ជារៀងរាល់ឆ្នាំ ឱ្យតែដល់រដូវវិស្សមកាលម្តងៗ នៅតាមវត្តអារាមនានាលើភូមិសាស្ត្រខេត្តសុកត្រាំង តែងបើកថ្នាក់បង្រៀនអក្សរខ្មែរជូនកូនចៅមាមីងជនរួមជាតិខ្មែរ។ សកម្មភាពដ៏មានអត្ថន័យនេះ បានរួមចំណែកក្នុងការអភិរក្សភាសានិងអក្សរសាស្ត្ររបស់ជនជាតិខ្មែរ។
ថ្នាក់បង្រៀនអក្សរខ្មែរនៅវត្តបទុមវង្សាសំរោង។
ពេលម៉ោង៨ព្រឹក នៅវត្តបទុមវង្សាសំរោង សង្កាត់ទី៥ ក្រុងសុកត្រាំង យើងតែងឮសំឡេងអានមេរៀនរបស់ប្អូននៅក្នុងវត្ត។ វត្តបើកបង្រៀនចាប់ពីថ្នាក់ទី១ដល់ទី៤ មានសិស្សចូលរៀនជិត១៤០នាក់។ ក្រៅពីនោះ វត្តនៅទាំងបើកថ្នាក់បង្រៀនអក្សរខ្មែរនៅភូមិចុងចាក ភូមិនេះនៅឆ្ងាយពីវត្ត ម៉្លោះហើយព្រះចៅអធិការវត្តក៏បានចាត់ព្រះសង្ឃទៅបង្ហាត់បង្រៀន។ ព្រះតេជព្រះគុណលីមិញឌឹក ព្រះចៅអធិការវត្តបទុមវង្សាសំរោង មានថេរដីកា៖ “រៀងរាល់ឆ្នាំ ជិតដល់រដូវវិស្សមកាលសាលាសកល អាត្មាភាពប្រកាសជូនដំណឹងដល់មាមីងពុទ្ធបរិស័ទ កំណត់ថ្ងៃបើកបង្រៀនអក្សរខ្មែរ។ ធម្មតាពេលព្រឹកវត្តបង្រៀនថ្នាក់ទី១និងទី២ ពេលរសៀលថ្នាក់ទី៣និងទី៤។ ព្រះសង្ឃជួយបង្រៀនសុទ្ធតែមានសញ្ញាបត្របាលីរង មានកម្រិតវិជ្ជាទាំងភាសាបាលីនិងភាសាខ្មែរល្អប្រសើរ បង្រៀនពេញមួយសប្តាហ៍ដើម្បីធានាក្នុងរដូវវិស្សមកាល ប្អូនៗអាចចេះអាន ចេះសរសេរអក្សរខ្មែរ។
ថ្នាក់រៀននេះ តែងបានព្រះសង្ឃបង្ហាត់បង្រៀននិងណែនាំយ៉ាងហ្មត់ចត់ពីរបៀបអាន របៀបសរសេរ ដូច្នេះ ប្អូនៗចេះអាន ចេះសរសេរអក្សរខ្មែរបានត្រឹមត្រូវ។ ប្អូនថាច់ធីភឿងវី រៀនថ្នាក់ទី២នៅវត្តសំរោង ឱ្យដឹង៖ “ប្អូនរៀនអក្សរខ្មែរក្នុងវត្តបាន២ឆ្នាំហើយ ឥឡូវនេះ ប្អូនអាចអាននិងសរសេរអក្សរខ្មែរបាន។ មករៀនអក្សរខ្មែរក្នុងវត្ត បានលោកគ្រូបង្ហាត់បង្រៀនយ៉ាងហ្មត់ចត់ លោកគ្រូឱ្យសងមេរៀន ធ្វើលំហាត់និងសរសេរតាមអានជាដើម។ ពិសេស ពេលប្រឡងបញ្ចប់វគ្គសិក្សាមានរង្វាន់ ដូច្នេះហើយ ប្អូនៗចូលចិត្តរៀននិងខិតខំរៀនឱ្យបានល្អ ដើម្បីពេលបញ្ចប់វគ្គសិក្សាសម្រេចបានពិន្ទុខ្ពស់”។
