09/04/2026 - 08:47

មន្ទីរ​ពេទ្យ​សម្ភព - កុមារ​សុក​ត្រាំង លើក​កម្ពស់​ការ​ថែ​ទាំ​សុខ​ភាព​អ្នក​ម្ដាយ​និង​ទា​រក 

ជា​មួយ​នឹង​កង​ជួរ​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត​មាន​ឯក​ទេស​ខ្ពស់ និង​អា​កប្ប​កិរិ​យា​ព្យា​បាល ថែ​ទាំ​អ្នក​ជំងឺ​ដោយ​អស់​ពី​ចិត្ត មន្ទីរ​ពេទ្យ សម្ភព - កុមារ​សុក​ត្រាំង នៅ​សង្កាត់​សុក​ត្រាំង ទី​ក្រុង​កឹង​ធើ សន្សឹមៗ​អំ​ណះ​អំ​ណាង​បាន​ឋានៈ​ក្នុង​វិស័យ​ថែ​ទាំ​សុខ​ភាព​ដល់​មុខ​សញ្ញា​ងាយ​រង​គ្រោះ ពិ​សេស​គឺ​អ្នក​ម្តាយ​និង​កុមារ។

វេជ្ជ​បណ្ឌិត​មន្ទីរ​ពេទ្យ​សម្ភព - កុមារ​សុក​ត្រាំង ណែ​នាំ​ម្តាយ​ឱ្យ​កូន​បៅ​ដោះ​ត្រូវ​របៀប​ក្រោយ​ពី​សម្រាល។

តាម​ប្រ​សាសន៍​វេជ្ជ​បណ្ឌិត​ឯក​ទេស II ជុង​តឹង​ឌិញ នា​យក​មន្ទីរ​ពេទ្យ​សម្ភព - កុមារ​សុក​ត្រាំង ក្រោយ​ពី​បង្កើត​និង​អភិ​វឌ្ឍន៍​ជាង​៦​ឆ្នាំ មន្ទីរ​ពេទ្យ​មិន​ត្រឹម​តែ​មាន​ជំ​ហាន​វិវឌ្ឍន៍​ដោយ​ទ្រង់​ទ្រាយ​ធំ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជម្រៅ​ជាង​ផ្នែក​មុខ​ជំ​នាញ​ទៀត​ផង មន្ទីរ​ពេទ្យ​អំ​ណះ​អំ​ណាង​ពី​តួនា​ទី​ជា​មជ្ឈ​មណ្ឌល​ឈាន​មុខ​គេ​អំពី​ផ្នែក​សម្ភព​និង​កុមារ​ក្នុង​តំ​បន់។ ដោយ​ទ្រង់​ទ្រាយ ៦០០ គ្រែ មាន​គ្រប់​ផ្នែក គ្រប់​បន្ទប់ និង​កង​ជួរ​គ្រូ​ពេទ្យ​បាន​បណ្តុះ​បណ្តាល​ជំ​នាញ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​ជា​បណ្តើរៗ។

ឆ្លង​តាម​រយៈ​នោះ ​ឆ្នាំ ២០២៥ មន្ទីរ​ពេទ្យ​បាន​ទទួល​ពិនិត្យ​និង​ព្យា​បាល​ជំងឺ ១៤៨.​៦៣០ លើក​នាក់ ក្នុង​នោះ ពិ​និត្យ​ជំងឺ​ដល់​កុមារ​អា​យុ​ក្រោម​៦​ឆ្នាំ ៨២.​៦៧៩ លើក​នាក់; ធ្វើ​ការ​វះ​កាត់​បាន​ជាង ៤.០០០​ករណី ក្នុង​នោះ វះ​កាត់​ដោយ​ប្រើ​សុង ៦៥១ ករ​ណី; ធ្វើ​ការ​វះ​កាត់​ជាង ៣០ ករ​ណី និង​កាយ​វិភាគ​សាស្ត្រ​ជាង ៤.០០០ ករ​ណី។ ពិ​សេស មាន​ប្រ​ធាន​បទ​ស្រាវ​ជ្រាវ​ចំ​នួន ១៧ និង​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ចំ​នួន ៥១ អំ​ពី​វិទ្យា​សាស្រ្ត​បាន​ទទួល​ស្គាល់ និង​ពេល​អនុវត្ត​នៅ​មន្ទីរ​ពេទ្យ​បាន​ព្យា​បាល​សម្រេច​ជោគ​ជ័យ​នូវ​ជំងឺ​ពិ​បាកៗ ជា​ច្រើន​ករណី​លេច​ធ្លោ​ដូច​ជា​ប្រ​ធាន​បទ​ស្រាវ​ជ្រាវ “ជំ​រុញ​ការ​សម្រាល​កូន​ដោយ​ប្រើ​បំ​ពង់​បូម Foley ពីរ” ដែល​មាន​អត្រា​ជោគ​ជ័យ​ជិត ៨៩% (២៨៨​/៣២៣ ករណី) កាត់​បន្ថយ​ការ​អន្ត​រាគមន៍​ដែល​មិន​ចាំ​បាច់។ បង​ស្រី​ថាច់​ធី​ធី នៅ​ឃុំ​ភូតឹង ឱ្យ​ដឹង៖ “ខ្ញុំ​សម្រាល​កូន​បាន ៤ ថ្ងៃ នៅ​ទី​នេះ ខ្ញុំ​បាន​វេជ្ជ​បណ្ឌិត​ណែ​នាំ​ដោយ​អស់​ពី​ចិត្ត​អំ​ពី​ការ​ថែ​ទាំ​សុខ​ភាព​ក្រោយ​ពី​សម្រាល របៀប​ហូប​ចុក​សម​ស្រប ដើម្បី​សុខ​ភាព​បាន​ល្អ​ប្រ​សើរ​ឡើង​ឆាប់​រហ័ស ក៏​ដូច​ជា​ណែ​នាំ​ពី​របៀប​ឱ្យ​កូន​បៅ​ដោះ​ត្រូវ​របៀប​ក្រោយ​ពី​សម្រាល​ជា​ដើម”។

