08/04/2026 - 06:17

រីក​រាយ​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ក្នុង​ផ្ទះ​ថ្មី​ 

នៅ​ឃុំ​លិច​ហូយ​ធឿង មាន​ផ្ទះ​រឹង​មាំ​ជា​ច្រើន​ខ្នង​បាន​សាង​សង់​ឡើង​ជំ​នួស​ផ្ទះ​ចាស់​ទ្រុឌ​ទ្រោម ដែល​បញ្ជាក់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​របស់​បក្ស រដ្ឋ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ចំ​ពោះ​ជន​រួម​ជាតិ។

ប្តី​ប្រ​ពន្ធ​បង​ត្រឹង​វ៉ូវ​ដា នៅ​ភូមិ​ហូយ​ទ្រុង មាន​ក្ដី​រំភើប​រីក​រាយ​ក្នុង​ផ្ទះ​ថ្មី។

លោក​ឡេ​វុាំង​ថាំង ជា​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​នៅ​ភូមិ​យ៉ុង​យឿ បាន​រ៉ាយ​រ៉ាប់​ទាំង​ក្តី​រំភើប៖ “ក្រោយ​ពី​បំ​ពេញ​ភារ​កិច្ច​នៅ​សមរ​ភូមិ​កម្ពុជា ឆ្នាំ ១៩៨៦ ខ្ញុំ​បាន​មក​ស្រុក​កំ​ណើត។ គ្រា​នោះ ជីវ​ភាព​គ្រួ​សារ​ជួប​ការ​លំ​បាក​ខ្លាំង​និង​គ្មាន​ដី​ផលិត។  ប្តី​ប្រ​ពន្ធ​ខ្ញុំ​ធ្វើ​ការ​ឈ្នួល​ជុំ​ឆ្នាំ តាំង​ពី​ការ​ដក​ស្មៅ ឆ្លូក​ស្រូវ​ជា​ដើម ប៉ុន្តែ​ចំ​ណូល​មិន​ទៀង​ទាត់។ ផ្ទះ​ទ្រុឌ​ទ្រោម គ្មាន​លទ្ធ​ភាព​ជួស​ជុល​ឬ​សាង​សង់​ថ្មី។ អា​ស្រ័យ​បាន​រដ្ឋ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ថ្មី ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ គ្រួ​សារ​ខ្ញុំ​បាន​ទទួល​អំ​ណរ​ឆ្នាំ​ថ្មី​ក្នុង​ផ្ទះ​ថ្មី​យ៉ាង​សម​រម្យ និង​មាន​ភាព​កក់​ក្ដៅ​ជាង​មុន”។

ដោយ​ឡែក​ចំ​ពោះ​គ្រួ​សារ​បង ត្រឹង​វ៉ូវ​ដា នៅ​ភូមិ​ហូយ​ទ្រុង ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ផ្ទះ​ពី​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម។ បងដា ឱ្យ​ដឹង៖ “គ្រួ​សារ​ខ្ញុំ​ជា​គ្រួ​សារ​ក្រី​ក្រ និង​គ្មាន​ដី​បង្ក​បង្កើន​ផល។  អា​ស្រ័យ​ដោយ​រដ្ឋ​ឧបត្ថម្ភ​ថវិ​កា​ចំ​នួន ៦០ លាន​ដុង រួម​ជា​មួយ​ប្រាក់​សន្សំ​របស់​គ្រួ​សារ ទើប​ខ្ញុំ​សាង​សង់​បាន​ផ្ទះ​ថ្មី​រឹង​មាំ។ គ្រួ​សារ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ព្រោះ​មាន​កន្លែង​រស់​នៅ​លំ​នឹង មិន​បា​រម្ភ​ភ្លៀង​ស្រក់​ទៀត។ មាន​ផ្ទះ​ថ្មី ខ្ញុំ​កាន់​តែ​មាន​កម្លាំង​ចិត្ត​ខិត​ខំ​រក​ស៊ី។ ក្រៅ​ពី​នោះ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ថែម​ទាំង​បាន​ឧបត្ថម្ភ​ម៉ូតូ​មួយ​គ្រឿង ដើម្បី​ប្រើ​ជា​មធ្យោ​បាយ​ទៅ​ធ្វើ​ការ​ងារ ដោះ​ស្រាយ​ជីវ​ភាព​គ្រួ​សារ​ផង​ដែរ”។

