ក្នុងបរិយាកាសរីករាយ អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៦ ឃុំសាភៀង ក្រុងកឹងធើ បានអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន សំដៅគិតគូរជីវភាពរបស់ប្រជាជន រួមចំណែកផ្សព្វផ្សាយនូវស្មារតីសាមគ្គី និងមនោសញ្ចេតនាក្នុងសហគមន៍។
ស្ថិតក្នុងសកម្មភាពនៃកម្មវិធី "បុណ្យចូលឆ្នាំកងទ័ព - ប្រជាជន" អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ ឆ្នាំ២០២៦ សម្ព័ន្ធយុវជនឃុំសាភៀង បានចាត់តាំងបើកយុទ្ធនាការជួយរុះរើផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម។ កងកម្លាំងសម្ព័ន្ធយុវជន បានសកម្មជួយរុះរើផ្ទះជូនគ្រួសារប្រជាជន ដើម្បីរៀបចំទីធ្លាសម្រាប់សាងសង់ផ្ទះ "មហាសាមគ្គី" ថ្មីសមរម្យនិងរឹងមាំជាង រួមចំណែកធានាល្បឿនសាងសង់ផ្ទះ "មហាសាមគ្គី" ចំនួន ១៦៤ ខ្នង សម្រាប់គ្រួសារដែលមានជីវភាពខ្វះខាតក្នុងឃុំ។

សម្ព័ន្ធយុវជនឃុំសាភៀង ជួយរុះរើផ្ទះបណ្តោះអាសន្នជូនគ្រួសារប្រជាជន
ដែលមានជីវភាពខ្វះខាត។
អ្នកមីងធីថាង នៅភូមិង៉ាបាក់ ឃុំសាភៀង បានចែករំលែក៖ “គ្រួសារខ្ញុំមានក្តីរំភើបនិងដឹងគុណខ្លាំងណាស់ នៅពេលដែលគណៈកម្មាធិការគ្រប់ថ្នាក់ គ្រប់ផ្នែក យកចិត្តទុកដាក់ជួយរុះរើផ្ទះចាស់ដើម្បីសាងសង់ផ្ទះថ្មី។ នេះគឺជាការលើកទឹកចិត្តយ៉ាងធំធេង ជួយឱ្យគ្រួសារខ្ញុំលំនឹងជីវភាព ជាពិសេសគឺក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ”។
ទន្ទឹមនឹងនោះ សម្ព័ន្ធយុវជនឃុំក៏បានសហការជាមួយដំណាក់សុខាភិបាលឃុំ និងមន្ទីរពេទ្យសម្ភពកឹងធើ ចាត់តាំងកម្មវិធីពិនិត្យ ផ្តល់ប្រឹក្សាសុខភាព និងផ្តល់ថ្នាំដោយឥតគិតថ្លៃជូនប្រជាជននៅភូមិឋាន។ នៅទីនេះ កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតបានពិនិត្យយ៉ាងយកចិត្តទុកដាក់ និងណែនាំវិធីបង្ការជំងឺទូទៅ ទន្ទឹមនឹងនោះ ផ្តល់ថ្នាំចំនួន ៥០០ កញ្ចប់ និងអំណោយចំនួន ៥០០ ចំណែកជូនប្រជាជន គិតជាតម្លៃសរុបជាង ១៥០ លានដុង។
ក្នុងឱកាសនេះដែរ សមាគមសហព័ន្ធនារីឃុំសាភៀង ក៏បានសកម្មចលនាសប្បុរសជន ចាត់តាំងទៅសួរសុខទុក្ខ និងជូនអំណោយដល់សមាជិកាជាជនជាតិដែលមានជីវភាពខ្វះខាត។ សមាគមបានជូនអំណោយចំនួន ១៣១ ចំណែក សរុបថវិកា ៤៤ លានដុង អំណោយមួយចំណែកៗរួមមានគ្រឿងឧបភោគបរិភោគចាំបាច់ និងប្រាក់សុទ្ធ រួមចំណែកជួយគ្រួសារនីមួយៗទទួលបុណ្យចូលឆ្នាំថ្មីកាន់តែកក់ក្តៅនិងពេញលេញ។ ទន្ទឹមនឹងនោះ សមាគមនៅទាំងចាត់តាំងវេចនំអន្សមជ្រូក រឹតបន្តឹងចំណងសាមគ្គីរវាងកងទ័ពនិងប្រជាជន នៅភូមិង៉ាបាក់ និងភូមិង៉ាកៃ ភូមិនីមួយៗវេចនំអន្សមជ្រូកចំនួន៦០០នំ បង្កបរិយាកាសសប្បាយរីករាយ និងសាមគ្គីភាពសហគមន៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៦។

បរិយាកាសសប្បាយរីករាយក្នុងសកម្មភាពវេចនំអន្សមជ្រូករឹតបណ្តឹងចំណងមនោសញ្ចេតនាកងទ័ពនិងប្រជាជន។
អ្នកមីង ត្រឹងធីអ៊ុក – ប្រធានសមាគមសហព័ន្ធនារីឃុំសាភៀង បានឱ្យដឹង៖ “ឆ្លងតាមរយៈសកម្មភាពបុណ្យចូលឆ្នាំកងទ័ព - ប្រជាជន ភូមិភាគសង្ឃឹមថានឹងនាំមកជូនមាមីងជនរួមជាតិខ្មែរដែលមានជីវភាពខ្វះខាតទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីមួយដ៏កក់ក្តៅ និងពោរពេញដោយមនោសញ្ចេតនា។ ឆ្លងតាមរយៈនោះ បន្តពង្រីកកម្លាំងផែនមហាសាមគ្គីទូទាំងជនជាតិ ព្រួតដៃកសាងភូមិស្រុកឱ្យកាន់តែរីកចម្រើន សម្បូរសប្បាយ”។
តាមរយៈសកម្មភាពនានានៃកម្មវិធី "បុណ្យចូលឆ្នាំកងទ័ព - ប្រជាជន" អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២៦ ឃុំសាភៀង បន្តអះអាងពីការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងអង្គការមហាជន ចំពោះជនរួមជាតិខ្មែរ ឆ្លងតាមរយៈនោះ បង្កជាកម្លាំងចលករដើម្បីប្រជាជនឈានឡើង ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីក្នុងក្តីសប្បាយរីករាយ កក់ក្តៅនិងមានសុភមង្គល៕
ហុងទើ-វ៉ាន់តឹន