“ដើម្បី​លើក​កម្ពស់​គុណ​ភាព​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​នៅ​ពេល​ខាង​មុខ មន្ទីរ​ពេទ្យ​នឹង​បន្ត​កសាង​ផែន​ការ​បណ្តុះ​បណ្តាល​ឆ្លើយ​តប​នឹង​តម្រូវ​ការ​អភិ​វឌ្ឍន៍​បាន​ទាន់​ពេល; សកម្ម​ចូល​រួម​ក្នុង​កម្ម​វិធី​បណ្តុះ​បណ្តាល​ហ្វឹក​ហ្វឺន និង​ការ​ពិ​គ្រោះ​យោ​បល់​តាម​អន​ឡាញ​ជា​មួយ​ក្រ​សួង​សុខា​ភិ​បាល នា​យក​ដ្ឋាន​គ្រប់​គ្រង​ការ​ពិ​និត្យ និង​ព្យា​បាល​ជំងឺ និង​នា​យក​ដ្ឋាន​សុខ​ភាព​អ្នក​ម្តាយ - ទា​រក ដើម្បី​បំ​ពេញ​បន្ថែម​ការ​ណែ​នាំ​មុខ​ជំ​នាញ​ថ្មីៗ​បាន​ទាន់​ពេល​លើក​កម្ពស់​សមត្ថ​ភាព​ធ្វើ​រោគ​វិនិច្ឆ័យ ព្យា​បាល​និង​បង្ការ​ជំងឺ។ ទន្ទឹម​នឹង​នោះ អញ្ជើញ​ក្រុម​អ្នក​ជំ​នាញ​មក​ពី​មន្ទីរ​ពេទ្យ​ធំៗ ហ្វឹក​ហ្វឺន លើក​កម្ពស់​បំ​ណិន​ទំ​នាក់​ទំ​នង​និង​អា​កប្ប​កិរិ​យា; បំ​ពេញ​ចំ​ណេះ​ដឹង​ឯកទេស​ផ្នែក​សម្ភព - កុមារ…” - នា​យក​មន្ទីរ​ពេទ្យ​សម្ភព - កុមារ​សុក​ត្រាំង ជុង​តឹង​ឌិញ បាន​ឱ្យដឹង​ដូច្នេះ។

ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឥត​ឈប់​ឈរ មន្ទីរ​ពេទ្យ​សម្ភព-កុមារ សុក​ត្រាំង សន្សឹមៗ​ក្លាយ​ជា​មូល​ដ្ឋាន​សុខា​ភិបាល​ស៊ី​ជម្រៅ ទំ​នើប​និង​សមា​ហរណ​កម្ម រួម​ចំ​ណែក​ការ​ពារ​និង​លើក​កម្ពស់​សុខ​ភាព​អ្នក​ម្តាយ និង​ថែ​ទាំ​គ្រប់​ជ្រុង​ជ្រោយ​ដល់​ទា​រក​ពី​ដំ​ណាក់​កាល​ដំ​បូង​នៃ​ជីវិត៕

   ថាញ​វ៉ាង-វិមាន

ចែករំលែកអត្ថបទ