តាមថេរដីកាព្រះតេជព្រះគុណ គឹមហ្វាងហឹង ព្រះចៅអធិការវត្តសិរីសុខុមស្រឡូង ឃុំដាយតឹម ស្រុកមីស្វៀង វត្តបើកបង្រៀនបាន៤បន្ទប់ គឺថ្នាក់ទី១និងទី២ មានសិស្សជាកូនចៅជនរួមជាតិខ្មែរចូលរៀនជិត២០០នាក់។ រៀងរាល់ថ្ងៃ ចូលរៀនចាប់ពីម៉ោង ១២និង៣០នាទី អាស្រ័យបានព្រះសង្ឃបង្ហាត់បង្រៀន ដូច្នេះហើយបង្កើតបានទំនុកចិត្តពីមាមីងពុទ្ធបរិស័ទ។ ជាពិសេស នៅពេលបញ្ចប់វគ្គសិក្សា វត្តបានរៀបចំប្រឡងបូកសរុបឆ្នាំសិក្សា ប្រសិនបើសិស្សានុសិស្សសម្រេចបានពិន្ទុខ្ពស់នឹងទទួលបានរង្វាន់ទៀតផង។ បងស្រី ចូវធីយីមទ្រិន ឱ្យដឹង៖ “ដឹងដំណឹងថា ព្រះសង្ឃវត្តសិរីសុខុមស្រឡូងប្រកាសបើកថ្នាក់ បង្រៀនអក្សរខ្មែរក្នុងរដូវវិស្សមកាល នាងខ្ញុំទៅចុះឈ្មោះឱ្យកូន២នាក់ចូលរៀនភ្លាម។ ព្រោះភាសាខ្មែរគឺជាភាសាកំណើត ត្រូវតែរៀនដើម្បីរក្សាភាសានិងអក្សរសាស្ត្ររបស់ជនជាតិយើង”។ ប្អូនថាច់គីមឡៃ នៅឃុំដាយតឹម សិស្សថ្នាក់ទី១ និយាយ៖ “បានឪពុកម្តាយឱ្យទៅរៀនអក្សរខ្មែរក្នុងវត្ត ប្អូនរីករាយណាស់! ព្រោះទៅរៀននៅវត្ត បើរៀនពូកែបានលោកគ្រូជូនរង្វាន់ ថែមទាំងបានជួបមិត្តភ័ក្តិថ្មីលេងកម្សាន្តសប្បាយទៀតផង។ ក្មួយទៅរៀនអក្សរខ្មែរក្នុងវត្តបានជិត១ខែ ឥឡូវនេះ ក្មួយចេះអាន ចេះសរសេរអក្សរខ្មែរគួរសមដែរ”។
បច្ចុប្បន្ន នៅតាមវត្តខ្មែរជាច្រើនលើភូមិសាស្ត្រខេត្តសុកត្រាំង មានដូច៖ វត្តបឹងក្រចាប់ថ្មី (ស្រុកឡុងភូ) វត្តចន្ទសោភ័ណ ព្រែកអណ្តើក (ស្រុកមីស្វៀង) វត្តបុព្វេវណ្ណារាមព្រែកពិន្ទង (ស្រុកមីទូ) វត្តបទុមរង្សីទំនប់ វត្តព្រះបួនព្រះភ័ក្ត្រ (ស្រុកចូវថាញ់) ។ល។ តែងមានបើកថ្នាក់បង្រៀនអក្សរខ្មែរដល់កូនចៅមាមីងជនរួមជាតិខ្មែរក្នុងរដូវវិស្សមកាល៕
យ្វីអាញ-មុនី