កំសាន្ត រឿងពីនេះពីនោះ

10/04/2026 - 09:11

របៀប​ស្ល​សម្ល​ផ្កា​ចុង​អង្ករ​ជា​មួយ​បង្គា​បំ​បាត់​កម្តៅ​ក្នុង​ខ្លួន​រដូវ​ក្តៅ 

ផ្កា​ចុង​អង្ករ​ស្ល​ជា​មួយ​បង្គា គឺ​ជា​មុខ​ម្ហូប​មួយ​ក្នុង​ចំ​ណោម​មុខ​ម្ហូប​ដែល​ស្រ្តី​មេ​ផ្ទះ​ជា​ច្រើន​ជ្រើស​យក។ ថ្ងៃ​នេះ ទំ​ព័រ​ព័ត៌​មាន VietNamNet នឹង​ធ្វើ​ការ​ណែ​នាំ​ពី​របៀប​ស្ល​សម្ល​ផ្កា​ចុង​អង្ករ​ជា​មួយ​បង្គា​បំ​បាត់​កម្តៅ​ក្នុង​ខ្លួន​រដូវ​ក្តៅ។

ផ្កា​ចុង​អង្ករ​ស្ល​ជា​មួយ​បង្គា ជា​មុខ​ម្ហូប​មួយ​ក្នុង​ចំ​ណោម​មុខ​ម្ហូប​ដែល​ស្រ្តី​មេ​ផ្ទះ​ជា​ច្រើន​ជ្រើស​យក។ រូប៖ ទស្ស​នា​វដ្តី Suckhoe+

១. វត្ថុ​ធាតុ​ដើម

ផ្កា​ចុង​អង្ករ៖ ៣៥០​ក្រាម។

បង្គា៖ ២០០​ក្រាម។

ខ្ទឹម​ស្ងួត ខ្ទឹម​ស្លឹក៖ បន្តិច។

គ្រឿង​ផ្សំ​ផ្សេងៗ​គឺ៖ អំ​បិល ម្សៅ​ស៊ុប ម្រេច ទឹក​ត្រី។

២. របៀប​ស្ល

ទី១៖ ច្នៃ​បណ្តោះ​អា​សន្ន​វត្ថុ​ធាតុ​ដើម

ផ្កា​ចុង​អង្ករ​លាង​ឱ្យ​ជ្រះ​ស្រង់​ឡើង ទុក​ឱ្យ​ស្ងួត។

ខ្ទឹម​ស្លឹក​លាង​ឱ្យ​ជ្រះ កាត់​គល់​ទុក​ដោយ​ឡែក ស្លឹក​ហាន់​ឱ្យ​ល្អិត។

ត្រាំ​បង្គា​ក្នុង​ទឹក​លាយ​ជា​មួយ​អំ​បិល​និង​ស្រា​ស​បន្តិច រយៈ​ពេល​ពី ៥ - ៧ នា​ទី បន្ទាប់​មក​លាង​ទឹក​ជម្រះ​រួច​ទុក​ឱ្យ​ស្ងួត។ វិធី​នេះ​នឹង​ធ្វើ​ឱ្យ​បង្គា ជ្រះ​និង​បំ​បាត់​ក្លិន​ឆ្អាប។ បន្ទាប់​មក​ទៀត បក​សំ​បក ហូត​យក​សរ​សៃ​ខ្មៅ​ពី​ខាង​លើ​ខ្នង​បង្គា​ចេញ។

ទី២៖ ប្រ​ឡាក់​វត្ថុ​ធាតុ​ដើម

ដាក់​បង្គា​ក្នុង​ចាន បង់​ស្ករ​មួយ​ស្លាប​ព្រា ទឹក​ត្រី​មួយ​ស្លាប​ព្រា ម្សៅ​ស៊ុប​ពាក់​កណ្តាល​ស្លាប​ព្រា ម្រេច​បន្តិច​និង​បង់​គល់​ខ្ទឹម​ចូល​ច្រ​បល់​ឱ្យ​ស្មើ​រួច​ទុក​ប្រ​មាណ​១៥​នា​ទី។

ទី៣៖ ដណ្ដាំ​ស្ល

ដំ​បូង លោក​អ្នក​បន្ស៊ី​ខ្លាញ់​ខ្ទឹម​ស្ងួត រួច​បង់​បង្គា​ដែល​បាន​ប្រ​ឡាក់​ចូល​ឆា​បើក​ភ្លើង​ឱ្យ​ធំ។ ចំ​ណាំ​គឺ​ក្នុង​ដំ​ណាក់​កាល​ឆា លោក​អ្នក​ត្រូវ​គ្រ​លែង​ត្រ​ឡប់​ឱ្យ​បាន​លឿន​ដើម្បី​បង្គា​ឆ្អិន​ស្មើ ហើយ​មិន​ខ្លោច​ផង។ ពេល​បង្គា​ឆ្អិន​ល្មម គឺ​លើក​ចេញ​ពី​ចង្ក្រាន។

