02/09/2024 - 09:14

សិស្ស​នៅ​តំបន់​ជន​ជាតិ​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី

រួម​ជា​មួយ​សិស្សា​នុសិស្ស​ទូ​ទាំង​ប្រ​ទេស សិស្សា​នុសិស្ស​ជន​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក និង​សិស្សា​នុសិស្ស​ជន​ជាតិ​ភាគ​តិច​និយាយ​រួម​នៅ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង បាន​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​ ២០២៤​- ២០២៥។

អនុ​វិទ្យា​ល័យ​ថើយ​ស្វឹង ស្រុក​កើ-ដ ក្រុង​កឹង​ធើ ជា​សា​លា​នៅ​តំ​បន់​មាន​សិស្ស​ជន​ជាតិ​រស់​នៅ​កុះ​ករ បាន​វិនិ​យោគ​កសាង​យ៉ាង​សម​រម្យ​និង​សម្រេច​បទ​ដ្ឋាន។

បម្រុង​ឱ្យ​ឆ្នាំ​សិក្សា​ថ្មី សា​លា​ជន​ជាតិ​អន្តេ​វា​សិក​និង​សា​លា​នានា​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច បាន​ត្រៀម​លក្ខណៈ​យ៉ាង​ហ្មត់​ចត់។ អ្នក​គ្រូ​ធី​ហុង​វ៉ាង នា​យិ​កា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្គក្វាវ ខេត្ត​គៀង​យ៉ាង ឱ្យ​ដឹង៖ “ការ​ងារ​ត្រៀម​បម្រុង​ត្រូវ​បាន​សា​លា​អនុ​វត្ត​ជា​ប្រ​ចាំ​ក្នុង​រដូវ​វិស្ស​មកាល។ តាំង​ពី​ការ​ជួស​ជុល​បន្ទប់​រៀន អា​ហា​រដ្ឋាន បន្ទប់​ស្នាក់​នៅ​រហូត​ដល់​ផ្ទះ​បាយ។ អា​ស្រ័យ​រៀង​រាល់​ឆ្នាំ សា​លា​តែង​ជ្រើស​រើស​សិស្ស​ថ្មី​ថ្នាក់​ទី​៦​ពី​២-៣​បន្ទប់ ហេតុ​នោះ ការ​ជ្រើស​គ្រូ​ទទួល​បន្ទុក​ថ្នាក់​និង​គ្រូ​បង្រៀន​ក្នុង​ថ្នាក់ ក៏​បាន​ក្រុម​ប្រឹក្សា​គរុ​កោ​សល្យ​សា​លា ប្រ​ជុំ​ពិ​ភាក្សា​យ៉ាង​ហ្មត់​ចត់។ ពី​ព្រោះ​ប្អូនៗ​ទើប​តែ​អា​យុ​១២ ឆ្នាំ ចូល​ស្នាក់​នៅ​អន្តេ​វា​សិកដ្ឋាន​នឹង​មាន​ភាព​ថ្មី​ថ្មោង ហេតុ​នោះ​សា​លា​ត្រូវ​តែ​ជ្រើស​គ្រូ​ដែល​មាន​បទ​ពិសោធន៍​ទទួល​បន្ទុក​អន្តេ​វា​សិក​ដ្ឋាន ក៏​ដូចជា​គ្រូ​បង្រៀន​ក្នុង​ថ្នាក់​និង​គ្រូ​ទទួល​បន្ទុក​ថ្នាក់ ដើម្បី​ពេល​ប្អូនៗ​ត្រូវ​ការ​ពិ​គ្រោះ​ពី​អ្វី គឺ​អាច​ជួយ​ប្អូនៗ​បាន​ភ្លាម”។ ការ​យក​ចិត្ត​ទុក​ដាក់​របស់​សា​លា បង្ក​បាន​ទំនុក​ចិត្ដ​សម្រាប់​អា​ណា​ព្យា​បាល​សិស្ស​ពេល​ឱ្យ​កូន​ចូល​រៀន​សា​លា​អន្តេ​វា​សិក។ លោក​យ័ញ​លុយ នៅ​ឃុំ​ឌិញ​ហ្វា ឱ្យ​ដឹង៖ “កូន​ប្រុស​ច្បង​របស់​ខ្ញុំ​ទើប​ចប់​ថ្នាក់​ទី​១២ និង​បាន​ជាប់​ចូល​រៀន​ផ្នែក​វេជ្ជ​សាស្រ្ត​ដូច​ក្តី​ស្រ​មៃ។ កូន​ខ្ញុំ​ក៏​ធ្លាប់​សិក្សា​នៅ​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្គក្វាវនេះ​ដែរ រួច​បាន​រៀន​បន្ត​នៅ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​គៀង​យ៉ាង។ ព្រោះ​ហេតុ​នោះ ឆ្នាំ​សិក្សា​នេះ ខ្ញុំ​សម្រេច​ចិត្ត​ឱ្យ​កូន​ស្រី​ចូល​រៀន​នៅ​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ទៀត។ កូន​ស្រី មាន​ការ​បា​រម្ភ​ជាង ប៉ុន្តែ​ខ្ញុំ​ទុក​ចិត្ត​លើ​លោក​គ្រូ អ្នក​គ្រូ​របស់​សា​លា”។

