នៅពេលធាតុអាកាសឈានចូលរដូវប្រាំង ក៏ជាពេលនៅតាមភូមិស្រុកខ្មែរ រៀបចំបុណ្យកម្សាន្តភូមិយ៉ាងអធិកអធម ជាកាលចាប់ផ្តើមពិធីបុណ្យទានដោយមានសកម្មភាពជំនឿ សាសនា និងវប្បធម៌ដ៏វិសេសវិសាល ហើយនោះក៏ជាពេលដែលក្រុមសិល្បៈល្ខោនយូរកេរទាំងឡាយ មមាញឹកក្នុងការត្រៀមលក្ខណៈដើម្បីចេញទៅសម្ដែងបម្រើទស្សនិកជនផងដែរ។


សិល្បករ - សិល្បការិនីនៃក្រុមសិល្បៈមហាជនរ៉ងរ៉ង សម្ដែងបម្រើជូនទស្សនិកជន។
ក្រោយពីពេលឈប់សម្រាកសកម្មភាពក្នុងរដូវវស្សា និងហាត់សមរឿងសម្ដែងនានា ពេលរដូវប្រាំងចូលមកដល់ ក្រុមសិល្បៈល្ខោនយូរកេរទាំងឡាយក៏ចាប់ផ្ដើមត្រៀមខ្លួនចេញទៅសម្តែងបម្រើទស្សនិកជន។ ក្នុងនោះ មានគ្រួសារលោកបូស៊ុង បានបង្កើតក្រុមសិល្បៈល្ខោនយូរកេរតាំងពីជំនាន់ជីតារហូតមកទល់បច្ចុប្បន្ន លោកគឺជាអ្នកបន្តវេនជំនាន់ទី៣ក្នុងអាជីពសិល្បៈនេះ។ ក្រុមសិល្បៈមហាជនរ៉ងរ៉ង នៅឃុំធ្វឹងហ្វា ទីក្រុងកឹងធើ ដែលលោកបូស៊ុងកំពុងបន្តវេន កាលពីមុនធ្លាប់ល្បីឈ្មោះសុសសាយក្នុងខេត្តសុកត្រាំង (ចាស់)។ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ក្រុមបានចេញទៅសម្តែងនៅតាមទីតាំងជាង ១០ នៅលើភូមិឋានទីក្រុងកងធើ។ ទោះបីបច្ចុប្បន្នក្រុមសិល្បៈល្ខោនយូកេរមហាជនដូចជាក្រុមរ៉ងរ៉ង មិនសូវមានច្រើនដូចមុនក្តី ប៉ុន្តែអ្នកដែលបន្តអាជីពនិងរក្សាមត៌កសិល្បៈនៅតែមានវត្តមានជានិច្ចនៅក្នុងសហគមន៍ភូមិស្រុក។ លោកបូស៊ុង - ប្រធានក្រុមសិល្បៈមហាជនរ៉ងរ៉ង ឃុំធ្វឹងហ្វា ទីក្រុងកឹងធើ មានប្រសាសន៍៖ “ការសម្ដែងសិល្បៈត្រូវតែមានសាមគ្គីភាពទើបអាចរីកចម្រើនទៅមុខបាន។ បច្ចុប្បន្នវាខុសពីសម័យមុន យើងមិនសម្ដែងរហូតដល់ម៉ោង ២-៣ទៀបភ្លឺទៀតឡើយ គឺសម្ដែងត្រឹមម៉ោង ១១ យប់ប៉ុណ្ណោះ ដើម្បីឱ្យបងប្អូនសិល្បករមានពេលវេលាទៅប្រកបរបរផ្សេងៗទៀត អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ពេលទៅសម្ដែងក៏ទទួលបានការគាំទ្រពីមហាជន ដូច្នេះយើងខ្ញុំតែងតែខិតខំរក្សាអាជីពនេះជានិច្ច តាមការលើកទឹកចិត្តរបស់ទស្សនិកជន ហើយមិនបោះបង់ចោលរបរឡើយ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ”។
