- លោកស្រី ហូធីកឹមដាវ សំណូមពរថ្នាក់ដឹកនាំភូមិភាគ និងបណ្តាសាលារៀន បន្តធ្វើជាគំរូ លើកកម្ពស់គុណភាពបង្រៀននិងរៀន បង្កលក្ខណៈងាយស្រួលឱ្យកូនចៅជនជាតិភាគតិចបានសិក្សារៀនសូត្រ ធំដឹងក្តី ក្លាយជាមនុស្សមានប្រយោជន៍ កសាងសមូហភាពសាមគ្គីនិងរឹងមាំ....។
នាព្រឹកថ្ងៃទី៧ ខែមេសា លោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ រួមជាមួយក្រុមប្រតិភូ បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៦ នៅលើភូមិឋានសង្កាត់ភូឡើយ និងឃុំញូយ៉ា។ អញ្ជើញរួមដំណើរមានលោក ត្រឹងជីហ៊ុង សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ និងថ្នាក់ដឹកនាំបណ្តាភូមិភាគពាក់ព័ន្ធ។
ក្រុមប្រតិភូបានទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីដល់សមូហភាពគ្រូបង្រៀន និងសិស្សានុសិស្សនៃសាលាវិទ្យាល័យជនជាតិអន្តេវាសិកវិញកឿង (នៅសង្កាត់ភូឡើយ សាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ (នៅឃុំញូយ៉ា); សួរសុខទុក្ខកម្មាភិបាល បុគ្គលិក សិល្បករនៃក្រុមសិល្បៈខ្មែរ និងសួរសុខទុក្ខគ្រួសារលោកត្រឹងស៊ុង អតីតអនុប្រធាននាយកដ្ឋានសន្តិសុខតីណាមបូ។

ថ្នាក់ដឹកនាំទីក្រុងជូនអំណោយដល់សមូហភាពគ្រូបង្រៀននិងសិស្សានុសិស្សសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង។

ថ្នាក់ដឹកនាំទីក្រុងជូនអំណោយដល់សមូហភាពគ្រូបង្រៀន និងសិស្សានុសិស្សសាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ។
នៅកន្លែងនីមួយៗ ជំនួសមុខគណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ លោកស្រី ហូធីកឹមដាវ បានកត់សម្គាល់ចំពោះការរួមចំណែករបស់មាមីងជនរួមជាតិខ្មែរក្នុងការកសាង និងអភិវឌ្ឍមាតុភូមិកឹងធើ; មានវាចាសួរសុខទុក្ខដោយក្តីរាប់អាន និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរប្រកបដោយភាពសប្បាយរីករាយ និងកក់ក្តៅបំផុតដល់កម្មាភិបាល បុគ្គលិក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សិល្បករ និងគ្រួសារកម្មាភិបាលចូលនិវត្តន៍។ ជាមួយគ្នានោះ លោកស្រីបានសំណូមពរថ្នាក់ដឹកនាំភូមិភាគ និងបណ្តាសាលារៀន បន្តធ្វើជាគំរូ លើកកម្ពស់គុណភាពបង្រៀននិងរៀន បង្កលក្ខណៈងាយស្រួលឱ្យកូនចៅជនជាតិភាគតិចបានសិក្សារៀនសូត្រ ធំដឹងក្តី ក្លាយជាមនុស្សមានប្រយោជន៍; កសាងសមូហភាពសាមគ្គី រឹងមាំ ឈានឡើងក្នុងពលកម្មផលិត សិក្សារៀនសូត្រ និងច្នៃប្រតិដ្ឋ។ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ក៏បានលើកទឹកចិត្តដល់ក្រុមសិល្បករនៃក្រុមសិល្បៈខ្មែរ ត្រូវខិតខំជម្នះការលំបាក សាមគ្គីផ្ទៃក្នុង កសាងចលនាវប្បធម៌ នាំយកអត្តសញ្ញាណវប្បធម៌ខ្មែរណាមបូ សម្តែងជូនមាមីងជនរួមជាតិក្នុងទូទាំងប្រទេស; សង្ឃឹមថាកម្មាភិបាលចូលនិវត្តន៍នឹងបន្តធ្វើជាគំរូដ៏ល្អ សម្រាប់កូនចៅរៀនសូត្រ ពលកម្មផលិត កសាងមាតុភូមិកាន់តែសម្បូររុងរឿងនិងស្រស់បំព្រង។

ថ្នាក់ដឹកនាំទីក្រុងជូនអំណោយដល់កម្មាភិបាលចូលនិវត្តន៍ជនជាតិខ្មែរ។

ថ្នាក់ដឹកនាំទីក្រុងជូនអំណោយដល់ក្រុមសិល្បៈខ្មែរ។
តំណាងបណ្តាអង្គភាព និងគ្រួសារ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់សួរសុខទុក្ខ លើកទឹកចិត្ត និងជូនអំណោយដ៏កក់ក្តៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ; សន្យានឹងបន្តអនុវត្តឱ្យបានល្អនូវតួនាទី ការទទួលខុសត្រូវក្នុងការងារ លើកកម្ពស់គុណភាពបណ្តុះបណ្តាល អប់រំកូនចៅឱ្យចេះថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ កសាងមាតុភូមិកឹងធើកាន់តែរីកចម្រើន និងដិតដាមដោយអត្តសញ្ញាណជាតិ៕
ថាញតាម - សុផន