ពង្រីកស្មារតីឈានមុខនិងស្ម័គ្រចិត្តរបស់យុវវ័យ ប៉ុន្មានឆ្នាំកន្លង សមាជិកសម្ព័ន្ធយុវជននិងយុវជនទីក្រុងកឹងធើ តែងសកម្មរៀនសូត្រនិងធ្វើតាមគំរូអ៊ំ ដោយអនុវត្តសំណង់និងការងារយុវជនជាច្រើន បង្កបរិយាកាសប្រឡងប្រណាំងយ៉ាងពុះពោររបស់យុវវ័យលើគ្រប់វិស័យនៃជីវភាពសង្គម។

សមាជិកសម្ព័ន្ធយុវជនឃុំង៉ុកតូ បើកយុទ្ធនាការសម្អាតស្មៅ ដាំដើមឈើ
"ថ្ងៃអាទិត្យបៃតង"។
ដាស់ស្មារតីឈានមុខនិងស្ម័គ្រចិត្តរបស់យុវវ័យ សម្ព័ន្ធយុវជនឃុំង៉ុកតូ បាននិងកំពុងផ្សព្វផ្សាយអនុវត្តការចលនាប្រឡងប្រណាំងយ៉ាងពុះពោរ បង្កបានជាស្នាដៃលេចធ្លោជាច្រើន។ តាមលេខាសម្ព័ន្ធយុវជនឃុំង៉ុកតូ សមមិត្ត ឡេធីបែខ្វៀង បានឱ្យដឹង ចាប់តាំងពីដើមឆ្នាំរហូតមកទល់ពេលនេះ សម្ព័ន្ធយុវជនឃុំង៉ុកតូ បានចលនាសមាជិកសម្ព័ន្ធយុវជនចូលរួមក្នុងសំណង់ និងសកម្មភាពមានអត្ថន័យជាច្រើន ដូចជា៖ ដាំនិងថែទាំផ្កាជាង ៣០០ ដើម ប្រមូលកាកសំណល់ជ័រជម្រះស្មៅតាមដងផ្លូវជនបទ រួមចំណែកឱ្យ "ដងផ្លូវយុវជន" កាន់តែបៃតង ជ្រះ ស្អាត។ ទន្ទឹមនឹងនោះ ជំរុញបណ្តាសកម្មភាពផ្សព្វផ្សាយអំពីការការពារបរិស្ថាន និងទប់ទល់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈចលនា "ប្រឆាំងនឹងកាកសំណល់ប្លាស្ទិក", "ថ្ងៃសៅរ៍ស្ម័គ្រចិត្ត", "ថ្ងៃអាទិត្យបៃតង" និងសកម្មភាពរបស់ក្លឹប "យុវជនឈានមុខការពារបរិស្ថាន" ដោយចូលរួមផ្ទាល់ក្នុងការសម្អាតអនាម័យនិងដាំផ្កានៅជុំវិញផ្ទាំងសិលាចារឹក ទីបញ្ចុះសពរបស់ឃុំ។ ទន្ទឹមនឹងនោះ កៀរគរបរិច្ចាគបានជាង ១០០ ឯកតាឈាម ឆ្លើយតបបានតម្រូវការឈាមសម្រាប់ការសង្គ្រោះបន្ទាន់និងការព្យាបាលអ្នកជំងឺ...។ អាចនិយាយបានថា រាល់សកម្មភាពនីមួយៗ ទោះបីធំឬតូចរបស់យុវជននាពេលបច្ចុប្បន្ន សុទ្ធតែបង្ហាញពីស្មារតី "ទីណាមានតម្រូវការ ទីនោះមានយុវជន ភារកិច្ចណាពិបាកមានយុវជន" ដូចអ្វីដែលលោកប្រធានហូជីមិញជាទីគោរពស្រឡាញ់តែងតែប្រាថ្នាចង់បាន។

សមាជិកសម្ព័ន្ធយុវជនសង្កាត់មីស្វៀង ចូលរួមជួយប្រជាជនដំឡើងកម្មវិធី VNeID។
