មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

19/05/2026 - 10:30

ព្រះ​ចៅ​អធិ​ការ​វត្ត​ពពុះ​ទឹក អស់​ពី​ព្រះ​ទ័យ​ដើម្បី​ការ​ងារ​សាស​នា​និង​ការ​ងារ​សង្គម 

ព្រះ​តេជ​ព្រះ​គុណ ឡឹម​វ៉ាន់​នី ព្រះ​ចៅ​អធិ​ការ​វត្ត​ពពុះ​ទឹក ឃុំ​មី​ហឿង ទី​ក្រុង​កឹង​ធើ ចាប់​ពី​ឆ្នាំ ២០១០ មក ព្រះ​អង្គ​តែង​ផ្តោត​ទៅ​លើ​ការ​កសាង​និង​ជួស​ជុល ព្រម​ទាំង​ថែ​រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​និង​សកម្ម​ភាព​ជំ​នឿ​សាស​នា​របស់​មា​មីង​ពុទ្ធ​បរិ​ស័ទ ជាង​នេះ​ទៅ​ទៀត ព្រះ​អង្គ​តែង​ជួយ​ឧបត្ថម្ភ​មា​មីង​ក្រី​ក្រ​ក្នុង​ភូមិ​ស្រុក​ដោយ​អស់​ពី​ព្រះ​ទ័យ។

ព្រះ​តេជ​ព្រះ​គុណ ឡឹម​វ៉ាន់​នី ព្រះ​ចៅ​អធិ​ការ​វត្ត​ពពុះ​ទឹក។

បន្ទាប់​ពី​ទទួល​តួនា​ទី​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត ព្រះ​តេជ​ព្រះ​គុណ ឡឹម​វ៉ាន់​នី តែង​យក​ព្រះ​ទ័យ​ទុក​ដាក់​ដល់​ការ​រៀប​ចំ​កសាង​ផ្នែក​សំ​ណង់សំ​ខាន់ៗ​ក្នុង​វត្ត។ ចាប់​ពី​ឆ្នាំ ២០១៣ មក​ដល់​សព្វ​ថ្ងៃ វត្ត​ព​ពុះ​ទឹក​បាន​កសាង​សំ​ណង់​សំ​ខាន់ៗ ជា​ច្រើន មាន​ដូច៖ កុដិ សា​លា ចេ​តិយ​សង្គម របង​។ល។ សរុប​ថវិ​កា​កសាង​ជាង ១៤ ពាន់​លាន​ដុង ថវិកា​ទាំង​នេះ​បាន​មក​ពី​ការ​រួម​វិភាគ​ទាន​របស់​ពុទ្ធ​បរិ​ស័ទ។ សព្វ​ថ្ងៃ សំ​ណង់​ព្រះ​វិហារ​កំ​ពុង​កសាង គ្រោង​ថវិ​កា​សាង​សង់​ជាង ២០ ពាន់​លាន​ដុង រចនា​ប្លង់​ដោយ​ព្រះ​អង្គ​ផ្ទាល់។

ទន្ទឹម​នឹង​ការ​កសាង​នៅ​ឆ្នាំ ២០១៦ ព្រះ​អង្គ​បាន​ស្តារ​ឡើង​វិញ​នូវ​សកម្ម​ភាព​ទូក-ង ដើម្បី​ចូល​រួម​អុំ​ប្រ​ណាំង​ក្នុង​ពិធី​បុណ្យ​អក​អំ​បុក​ប្រ​ណាំង​ទូក-ង។ ពិ​សេស វត្ត​ក៏​បាន​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ដល់​ព្រះ​សង្ឃ​និង​កូន​ចៅ​មា​មីង​ពុទ្ធ​បរិ​ស័ទ​ក្នុង​រដូវ​វិស្ស​មកាល​ជា​រៀង​រាល់​ឆ្នាំ។ ម្យ៉ាង​ទៀត ព្រះ​អង្គ​តែង​ចល​នា​សប្បុ​រស​ជន​ដើម្បី​ចាត់​ចែង​ជា​អំ​ណោយ​ជូន​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ដែល​មាន​ជីវ​ភាព​លំ​បាក ឧបត្ថម្ភ​សិស្សា​នុសិស្ស​មាន​លក្ខណៈ​បន្ត​ការ​សិក្សា។

