តាមរយៈការអនុវត្តដំណោះស្រាយជាក់ស្តែងជាច្រើន ដូចជា ការផ្លាស់ថ្មីវិធីសាស្រ្តបង្រៀន អនុវត្តសកម្មភាពអប់រំ STEM រក្សាស្ថិរភាពចំនួនសិស្ស និងឧបត្ថម្ភសិស្សជួបការលំបាក សាលាបឋមសិក្សាតំបន់ជនជាតិភាគតិចនៅទីក្រុងកឹងធើ កំពុងលើកកម្ពស់គុណភាពអប់រំជាសន្សឹមៗ។

ថ្នាក់រៀនអក្សរខ្មែរនៅក្នុងវត្ត រដូវវិស្សមកាលមានសិស្សចូលរៀនច្រើនកុះករ។
ឆ្នាំសិក្សា ២០២៥-២០២៦ សាលាបឋមសិក្សាថើយអាងហោយ ៣ នៅឃុំថើយ អាងហោយ មានសិស្សរៀន ១២ បន្ទប់ ដោយមានសិស្សសរុប ៣៣៥ នាក់ ក្នុងនោះ សិស្សជនជាតិភាគតិចមានជាង ៨០%។ អនុវត្តកម្មវិធីអប់រំចំណេះទូទៅថ្មីឆ្នាំ ២០១៨ សាលាតែងយកចិត្តទុកដាក់ផ្លាស់ថ្មីវិធីសាស្ត្របង្រៀន និងលើកកម្ពស់សមត្ថភាពជំនាញជូនកងជួរគ្រូបង្រៀន។ ទន្ទឹមនឹងនោះ មូលដ្ឋានសម្ភារៈត្រូវបានវិនិយោគជាបន្តបន្ទាប់ ដោយមានប្រព័ន្ធបន្ទប់រៀននិងបន្ទប់មុខងារឆ្លើយតបតម្រូវការបង្រៀននិងរៀន។
កំណត់ចំណាំ សាលារៀនបានផ្សព្វផ្សាយ អនុវត្តកម្មវិធីអប់រំ STEM ដល់គ្រូបង្រៀនគ្រប់ថ្នាក់និងគ្រូមុខវិជ្ជា ព្រមទាំងណែនាំឱ្យថ្នាក់នីមួយៗ អនុវត្តយ៉ាងហោចណាស់ប្រធានបទSTEM មួយក្នុងមួយឆមាស។ តាមរយៈនោះ រួមចំណែកពង្រីកនូវភាពច្នៃប្រតិដ្ឋ សមត្ថភាពត្រិះរិះ និងការអនុវត្តចំណេះដឹងចូលក្នុងជីវភាពជាក់ស្តែងរបស់សិស្ស ដើម្បីជាសន្សឹមៗលើកកម្ពស់គុណភាពអប់រំគ្រប់ជ្រុងជ្រោយ។
ចំណែកនៅសាលាបឋមសិក្សាវិញហាយ ២ ឃុំវិញហាយ ឆ្នាំសិក្សា ២០២៥-២០២៦ សាលាបានកៀរគរសិស្សចូលរៀនសម្រេចលើសផែនការដែលបានកំណត់ ដោយរក្សាបានចំនួន សិស្ស១០០% ដល់ចប់ឆមាសទី ១។ ការងារគ្រប់គ្រង និងការវាយតម្លៃសិស្សបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ដោយផ្ដោតលើការអភិវឌ្ឍគ្រប់ផ្នែកទាំងចំណេះដឹង បំណិននិងសីលធម៌។ ការយកចិត្តទុកដាក់និងជួយឧបត្ថម្ភសិស្សបានគួបផ្សំចូលក្នុងសកម្មភាពអប់រំ ជួយឱ្យប្អូនៗមានភាពជឿជាក់ និងមោះមុតជាងទៀតក្នុងការសិក្សានិងការប្រាស្រ័យទាក់ទង។
លោកគ្រូត្រឹងមិញធឿង ចាងហ្វាងសាលាបឋមសិក្សាវិញហាយ ២ ឱ្យដឹង៖ “បច្ចុប្បន្ន សាលាមានសិស្សជិត ៨០% ជាជនជាតិភាគតិច ភាគច្រើនគឺជនជាតិខ្មែរនិងហ្វា។ សាលារៀនតែងបង្កើនកិច្ចសហការជាមួយគ្រួសារនិងភូមិភាគ ដើម្បីកៀរគរសិស្សមករៀនទៀងទាត់ ព្រមទាំងយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់សិស្សដែលមានជីវភាពខ្វះខាត។ តាមរយៈនោះ រួមចំណែករក្សាចំនួនសិស្ស លើកកម្ពស់គុណភាពអប់រំ និងកសាងបរិស្ថានសិក្សាប្រកបដោយមេត្រីភាព ដើម្បីជួយប្អូនៗសិស្សានុសិស្សអភិវឌ្ឍគ្រប់ជ្រុងជ្រោយ”។
រយៈពេលជាច្រើនឆ្នាំកន្លង សាលាបឋមសិក្សានៅតំបន់ជនជាតិភាគតិច តែងចាត់តាំងការបង្រៀនអក្សរជនជាតិដល់សិស្ស ស្របតាមការណែនាំរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល។ នេះមិនត្រឹមតែជាដំណោះស្រាយជួយដល់ការសិក្សាប៉ុណ្ណោះទេ ថែមទាំងរួមចំណែកថែរក្សា អភិរក្សភាសានិងអក្សរសាស្ត្ររបស់ជនរួមជាតិទៀតផង។
ក្រៅពីកិច្ចការបង្រៀន សាលារៀននានាក៏បានសហការយ៉ាងសកម្មជាមួយអង្គការមហាជន ដើម្បីជួយឧបត្ថម្ភអាហារូបករណ៍ ផ្តល់សម្ភារៈសិក្សា និងជំរុញការងារសង្គមកិច្ចអប់រំ បានរួមចំណែកបន្ថយការលំបាកសម្រាប់គ្រួសារជាច្រើន និងផ្តល់កម្លាំងចិត្តបន្ថែមដើម្បីឱ្យសិស្សានុសិស្សមានទំនុកចិត្តបន្តការសិក្សា៕
ហុងទើ - ថាច់ធី