10/04/2026 - 19:17

នាំ​ទឹក​ស្អាត​ទៅ​កាន់​ភូមិ​ស្រុក ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដោយ​ក្តី​រីក​រាយ​ពេញ​លេញ 

ដោយ​ការ​អនុវត្ត​បាន​ទាន់​ពេល​វេលា​នូវ​ទី​តាំង​ផ្តល់​ទឹក​ស្អាត​ដោយ​ឥត​គិត​ថ្លៃ មា​មីង​​ខ្មែរ​នៅ​តំ​បន់​មាត់​សមុទ្រ​នៃ​ទី​ក្រុង​កឹង​ធើ មាន​ទឹក​ស្អាតប្រើ​ប្រាស់​ មុន​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ ២០២៦។

ប្រ​ជា​ជន​នៅ​មណ្ឌល​ហ្វា​យ៉ាង មក​យក​ទឹក​ស្អាត​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​ប្រើ​ប្រាស់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ។

ក្នុង​ប៉ុន្មាន​ថ្ងៃ​ជិត​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០២៦ គ្រួសារ​ជា​ច្រើន​នៅ​ទី​ក្រុង​កឹង​ធើ មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ចំ​ពេល​រដូវ​ប្រាំង​កំ​ពុង​ក្តៅ​ខ្លាំង។ យោង​តាម​មជ្ឈ​មណ្ឌល​ទឹក​ស្អាត​និង​អនា​ម័យ​បរិ​ស្ថាន​ជន​បទ​ទី​ក្រុង​កឹង​ធើ ទី​តាំង​ផ្តល់​ទឹក​ឥត​គិត​ថ្លៃ​ជា​ច្រើន​ត្រូវ​បាន​ដំ​ឡើង​នៅ​ឃុំ​លីវ​ទូ លិច​ហូយ​ធឿង វិញ​ហាយ អាង​ថាញ់ គូ​ឡាវ​យុង និង​សង្កាត់​ខាញ់​ហ្វា វិញ​ចូវ។ ទាំង​នេះ​គឺ​ជា​ភូមិ​ឋាន​មាត់​សមុទ្រ​នៅ​ជួប​ការ​លំ​បាក​ច្រើន​ពី​ប្រ​ភព​ទឹក​ស្អាត ប្រ​ជា​ជន​រស់​នៅ​រាយ​ប៉ាយ និង​មិន​ទាន់​មាន​ប្រ​ព័ន្ធ​ផ្គត់​ផ្គង់​ទឹក​ប្រ​មូល​ផ្តុំ​អូស​ចូល​តាម​ផ្ទះ។ ទី​តាំង​ផ្តល់​ទឹក​ទាំង​នេះ ចាប់​ផ្តើម​បម្រើ​ប្រ​ជា​ជន​ចាប់​ពី​ថ្ងៃ​ទី​១០ ខែ​មេ​សា ឆ្នាំ​២០២៦។

នៅ​សង្កាត់​ខាញ់​ហ្វា ភូមិ​ភាគ​បាន​ដំ​ឡើង​ធុង​ទឹក​ដែល​មាន​ចំ​ណុះ ១០.០០០ លីត្រ នៅ​មណ្ឌល​ពីរ​គឺ យ៉ី​ឡាំង​និង​ហ្វា​យ៉ាង ដើម្បី​បម្រើ​ប្រ​ជា​ជន​ដែល​រស់​នៅ​ក្រៅ​បណ្តាញ​ផ្គត់​ផ្គង់​ទឹក។ ការ​រៀប​ចំ​ទី​តាំង​ផ្តល់​ទឹក​នៅ​ជិត​មណ្ឌល​ប្រ​ជា​ជន​រស់​នៅ បាន​ជួយ​ឱ្យ​មា​មីង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​មក​យក​ទឹក​ប្រើ​ប្រាស់​ប្រ​ចាំ​ថ្ងៃ។

លោក​ថាច់​គ្វៀង ប្រ​ជា​ជន​នៅ​មណ្ឌល​ហ្វា​យ៉ាង បាន​ចែក​រំលែក៖ "កាល​ពី​មុន នៅ​រដូវ​ប្រាំង មា​មីង​ត្រូវ​ប្រើ​ប្រាស់​ទឹក​ភ្លៀង​ដែល​ស្តុក​ទុក ឬ​ទិញ​ទឹក​ក្នុង​តម្លៃ​ខ្ពស់។ ឥឡូវ​នេះ​មាន​ប្រ​ភព​ទឹក​ស្អាត​ឥត​គិត​ថ្លៃ ជីវ​ភាព​រស់​នៅ​មាន​ភាព​ងាយ​ស្រួល​ច្រើន​ណាស់"។ 