ក្នុងសន្ទុះនៃជីវភាពសង្គមសម័យទំនើប និងការវិវឌ្ឍនាបច្ចុប្បន្ន សិល្បៈល្ខោនយូរកេរបានជួបប្រទះនូវបញ្ហាប្រឈម និងឧបសគ្គជាច្រើន ដែលបណ្តាលឱ្យក្រុមខ្លះត្រូវរំសាយ ដោយមិនអាចចិញ្ចឹមជីវិតជាមួយអាជីពនេះបាន។ ទោះជាយ៉ាងនេះក្តី ចំពោះអ្នកដែលមានចិត្តស្រឡាញ់ និងចំណង់ចំណូលចិត្តចំពោះសិល្បៈល្ខោនយូរកេរ ពួកគេតែងតែស្វែងរកគ្រប់មធ្យោបាយដើម្បីថែរក្សាសិល្បៈជនជាតិ។ មានសិល្បករជាច្រើនពេលយប់ឡើងសម្ដែង រីឯពេលថ្ងៃទៅធ្វើជាកម្មករ ឬអ្នកខ្លះទៀតទៅលីស្រូវ។ នៅពេលពន្លឺឆាកបំភ្លឺឡើង គឺសិល្បករទាំងនោះបានដាក់អស់ដួងចិត្តទៅក្នុងតួអង្គ និងយកអស់សមត្ថភាពដើម្បីសម្ដែងបម្រើទស្សនិកជន។ លោកថាច់សា សមាជិកក្រុមសិល្បៈមហាជនរ៉ងរ៉ង បានឱ្យដឹង៖ “រាល់ពេលដល់រដូវប្រាំង ប្រធានក្រុមតែងតែប្រមូលផ្ដុំបងប្អូនសិល្បករមកហាត់សមដើម្បីត្រៀមលក្ខណៈចេញទៅសម្ដែង។ នៅពេលសម្រាកពីការសម្តែង យើងខ្ញុំម្នាក់ៗប្រកបរបរផ្សេងៗគ្នាដើម្បីចិញ្ចឹមជីវិត។ នាពេលបច្ចុប្បន្ន ការទំនាក់ទំនងមានភាពងាយស្រួល តាមរយៈទូរស័ព្ទចល័ត ដូច្នេះនៅពេលប្រធានក្រុមហៅទូរស័ព្ទ យើងខ្ញុំនឹងមានវត្តមានភ្លាមៗដើម្បីត្រៀមខ្លួនចេញទៅសម្តែង”។
ជាមធ្យមក្រុមសិល្បៈយូរកេរនីមួយៗ មានសមាជិកប្រមាណ ៤០ នាក់ រួមមាន៖ សិល្បករ តន្ត្រីករ ផ្នែកភស្តុភារ សំឡេង និងពន្លឺជាដើម។ ក្នុងឱកាសចេញទៅសម្តែងនៅតំបន់ឆ្ងាយ សមាជិកទាំងអស់ត្រូវស្នាក់នៅនិងហូបចុកជុំគ្នា រហូតដល់បញ្ចប់រដូវកាលសម្តែងទើបបានត្រឡប់ទៅផ្ទះវិញ។ បច្ចុប្បន្ន អាស្រ័យដោយប្រព័ន្ធចរាចរណ៍មានភាពងាយស្រួល ជីវភាពរបស់អ្នកសិល្បៈក៏បន្ថយបានការលំបាក ដោយអាចធ្វើដំណើរទៅមកដោយមធ្យោបាយផ្ទាល់ខ្លួន។ លោកឡាហ្វាងវិញ សមាជិកក្រុមសិល្បៈមហាជនរ៉ងរ៉ង ឱ្យដឹង៖ “ពេលថ្ងៃខ្ញុំធ្វើការងាររោងចក្រ យប់ឡើងខ្ញុំមកក្រុមដើម្បីសម្ដែងបម្រើជូនទស្សនិកជន។ ក្រោយបញ្ចប់កម្មវិធី ប្រសិនបើកន្លែងសម្តែងនៅជិត ខ្ញុំអាចបើកម៉ូតូត្រឡប់ទៅផ្ទះវិញ ដើម្បីមានពេលសម្រាកនិងធ្វើការងារផ្សេងៗ។ ខ្ញុំមានក្តីសប្បាយរីករាយយ៉ាងខ្លាំង នៅពេលបានឈរលើឆាកសម្តែង បញ្ចេញសមត្ថភាពបម្រើទស្សនិកជន”។
សិល្បៈល្ខោនយូរកេរខ្មែរណាមបូ គឺជាមត៌កវប្បធម៌មិនអាចខ្វះបានក្នុងជីវភាពស្មារតីរបស់ជនរួមជាតិខ្មែរ។ ទម្រង់សិល្បៈនេះ មិនត្រឹមតែបម្រើនូវតម្រូវការកម្សាន្តប៉ុណ្ណោះទេ ថែមទាំងជួយឱ្យទស្សនិកជនយល់ដឹងពីសីលធម៌ គុណធម៌ ព្រមទាំងបែងចែកឱ្យដាច់រវាងអំពើល្អនិងអំពើអាក្រក់ សុចរិតនិងទុច្ចរិត។ តាមរយៈនោះ រួមចំណែកតម្រង់ទិសឱ្យមនុស្សម្នាក់ៗកែប្រែខ្លួនឯង ដើម្បីឈានទៅរកការកសាងសង្គមសមធម៌និងវឌ្ឍនភាពទៀតផង៕
ថាញហ៊ុង - ថាច់ធី