ក្រោយ​មក ដណ្តាំ​ទឹក​ឱ្យ​ពុះ​ប្រ​មាណ​មួយ​លីត្រ រួច​យក​សាច់​បង្គា​ដែល​ឆា​ហើយ​ដាក់​ចូល​ស្ល។ លោក​អ្នក​ចំ​ណាំ ត្រូវ​បើក​ភ្លើង​ឱ្យ​ស្មើ ដួស​ពពុះ​ចេញ បង់​អំ​បិល​និង​ម្សៅ​ស៊ុប​ល្មម​សាប​ប្រៃ។ បន្ទាប់​មក​បង់​ផ្កា​ចុង​អង្ករ​ចូល​បើក​ភ្លើង​ធំ​ឱ្យ​សម្ល​ឆាប់​ពុះ រួច​ហើយ​បិទ​ភ្លើង​ភ្លាម។ ប្រ​សិន​បើ ដណ្តាំ​យូរ​ពេក ផ្កា​ចុង​អង្ករ​នឹង​រលួយ បាត់​ភាព​ស្រួយ​ផ្អែម។

ទី៤៖ សម្រេច​ជា​ស្ថា​ពរ

ដួស​សម្ល​ដាក់​ក្នុង​ចាន​គោម រោយ​ខ្ទឹម​ស្លឹក និង​ម្រេច​កិន​ពី​លើ​សម្ល​ហើយ​ទទួល​ទាន។

៣. ចំ​ណាំ​នៅ​ពេល​ស្ល​សម្ល​ផ្កា​ចុង​អង្ករ​ជា​មួយ​បង្គា

ដើម្បី​ស្ល​សម្ល​ផ្កា​ចុង​អង្ករ​ជា​មួយ​បង្គា លោក​អ្នក​គប្បី​ចង​ចាំ​ផ្នែក​ជ្រើស​រើស​វត្ថុ​ធាតុ​ដើម។

ខណៈ​ពេល​ទិញ​ផ្កា​ចុង​អង្ករ គប្បី​ជ្រើស​យក​ផ្កា​ដែល​នៅ​ក្រ​ពុំ។ ប្រ​ការ​នេះ​មិន​ត្រឹម​តែ​រក្សា​បាន​រស​ក្លិន​ក្រ​អូប​ពី​ធម្ម​ជាតិ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធា​នា​រក្សា​បាន​ភាព​ស្រួយ​និង​ស្រស់​ឆ្ងាញ់​ទៀត​ផង។

រីឯ​បង្គា​ស្រស់​ជើង​វា​នឹង​មាន​ពណ៌​ថ្លាជាប់​នឹង​ដង​ខ្លួន។ មិន​ត្រូវ​ទិញ​បង្គា​ដែល​មាន​ជើង​ប្រែ​ពណ៌ បាក់​កឡើយ។

ចំ​ណាំ​ទិញ​បង្គា​ដែល​មាន​ដង​ខ្លួន​គម សាច់​ហាប់ សំ​បក​ស្រស់​និង​ក្បាល​នៅ​ជាប់​នឹង​ខ្លួន។ មិន​ត្រូវ​ទិញ​បង្គា​ដែល​មាន​កន្ទុយ​យារ បាក់​ក​បាត់ ស្រ​កា​កន្ទុយ​និង​របេះ​ដាច់​ឡើយ។ ពី​ព្រោះ​នេះ​អាច​ជា​បង្គា​ដែល​ចាប់​ឡើង​ទុក​យូរ ត្រាំ​សារ​ធាតុ​ទុក​យូរ។

ពី​ព្រោះ​ផ្កា​ចុង​អង្ករ​ឆាប់​ឆ្អិន ម្ល៉ោះ​ហើយ​ពេល​ស្ល លោក​អ្នក​បង់​ផ្កា​ចូល​ឆ្នាំង​សម្ល ដុត​ភ្លើង​ឱ្យ​ពុះ​រួច​បិទ​ភ្លើង​ភ្លាម ដើម្បី​ធា​នា​បាន​ភាព​ស្រួយ និង​ក្លិន​ក្រ​អូប។ ប្រ​សិន​បើ​ដណ្តាំ​យូរ​ពេក ផ្កា​ចុង អង្ករ​រលួយ និង​បាត់​នូវ​រស​ជាតិ​ក្រ​អូប​ឆ្ងាញ់។

សម្ល​ផ្កា​ចុង​អង្ករ​ជា​មួយ​បង្គា​មាន​រស​ជាតិ​ឆ្ងាញ់ នៅ​ពេល​បង់​គ្រឿង​គ្រប់​សព្វ ល្មម​សាប ប្រៃ​ផ្កា​ចុង​អង្ករ​ឆ្អិន​ខៀវ​រលើប និង​រក្សា​បាន​ភាព​ស្រួយ បង្គា​ស្រស់​មាន​រស​ជាតិ​ផ្អែម មាន​ជាតិ​បំ​ប៉ន​ខ្ពស់៕

យោង៖  VietNamNet - លី​សៀ

ចែករំលែកអត្ថបទ