បង​ស្រី ត្រឿង​ធី​ធូ​ថាវ ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ពពុះ​ទឹក ឱ្យ​ដឹង៖ “ព្រះ​តេជ​ព្រះ​គុណ ឡឹម​វ៉ាន់​នី តែង​ចលនា​សប្បុ​រស​ជន​រួម​វិភាគ​ទាន​ជួយ​គ្រួ​សារ​ក្រី​ក្រ​និង​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​លំ​បាក​ក្នុង​ភូមិ។ ឆ្នាំ​កន្លង​ហើយ ព្រះ​អង្គ​ចលនា​អំ​ណោយ​បាន ១៥០ ចំ​ណែក​ជូន​មា​មីង​ក្រី​ក្រ។ ក្រៅ​ពី​នោះ វត្ត​នៅ​ទាំង​ឧបត្ថម្ភ​អង្ករ​ដល់​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​លំ​បាក។ សម្រាប់​ពុទ្ធ​បរិ​ស័ទ​ក្នុង​ចំ​ណុះ​ជើង​វត្ត ពេល​គ្រួ​សារ​មាន​មរណ​ទុក្ខ ព្រះ​អង្គ​តែង​ចំ​ណាយ ប្រាក់​សម្រាប់​វត្ត​យកទៅ​ចូល​កុល​បុណ្យ​ពី ១ - ២ លាន​ដុង យោង​តាម​ស្ថាន​ភាព​គ្រួ​សារ”។

បច្ចុប្បន្ន ព្រះ​តេជ​ព្រះ​គុណឡឹម​វ៉ាន់​នី ជា​សមា​ជិក​គណៈ​ព័ត៌​មាន​សារ​គម​នា​គមន៍​នៃ​សមា​គម​ពុទ្ធ​សាស​នា​ទី​ក្រុង​កឹង​ធើ និង​ជា​សមា​ជិក​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​មី​ហឿង។ តាម​រយៈ​នោះ ព្រះ​អង្គ​តែង​ផ្សព្វ​ផ្សាយចលនា​មា​មីង​ពុទ្ធ​បរិ​ស័ទ​គោ​រព​អនុវត្ត​តាម​គោល​ការណ៍ គោល​មា​គ៌ា​របស់​បក្ស គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ រស់​នៅ​ល្អ​សាស​នា​ល្អ​សង្គម។

លោក គីមិញ​ធី អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​មី​ហឿង ឱ្យ​ដឹង៖ រយៈ​ពេល​កន្លង អ្នក​មុខ​អ្នក​ការ​សាស​នា បាន​សហ​ការ​ជា​មួយ​រដ្ឋ​អំ​ណាច​និង​គណៈ​ប្រ​ជា​ជន ភូមិ​នា​នា ផ្គួប​បញ្ចូល​ខ្លឹម​សារ​ផ្សព្វ​ផ្សាយ​ច្បាប់​នៅ​ថ្ងៃ​បុណ្យ​ទាន​ផ្សេងៗ ដើម្បី​កៀរ​គរ​មា​មីង​ចូល​រួម​ចលនា​អា​ស្រ័យ​រដ្ឋ​អំ​ណាច​បំ​ផុស ដូច​ជា​ការ​កសាង​ជន​បទ​ថ្មី ការ​ពារ​បរិស្ថាន រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់ បំ​បាត់​ភាព​អត់​ឃ្លាន បន្ថយ​ភាព​ក្រី​ក្រ៕

                                            វឌ្ឍា-មុនី

ចែករំលែកអត្ថបទ