ទន្ទឹម​នឹង​នោះ កាល​ពី​ចុង​ខែ​មី​នា​កន្លង សម្ព័ន្ធ​ក្រុម​ហ៊ុន Keppel វៀត​ណាម សហ​ការ​ជា​មួយ​កា​សែត​ទៀង​ផុង បាន​ប្រ​គល់​ជូន​ប្រ​ព័ន្ធ​ម៉ា​ស៊ីន​ចម្រោះ​ទឹក​ប្រៃ​ដោយ​ប្រើ​ថាម​ពល​ព្រះ​អា​ទិត្យ ដាក់​នៅ​អា​គារ​សកម្ម​ភាព​សហ​គមន៍​មណ្ឌល​ផ្នោរ​ទម សង្កាត់​ខាញ់​ហ្វា។ សំ​ណង់​នេះ​បាន​រួម​ចំ​ណែក​ផ្តល់​ប្រ​ភព​ទឹក​ស្អាត​​ជូន​ប្រ​ជា​ជន ជួយ​សម្រប​ទៅ​នឹង​ស្ថាន​ភាព​ជ្រាប​ចូល​ទឹក​ប្រៃ​ដែល​កាន់​តែ​កើន​ឡើង។

ក្តី​រីក​រាយ​របស់​ប្រ​ជា​ជន​ពេល​ទទួល​បាន​ប្រ​ភព​ទឹក​ស្អាត​ឥត​គិត​ថ្លៃ។

មីងថាច់​ធី​ភី ប្រ​ជា​ជន​នៅ​មណ្ឌល​ផ្នោរ​ទម សម្តែង​នូវ​ក្តី​រំភើប​រីក​រាយ៖ "ប៉ុន្មាន​ឆ្នាំ​មុន ដល់​រដូវ​ប្រាំង​តែង​តែ​ខ្វះ​ទឹក​ប្រើ​ប្រាស់។ ឆ្នាំ​នេះ​ដោយ​សារ​មាន​ធុង​ទឹក​ស្អាត​ឥត​គិត​ថ្លៃ​នៅ​ជិត​ផ្ទះ ជា​ពិ​សេស​គឺ​ចំ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី មា​មីង​ម្នាក់ៗ​សប្បាយ​ចិត្ត​ណាស់"។ 

លោក​ឡឹម​វ៉ាន់​តាម សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​សង្កាត់​ខាញ់​ហ្វា បាន​ឱ្យ​ដឹង៖ "ការ​ដំ​ឡើង​ទី​តាំង​ផ្តល់​ទឹក​ស្អាត​ឥត​គិត​ថ្លៃ​ក្នុង​រដូវ​ប្រាំង គឺ​ជា​គោល​ការណ៍​ដ៏​ជាក់​ស្តែង បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​អំ​ណាច​ចំ​ពោះ​ជីវ​ភាព​ប្រ​ជា​ជន ជា​ពិ​សេស​គឺ​គ្រួ​សារ​ដែល​មាន​ការ​លំ​បាក មិន​ទាន់​មាន​លក្ខណៈ​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​ទឹក​ស្អាត​ប្រ​មូល​ផ្តុំ។ តាម​រយៈ​នោះ រួម​ចំ​ណែក​ធា​នា​សុខ​ភាព កែ​លម្អ​លក្ខណៈ​រស់​នៅ​និង​ជួយ​ឱ្យ​មា​មីង​មាន​ភាព​កក់​ក្តៅ​ដើម្បី​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី ក្នុង​បរិ​យា​កាស​រីក​រាយ​និង​សុ​វត្ថិ​ភាព"។

មិន​ត្រឹម​តែ​កែ​លម្អ​លក្ខណៈ​រស់​នៅ​ប៉ុណ្ណោះ​ទេ ប្រ​ភព​ទឹក​ស្អាត​ថែម​ទាំង​រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ជី​វភាព និង​ស្មារតី​រក្សា​អនា​ម័យ​បរិ​ស្ថាន​ក្នុង​សហ​គមន៍។ បណ្តា​ភូមិ​ភាគ​ក៏​បាន​បង្កើន​ការ​ឃោស​នា អប់រំ​ឱ្យ​ប្រ​ជា​ជន​ប្រើ​ប្រាស់​ទឹក​ដោយ​សន្សំ​សំ​ចៃ និង​សម​ស្រប ព្រម​ទាំង​រក្សា​អនា​ម័យ​នៅ​ទី​តាំង​ផ្តល់​ទឹក។ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បាន​ចង្អុល​ការ​ដល់​បណ្តា​ភូមិ​និង​មណ្ឌល​នា​នា ជូន​ដំ​ណឹង​ឱ្យ​បាន​ទូ​លំ​ទូ​លាយ​អំ​ពី​ទី​តាំង ពេល​វេលា និង​របៀប​ទទួល​ទឹក​ឥត​គិត​ថ្លៃ ដើម្បី​ធា​នា​ការ​ទទួល​បាន​ប្រ​ភព​ទឹក​មាន​ភាព​ងាយ​ស្រួល​និង​យុត្តិ​ធម៌។

ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ឥត​គិត​ថ្លៃ មិន​ត្រឹម​តែ​ជា​ដំ​ណោះ​ស្រាយ​បន្ទាន់​នៅ​ចំ​ពោះ​មុខ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​ជួយ​ឱ្យ​ជីវ​ភាព​របស់​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​បាន​ស្ថិរ​ភាព ក្នុង​បរិ​ការណ៍​នៃ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ៕

ហុងទើ - សុផន

ចែករំលែកអត្ថបទ