មិន​ចំ​ពោះ​តែ​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ត្រៀម​បម្រុង​ល្អ ដើម្បី​ទទួល​សិស្ស​នា​ឆ្នាំ​សិក្សា​ថ្មី​នោះ​ទេ គឺ​សា​លា​ផ្សេងៗ​ទៀត​ដែល​មាន​សិស្ស​ជន​ជាតិ​ខ្មែរ​រៀន​សូត្រ​កុះ​ករ ក៏​បាន​ត្រៀម​លក្ខណៈ​ជា​ស្រេច​ផង​ដែរ។ លោក​គ្រូ​ឌោ​ដាក់​ក្វាង នា​យក​សា​លា​បឋម​សិក្សា​កើ-ដ១ ស្រុក​កើ-ដ ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ “សា​លា​ស្ថិត​នៅ​ភូមិ​ថើយ​ហ្វា B ជា​ភូមិ​មាន​ជន​ជាតិ​ខ្មែរ​ច្រើន​ជាង​គេ​នៅ​ក្នុង​ស្រុក ហេតុ​នោះ​ក្នុង​រដូវ​វិស្ស​មកាល សា​លា​បាន​ចាត់​គ្រូ​បង្រៀន​ធ្វើ​ការ​ទំ​នាក់​ទំ​នង​ក្តាប់​បញ្ជី​សិស្ស​ខ្មែរ ដែល​រៀន​ចប់​មត្តេយ្យ​សិក្សា អា​យុ​៥​ឆ្នាំ និង​រួម​ជា​មួយ​ភូមិ​ភាគ ពិនិត្យ​ផ្ទៀង​ផ្ទាត់​ប្អូនៗ​ដែល​រស់​នៅ​លើ​ភូមិ​សាស្រ្ត ប៉ុន្តែ​មិន​បាន​ចូល​រៀន​មតេ្តយ្យ​ដែល​ស្ថិត​ក្នុង​អា​យុ​រៀន​ថ្នាក់​ទី១។ បន្ទាប់​ពី​ក្តាប់​បាន​បញ្ជី​ឈ្មោះ​រួច​និង​បែង​ចែក​សមត្ថ​ភាព​និ​យាយ​ភា​សា​វៀត​របស់​ប្អូនៗ សា​លា​បាន​ចាត់​គ្រូ​ទទួល​បន្ទុក​បំ​ប៉ន​ភាសា​វៀត​ដល់​សិស្ស​ជន​ជាតិ​ខ្មែរ ដើម្បី​ប្អូនៗ​អាច​តាម​ទាន់​មេ​រៀន​នៅ​ពេល​ចូល​រៀន​ជា​ផ្លូវ​ការ”។

លោក​គ្រូ​ង្វៀង​ង៉ុក​ខ្វាង ប្រ​ធាន​កា​រិយា​ល័យ​អប់រំ​និង​បណ្តុះ​បណ្តាល​ស្រុក​ត្រា​អូង ខេត្ត​វិញ​ឡុង ឱ្យ​ដឹង៖ “សា​លា​នានា​នៅ​តំបន់​ជន​ជាតិ​តឹង​មី និង​ត្រា​កូង បាន​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ ហេតុ​នោះ​បាន​សម្រេច​បទដ្ឋាន​ជាតិ​ស្ទើរ​តែ​ទាំង​អស់”។ ព្រោះ​ហេតុ​នោះ ការ​ងារ​ត្រៀម​លក្ខណៈបើក​បវេសន​កាល​ក៏​មាន​ភាព​ងាយ​ស្រួល ម្ល៉ោះ​ហើយ​សិស្ស​ជន​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត មាន​ក្តី​រីក​រាយ​ពេល​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​២០២៤​- ២០២៥”៕

                                            ហា​ថាញ-ប្រែ​សម្រួល៖ វិ​មាន

ចែករំលែកអត្ថបទ