មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

08/04/2026 - 06:17

គំរូ​ប្រ​ធាន​ក្រុម​សហ​ការ​ផលិត ជួយ​កសិ​ករ​ពង្រីក​សេដ្ឋ​កិច្ច 

ដោយ​ការ​ប៉ិន​ប្រ​សប់​និង​ឧស្សាហ៍​ពល​កម្ម លោក​ឡឹម​វ៉ាំង​ស៊ើង នៅ​ភូមិ​ព្រៃ​ជាប់ A ឃុំ​ឡាយ​ហ្វា ទី​ក្រុង​កឹង​ធើ បាន​កសាង​ជោគ​ជ័យ​ទម្រង់​ដាំ​ដំ​ណាំ​ឆ្លាស់​គ្នា។ មិន​ត្រឹម​តែ​ធ្វើ​មាន​សម្រាប់​គ្រួ​សារ​គាត់​ផ្ទាល់​ប៉ុណ្ណោះ​ទេ គាត់​នៅ​ទាំង​ខ្នះ​ខ្នែង​ចង​សម្ព័ន្ធ ជួយ​មា​មីង​កសិ​ករ​រាប់​សិប​គ្រួ​សារ​នៅ​ភូមិ​ភាគ​ឈាន​ឡើង​ពង្រីក​សេដ្ឋ​កិច្ច។

លោក ឡឹម​វ៉ាំង​ស៊ើង គំរូ​កសិ​ករ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូកែ នៅ​ភូមិ​ព្រៃ​ជាប់ A
ឃុំ​ឡាយ​ហ្វា ទី​ក្រុង​កឹង​ធើ។

ផ្តើម​ពី​កសិ​ករ​ផលិត​ខ្នាត​តូច លោក​ឡឹម​វ៉ាំង​ស៊ើង បាន​ឈាន​ឡើង​ក្លាយ​ជា​គំរូ​លេច​ធ្លោ​ក្នុង​ការ​ចលនា​កសិ​ករ​ផលិត និង​ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​នៅ​ភូមិ​ភាគ។ ជា​មួយ​នឹង​តួនា​ទី​ប្រ​ធាន​ក្រុម​សហ​ការ​ដាំ​ដំ​ណាំ​នៅ​ភូមិ​ព្រៃ​ជាប់ A គាត់​មិន​ត្រឹម​តែ​ធ្វើ​សេដ្ឋ​កិច្ច​ពូ​កែ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ខ្នះ​ខ្នែង​ចង​សម្ព័ន្ធ​នឹង​មា​មីង​ដើម្បី​រួម​គ្នា​អភិ​វឌ្ឍន៍។

ក្រុម​សហ​ការ​ដាំ​ដំ​ណាំ​ដែល​លោក​ស៊ើង​ទទួល​បន្ទុក បាន​បង្កើត​ចាប់​ពី​ឆ្នាំ ២០០៣ បច្ចុប្បន្ន មាន​សមា​ជិក ១៨ គ្រួ​សារ ជា​មួយ​នឹង​ផ្ទៃ​ដី​ផលិត​ជាង ២ ហិក​តា។ សមា​ជិក​ក្រុម​ភាគ​ច្រើន​គឺ​ដាំ​ដំ​ណាំ​រយៈ​ពេល​ខ្លី មាន​ដូច៖ ស្ពៃ​មើម ជីរ​វ៉ាន់​ស៊ុយ ខ្ទឹម​ស្លឹក​។ល។ ក្នុង​នោះ​សំ​ខាន់​គឺ​ស្ពៃ​មើម។ តាម​សម្តី​លោក​ស៊ើង អា​ទិភាព​ដំ​ណាំ​ស្ពៃ​មើម​គឺ​រយៈ​ពេល​ខ្លី ត្រឹម​តែ ១ ខែ​ទៅ ១ ខែ​កន្លះ​គឺ​អាច​ប្រ​មូល​ផល​បាន។ អា​ស្រ័យ​ហេតុ​នេះ មា​មីង​អាច​ដាំ​ដុះ​បាន​ជុំ​ឆ្នាំ បង្ក​ប្រ​ភព​ចំ​ណូល​បាន​ទៀង​ទាត់។ “នៅ​ទី​នេះ មា​មីង​ដាំ​ដំ​ណាំ​ឆ្លាស់​គ្នា បន្ទាប់​ពី​ប្រ​មូល​ផល​រួច​គឺ​រៀប​ចំ​ដី​ចុះ​ពូជ​ថ្មី​ជា​បន្ត។ ថ្វី​ដ្បិត​តម្លៃ​មិន​ស្មើរ ប៉ុន្តែ ដោយ​សារ​ដាំ​ដុះ​យូរ​មាន​បទ​ពិ​សោធន៍ ចំ​ណាយ​តិច ដូច្នេះ យើង​ខ្ញុំ​អាច​ដាំ​ដុះ​បាន​ជុំ​ឆ្នាំ” លោក​ស៊ើង បាន​ចែក​រំលែក​ដូច្នេះ។

