គាំទ្រចលនា “ទូទាំងប្រជាជនហាត់ប្រាណតាមគំរូលោកប្រធានហូជីមិញ ដ៏មហិមា” សកម្មភាពហាត់ប្រាណនិងកីឡាមហាជននៅតាមឃុំ សង្កាត់របស់ទីក្រុងកឹងធើ កំពុងមានការអភិវឌ្ឍយ៉ាងទូលំទូលាយ។ តាមរយៈចលនានេះ ជួយដល់ក្រុមអ្នកជំនាញប្រទះឃើញនិងបណ្តុះបណ្តាលយុវជនមានទេពកោសល្យ ដើម្បីបម្រើដល់វិស័យកីឡាដែលមានស្នាដៃខ្ពស់របស់ទីក្រុង។

ការប្រកួតកីឡាមហាជនតែងបានភូមិភាគនានារៀបចំជាប្រចាំ។
យោងតាមមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុងកឹងធើ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចលនាហាត់ប្រាណនិងកីឡានៅតាមឃុំ សង្កាត់លើភូមិឋានទីក្រុងកឹងធើបានបន្តរក្សា ហើយរាល់ក្លឹបកីឡាក៏បានពង្រឹង និងពង្រីកជាបន្តបន្ទាប់។ រៀងរាល់ឆ្នាំ ការប្រកួតកីឡាជាច្រើនត្រូវបានរៀបចំឡើងយ៉ាងពុះពោរ ដើម្បីអបអរសាទរថ្ងៃបុណ្យនិងព្រឹត្តិការណ៍សំខាន់ៗ ដូចជា៖ ខែសកម្មភាពចលនាហាត់ប្រាណ និងកីឡា ទិវារត់អូឡាំពិកសម្រាប់សុខភាពទូទាំងប្រជាជន; ការប្រកួតកីឡាអបអរសាទរបុណ្យចូលឆ្នាំថ្មីជាដើម។ តាមរយៈការប្រកួតកីឡា មហាជនពីថ្នាក់មូលដ្ឋានដល់ទីក្រុង អត្តពលិកជាច្រើនដែលមានសមត្ថភាពនិងទេពកោសល្យ បានជ្រើសរើសនិងបណ្តុះបណ្តាលទាន់ពេលវេលា។ ផ្ដើមពីចលនាកីឡាមហាជន យុវជនជាច្រើនដែលមានសក្តានុភាពត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវ ក្លាយជាធនធានដ៏សំខាន់សម្រាប់វិស័យកីឡាដែលមានស្នាដៃខ្ពស់របស់ទីក្រុង។
ជាឧទាហរណ៍ គឺប្អូនលីធីចន្ធី ជាអត្តពលិក លើកដុំដែកមានទេពកោសល្យរបស់ទីក្រុងកឹងធើ។ ប្អូនចន្ធី រៀបរាប់៖ “នៅពេលបានជ្រើសរើសចូលហ្វឹកហាត់ ប្អូនទើបតែរៀនថ្នាក់ទី ៤ ហើយត្រូវបានណែនាំឱ្យហាត់លើកដុំដែក ដូច្នេះ ដំបូងមានអារម្មណ៍ថាចម្លែកណាស់។ បន្ទាប់ពីហ្វឹកហាត់បានមួយរយៈ ប្អូនមានអារម្មណ៍ស្រឡាញ់កីឡានេះ ពិសេសនៅលើកដំបូងចូលរួមប្រកួតពានរង្វាន់ជើងឯកលើកដុំដែកយុវជនថ្នាក់ជាតិ ឆ្នាំ ២០២១ នៅខេត្តគៀងយ៉ាង ហើយឈ្នះមេដាយមាស ធ្វើឱ្យខ្ញុំកាន់តែមានចំណង់ចំណូលចិត្ត និងប្តេជ្ញាក្នុងការហាត់ពត់ដើម្បីសម្រេចបានលទ្ធផលខ្ពស់ជាងនេះទៀត”។ រហូតមកដល់បច្ចុប្បន្ន ចន្ធីដណ្ដើមបានមេដាយមាសមេ ដាយប្រាក់និងមេដាយសំរឹទ្ធជាច្រើនគ្រឿង ក្នុងការប្រកួតថ្នាក់តំបន់និងទូទាំងប្រទេស។ ចំណែកអត្តពលិក ថាច់អាញ់ខ្វា ដែលបានជ្រើសរើសពីចលនាកីឡាប៉េតង់ នៅឃុំង៉ុកតូ រៀបរាប់៖ “ឆ្នាំ ២០១៧ ខ្ញុំបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ “សមយុទ្ធកីឡាភូវដុង” ខេត្តសុកត្រាំង (ចាស់) ហើយទទួលបានរង្វាន់ ដូច្នេះក៏បានអ្នកជំនាញជ្រើសរើស។ បន្ទាប់ពីបានហ្វឹកហាត់យ៉ាងត្រឹមត្រូវ ខ្ញុំអភិវឌ្ឍសមត្ថភាពកាន់តែល្អ និងទទួលបានមេដាយមាស មេដាយប្រាក់និងមេដាយសំរឹទ្ធជាច្រើនគ្រឿង ក្នុងការប្រកួតថ្នាក់តំបន់និងថ្នាក់ជាតិ។ ចាប់ពីឆ្នាំ២០២៣មក ខ្ញុំក៏បានជ្រើសរើសចូលក្រុមជម្រើសជាតិវៀតណាម ដើម្បីចូលរួមប្រកួតនៅ SEA Games”។
ស្នាដៃរបស់ប្អូនលីធីចន្ធី និងថាច់អាញ់ខ្វា គឺជាភស្តុតាងបញ្ជាក់ពីប្រសិទ្ធភាពនៃការប្រទះឃើញ និងបណ្តុះបណ្តាលទេពកោសល្យកីឡា ផ្ដើមពីចលនាកីឡាមហាជននៅមូលដ្ឋាន។ លោក ឡឹមថាញយុង អនុប្រធានមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុងកឹងធើ បញ្ជាក់៖ “ចលនាលំហាត់ប្រាណនិងកីឡាមហាជន គឺជាមូលដ្ឋានគ្រឹះដែលបង្កធនធានកីឡាករប្រកបដោយចីរភាពសម្រាប់កីឡាដែលមានស្នាដៃខ្ពស់។ នៅពេលចលនាកីឡាមហាជនរីកចម្រើន អភិវឌ្ឍទូលំទូលាយនិងមានភាពស៊ីជម្រៅ ការប្រទះឃើញនិងបណ្តុះបណ្តាលទេពកោសល្យកីឡាក៏កាន់តែមានភាពងាយស្រួលនិងមានប្រសិទ្ធភាពខ្ពស់ជាងមុន”៕
យ៉ីអាញ - ពេជ្រសឿន