ដើមឆ្នាំ ២០២៤ ឃុំលីវទូ ស្រុកត្រឹងដេ ខេត្តសុកត្រាំង បានទទួលស្គាល់ជាឃុំសម្រេចបទដ្ឋានជនបទថ្មី។ នេះជាភាពសប្បាយរីករាយសម្រាប់ទូទាំងបក្ខភាគ រដ្ឋអំណាចនិងប្រជាជននៅឃុំដែលមានជនរួមជាតិខ្មែររស់នៅជាង៧០%។
ប្រជាជនឃុំលីវទូប្រមូលស្រូវ ST។
ក្រោយពីរយៈកាលជាង ១៣ ឆ្នាំកសាងជនបទថ្មី ឃុំបានកៀរគរវិនិយោគជាង ១១៤ ពាន់លានដុង ក្នុងនោះ ប្រភពទុនពីថវិកាមជ្ឈិម ១២,៨ ពាន់លានដុង ទុនផ្គួបបញ្ចូលជាង ៩៧ ពាន់ដុង ក្រៅពីនោះ ជាទុនរួមវិភាគទានរបស់ប្រជាជន។ មកទល់បច្ចុប្បន្ន ផ្លូវឃុំនិងផ្លូវភ្ជាប់ឃុំ ផ្លូវភូមិនិងផ្លូវភ្ជាប់ភូមិទាំង ១០០% ធានាបម្រើជីវភាពប្រជាជនបានល្អ។ ទិដ្ឋភាពជនបទថ្មីកាន់តែរីកចម្រើន បំផុតគឺផ្ទៃដីផលិតស្រូវរៀងរាល់ឆ្នាំរបស់ឃុំសម្រេចប្រមាណជាង ៥.៧០០ ហិកតា ក្នុងនោះ ផ្ទៃដីផលិតពូជស្រូវប្រណីតស្រូបអត្រាជាង ៩៤%។ ជារៀងរាល់ឆ្នាំ ការបណ្តុះបណ្តាលវិជ្ជាជីវៈនិងដោះស្រាយការងារធ្វើជូនពលករបានជិត ៥០០ នាក់ ក្នុងនោះ ពលករឆ្លងកាត់ការបណ្តុះបណ្តាលជាង ៩២% ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់សម្រេចជាង ៥៧,៧ លានដុង/ឆ្នាំ។ បច្ចុប្បន្ន អត្រាគ្រួសារក្រីក្រពហុវិមាត្រនៅត្រឹម ៣,៩៤% (កាត់បន្ថយ ២២,៤៩% បើប្រៀបធ្រៀបនឹងឆ្នាំ ២០១១)។
ផ្លូវគមនាគមន៍ជនបទលីវទូ ត្រូវបានកសាងយ៉ាងសមរម្យ។
លោក គឹមវល្លិ៍ ប្រធានសាខាសមាគមកសិករភូមិបឹងទ្រៀក ឃុំលីវទូ ឱ្យដឹង៖ “ចាប់តាំងពីផ្សព្វផ្សាយការកសាងជនបទថ្មី ឃើញថាប្រព័ន្ធធារាសាស្ត្រត្រូវបានជីកស្តារជាប្រចាំ មានទឹកសាបស្រាចស្រពគ្រប់គ្រាន់ធានាធ្វើស្រែបាន ៣ រដូវ/ឆ្នាំ។ មាមីងខ្មែរម្ចាស់ការចូលរួមក្រុមសហការផលិតស្រូវគុណភាពខ្ពស់ អនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងការបង្កបង្កើនផល ដូច្នេះ សម្រេចគុណភាពល្អ ផ្តល់ទិន្នផលខ្ពស់ មានច្រកចេញលំនឹង។ ក្រៅពីនោះ ក្រុមសហការផលិតនៅទាំងផលិតពូជស្រូវ F1 លក់ ដូច្នេះ មាមីងធ្វើស្រែចំណេញគ្រាន់បើ គ្រួសារមានជីវភាពធូរធារ”។ ចំណែកលោក ឡឹមវង់ ឱ្យដឹង៖ “ពីដើមកូនចៅតិចបានទៅរៀនសូត្រ គ្មានអ្នកទៅធ្វើការនៅក្រុមហ៊ុន សហគ្រាស ព្រោះគ្មានកម្រិតវិជ្ជា ទើបជីវភាពជួបការលំបាក។ ឥឡូវ សាលារៀនកសាងសមរម្យ មានគោលនយោបាយអនុគ្រោះសម្រាប់កូនចៅខ្មែរ ដូច្នេះ អ្នកណាក៏បានទៅរៀនសូត្រទាំងអស់។ ហេតុនេះ កូនចៅមាមីងខ្មែរមានកម្រិតវិជ្ជាខ្ពស់ រកបានការងារធ្វើនៅតាមស្ថាប័នរដ្ឋ ក្រុមហ៊ុន សហគ្រាសទៅពលកម្មនៅប្រទេសក្រៅមានប្រាក់ចំណូលលំនឹង។ ចំណែកគ្រួសារក្រីក្រក៏បានរដ្ឋសង់ផ្ទះ ឱ្យបុលទុនរកស៊ី ឧបត្ថម្ភពូជដំណាំ សត្វចិញ្ចឹម ណែនាំពីបច្ចេកទេសផលិត។ល។ ផ្តើមពីនោះ ជំរុញស្មារតីមាមីងយកចិត្តទុកដាក់ធ្វើការរកស៊ីធ្វើមាន។ ឥឡូវ នៅជនបទលីវទូមានការរីកចម្រើន ផ្ទះឥដ្ឋជំនួសផ្ទះស្លឹក អគ្គិសនី ទឹកស្អាត តភ្ជាប់ដល់ផ្ទះ ផ្លូវគមនាគមន៍ជនបទបើកទូលាយ រថយន្តបើកបរចូលដល់ចុងភូមិ ដូច្នេះមិនខុសប្លែកអ្វីនឹងទីក្រុងឡើយ”។
តាមប្រសាសន៍លោក ត្រឹងទ្រុងតិន ប្រធានគណៈកម្មាធិការប្រជាជនឃុំលីវទូ ទិសដៅដល់ឆ្នាំ ២០២៥ ឃុំលីវទូខិតខំអនុវត្តសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់ ដូច្នេះ ចំពោះមុខគឺឃុំនឹងបន្តការលើកកម្ពស់គុណភាព ធានាលក្ខណៈចីរភាពរបស់កម្មវិធី។ បន្តជំរុញការអភិវឌ្ឍផលិតកម្ម បង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ចផ្សារភ្ជាប់នឹងការបង្វែររចនាសម្ព័ន្ធពលកម្ម បង្កើនប្រាក់ចំណូលដល់ប្រជាជន ព្រមទាំងវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែល្អប្រសើរ៕
យ្វីអាញ-មុនី