លោក​ផាង​ម៉ាញ​លៀក ប្រ​ធាន​ការិ​យា​ល័យ​វប្ប​ធម៌ - សង្គម ឃុំ​លិច​ហូយ​ធឿង ឱ្យ​ដឹង៖ “ក្នុង ឆ្នាំ ២០២៥ ភូមិ​ភាគ​បាន​ជំ​រុញ​ការ​សាង​សង់​ផ្ទះ​ជូន​គ្រួ​សារ​ដែល​កំ​ពុង​រស់​នៅ​ក្នុង​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម ពិ​សេស​គឺ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ គ្រួ​សារ​គោល​នយោ​បាយ និង​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​លំ​បាក។ ដំ​ណើរ​ការ​អនុ​វត្ត​តែង​ធ្វើ​ឡើង​ដោយ​បើក​ចំ​ហ តម្លា​ភាព ចំ​មុខ​សញ្ញា ជៀស​វាង​ការ​ផ្ទួន​ឬ​ឆ្លក​មុខ​សញ្ញា។ តាម​រយៈ​នោះ ឃុំ​បាន​ជួយ​ឧបត្ថម្ភ​សាង​សង់​ថ្មី​និង​ជួស​ជុល​ផ្ទះ​បាន ១១៧ ខ្នង សរុប​ទឹក​ប្រាក់​ជាង ៨ ពាន់​លាន​ដុង ដើម្បី​ជួយ​មា​មីង​មាន​កន្លែង​នៅ​លំ​នឹង និង​ឈាន​ឡើង​ក្នុង​ជីវ​ភាព”។

មា​មីង​ខ្មែរ​នៅ​ឃុំ​លិច​ហូយ​ធឿង ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ក្នុង​ផ្ទះ​ថ្មី​ដ៏​កក់​ក្តៅ ដែល​នេះ​មិន​ត្រឹម​តែ​ជា​ក្តី​សប្បាយ​រីក​រាយ​ក្នុង​ឱកាស​បុណ្យ​ទាន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បញ្ជាក់​ឱ្យ​ឃើញ​នូវ​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្បាស់​ក្រ​ឡែត​ក្នុង​ជីវ​ភាព​រស់​នៅ​របស់​មា​មីង​ជន​ជាតិ​ខ្មែរ​ផង​ដែរ។ ការ​រស់​នៅ​ក្នុង​ផ្ទះ​រឹង​មាំ​និង​មាន​សុ​វត្ថិ​ភាព បាន​ជួយ​ឱ្យ​មីង​កាន់​តែ​មាន​ទំ​នុក​ចិត្ត​និង​កម្លាំង​ជំ​រុញ ដើម្បី​ខិត​ខំ​ឈាន​ឡើង​កសាង​ជីវ​ភាព​ឱ្យ​កាន់​តែ​ស្ថិរ​ភាព​និង​ធូរ​ធារ​ជាង​មុន។ នេះ​ក៏​ជា​លទ្ធ​ផល​នៃ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ការ​រួម​ដំ​ណើរ​របស់​គ្រប់​ថ្នាក់ គ្រប់​ផ្នែក ក្នុង​ការ​គិត​គូរ​ដល់​ជីវ​ភាព​រស់​នៅ​ជូន​ជន​ជាតិ​ភាគ​តិច​ផង​ដែរ៕

                                    ដា​លីន - ថាច់​ធី

ចែករំលែកអត្ថបទ