ជា​ការ​ចាក់​ខ្សែ​អាត់​ត្រ​ឡប់​ក្រោយ។ ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​ឱ្យ​អ្នក​កាត់​បន្ថយ​ការ​ព្រួយ​បា​រម្ភ។ អ្នក​ជំ​នាញ Sammy Margo អ្នក​និពន្ធ​សៀវភៅ ណែ​នាំ​ពី​ការ​គេង​លក់​ស្រួល បាន​ចែករំ​លែក៖ “ការ​រំ​លឹក​ឡើង​វិញ​នូវ​ការ​សន្ទ​នា ទី​កន្លែង​ដែល​បាន​ទៅ និង​សូម្បី​តែ​សំ​ឡេង​នៅ​ទី​នោះ នឹង​ធ្វើ​ឱ្យ​អ្នក​ឈាន​ចូល​ទៅ​ក្នុង​ស្ថាន​ភាព​ស្មារតី​ដែល​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​គេង​យ៉ាង​ឆាប់​រហ័ស”។

បង្វិល​នា​ឡិ​កា​រោទ៍​ទៅ​រក​ជញ្ជាំង​

នៅ​ពេល​ព្យា​យាម​គេង មនុស្ស​ជា​ច្រើន​មាន​ទម្លាប់​លួច​មើល​នា​ឡិ​កា​រោទ៍ ដើម្បី​ដឹង​ថា​តើ​ខ្លួន ឯង​នៅ​សល់​ពេល​ប៉ុន្មាន​ម៉ោង​ទៀត​សម្រាប់​គេង។ រឿង​នេះ​មាន​តែ​ធ្វើ​ឱ្យ​អ្នក​កាន់​តែ​មាន​អា​រម្មណ៍​តាន​តឹង​តែ​ប៉ុណ្ណោះ។ ចូរ​បង្វិល​មុខ​នា​ឡិ​កា​រោទ៍​របស់​អ្នក​ទៅ​រក​ជញ្ជាំង ដើម្បី​បន្ថយ​ភាព​តាន​តឹង និង​ជួយ​ឱ្យ​អ្នក​គេង​លក់​លឿន​ជាង​មុន។ ការ​ប្រើ​ប្រាស់​ប្រ​ដាប់​បិទ​ភ្នែក (Mask) ក៏​មាន​ប្រ​យោជន៍ ក្នុង​ការ​ជួយ​ឱ្យ​អ្នក​ងាយ​ស្រួល​គេង​ផង​ដែរ។

ហាត់​ប្រាណ​ភ្នែក

អ្នក​អាច​បិទ​ភ្នែក ហើយ​ងើប​គ្រាប់​ភ្នែក​ឡើង លើ​ចំ​នួន ៣ ដង។ ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ធ្វើ​ត្រាប់​តាម​បែប​ធម្ម​ជាតិ នៅ​ពេល​ដែល​ត្រ​បក​ភ្នែក​របស់​អ្នក​ធ្លាក់​ចុះ​ពេល​កំ​ពុង​ង​ងុយ​គេង។ ចលនា​នេះ នឹង​ជួយ​រំ​ញោច​អរ​ម៉ូន​ងងុយ​គេង Melatonin។           

               ប្រ​ភព​៖ hanhnien.vn - សុផន

ចែករំលែកអត្ថបទ