សមមិត្ត ទ្រីវហ្វាតី - អនុលេខាសម្ព័ន្ធយុវជនសង្កាត់មីស្វៀងបានឱ្យដឹង៖ "ដោយយល់ច្បាស់ពីការរៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ និងឥរិយាបថហូជីមិញគឺជាភារកិច្ចដ៏សំខាន់ និងជាត្រីវិស័យសម្រាប់សកម្មភាពនិងចលនានានា។ រៀងរាល់ឆ្នាំ សម្ព័ន្ធយុវជនសង្កាត់បានម្ចាស់ការក្នុងការកសាងផែនការនិងភាគកម្រិតជាក់ស្តែង ដោយសមាជិកម្នាក់ៗស្វ័យកសាងផែនការផ្ទាល់ខ្លួននិងខិតខំប្រឹងប្រែងសម្រេចឱ្យបាននូវទិសដៅដែលបានដាក់ចេញ។ ទន្ទឹមនឹងការចូលរួមយ៉ាងសកម្មក្នុងចលនានានា ដូចជា៖ ថ្ងៃសៅរ៍ស្ម័គ្រចិត្ដ ថ្ងៃអាទិត្យបៃតង...។ ឆ្នាំ ២០២៥ សម្ព័ន្ធយុវជនសង្កាត់មីស្វៀង បានចូលរួមជំនួយក្នុងការផ្លាស់ប្តូរទីលំនៅនិងរុះរើផ្ទះជូនប្រជាជនបានជាង ៥០ ខ្នង។ ព្រមទាំងសហការជាមួយបណ្តាអង្គការមហាជន ជូនអំណោយជាង ៤០០ ចំណែក ដល់គ្រួសារក្រីក្រ គ្រួសារគោលនយោបាយ សមាជិកយុវជននិងយុវជនដែលមានជីវភាពលំបាក។ ក្រៅពីនេះ បង្កើតក្រុមផ្លាស់ប្តូរឌីជីថលសហគមន៍ និងក្រុមយុវជនស្ម័គ្រចិត្ត ដើម្បីសហការអនុវត្តការជួយប្រជាជនក្នុងការដំឡើងកម្មវិធីនិងបញ្ចូលគណនីអត្តសញ្ញាណអេឡិចត្រូនិក ព្រមទាំងការប្រើប្រាស់សៀវភៅសុខភាពអេឡិចត្រូនិកនៅលើ VNeID ផងដែរ។ល។ ដោយមានសមាជិកយុវជនចូលរួមជាង ១០០ លើកនាក់។ តាមរយៈសកម្មភាពដ៏សម្បូរបែប និងពុះពោរទាំងនេះ បានបង្កបរិយាកាសល្អសម្រាប់យុវជនក្នុងការហ្វឹកហាត់ លះបង់និងវិវឌ្ឍន៍ខ្លួន។ ឆ្លងតាមរយៈនេះ មានគំរូឆ្នើមជាច្រើនបានលេចឡើង ហើយបានឧទ្ទេសនាមឱ្យចូលក្នុងកងជួរបក្ស។
អាចសន្និដ្ឋានបានថា លទ្ធផលទាំងឡាយដែលសម្រេចបានគឺជាសក្ខីភាពដ៏រស់រវើក បង្ហាញឱ្យឃើញ ឧត្តមគតិ សីលធម៌ និងឥរិយាបថហូជីមិញ ជាចន្លុះបំភ្លឺផ្លូវនិងជាប្រភពកម្លាំងផ្ទៃក្នុងដ៏ធំធេង ដើម្បីឱ្យបុគ្គលម្នាក់ៗនិងរាល់ស្ថាប័ន អង្គភាពនិងភូមិភាគមិនបង្អង់ក្នុងការខិតខំ ប្រឹងប្រែង លះបង់ រួមចំណែកកសាងភូមិស្រុកទីក្រុងកឹងធើឱ្យកាន់តែមានភាពអរិយធម៌និងអភិវឌ្ឍ៕
ថាញ់វ៉ាង-ដាលីន