ជា​មួយ​នឹង​ផ្ទៃ​ដី ១.០០០ ម៉ែត្រ​កា​រ៉េ ដាំ​ស្ពៃ​មើម​នៅ​រដូវ​ប្រាំង ផ្តល់​ទិន្ន​ផល​ប្រ​មាណ ៤ តោន រដូវ​វស្សា​ប្រ​មាណ​ពី ២-២,៥ តោន។ ប្រ​សិន​បើ​លក់​ក្នុង​តម្លៃ​ពី ៣.០០០ - ៤.០០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម ក្រោយ​ពី​ទូ​ទាត់​ចំ​ណាយ​នៅ​ចំ​ណេញ​ពី ៧-៨ លាន​ដុង​ក្នុង​មួយ​កុង។

ក្រៅ​ពី​តួនា​ទី​ប្រ​ធាន​ក្រុម​សហ​ការ​ដាំ​ដំ​ណាំ​នៅ​ភូមិ​ព្រៃ​ជាប់ A លោក​ស៊ើង នៅ​ទាំង​ទទួល​តួនា​ទី​ជា​ប្រ​ធាន​សា​ខា​សមា​គម​កសិ​ករ​ភូមិ។ គាត់​ខ្នះ​ខ្នែង​ក្នុង​ការ​ផ្សព្វ​ផ្សាយ ចលនា​សមា​ជិក​កសិ​ករ​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ជឿន​លឿន បង្វែរ​ពូជ​ដំ​ណាំ​សម​ស្រប​នឹង​លក្ខណៈ​តំ​បន់ ព្រម​ទាំង​កៀរ​គរ​ចូល​រួម​ចលនា​ប្រ​ឡង​ប្រ​ណាំង​ដែល​ភូមិ​ភាគ​បំ​ផុស។

បញ្ជាក់​ពី​លោក​ស៊ើង លោក​ក្វាច់​វ៉ាំង​ឌែប ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​ឡាយ​ហ្វា ឱ្យ​ដឹង៖ “លោក ឡឹម​វ៉ាំង​ស៊ើង គឺ​ជា​សមា​ជិក​មួយ​រូប​ក្នុង​ចំ​ណោម​សមា​ជិក​គំរូ​របស់​ឃុ​ឡាយ​ហ្វា។ មិន​ត្រឹម​តែ​ផលិត និង​ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​ប៉ុណ្ណោះ​ទេ គាត់​នៅ​ទាំង​ខ្នះ​ខ្នែង​ចូល​រួម​ការ​ងារ​សង្គម តែង​នាំ​មុខ​ក្នុង​ការ​ចង​សម្ព័ន្ធ​ផលិត ជួយ​មា​មីង​រួម​គ្នា​ពង្រីក​សេដ្ឋ​កិច្ច។ ទម្រង់​ក្រុម​សហ​ការ​ដាំ​ដំ​ណាំ​នៅ​ភូមិ​ព្រៃ​ជាប់ A ជា​សក្ខី​ភាព​ផ្តល់​ប្រ​សិទ្ធ​ភាព​នៃ​ការ​ផលិត​តាម​ទិស​ដៅ​ចង​សម្ព័ន្ធ។ នៅ​ពេល​ខាង​មុខ សមា​គម​កសិ​ករ​ឃុំ នឹង​បន្ត​លើក​សំ​ណើ​នូវ​គោល​នយោ​បាយ ឧបត្ថម្ភ​ទុន ណែ​នាំ​បច្ចេក​ទេស ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ដំ​ណើរ​ការ​របស់​ទម្រង់​នេះ”៕

 ហុង​ទើ-មុនី

ចែករំលែកអត្ថបទ