មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

22/04/2024 - 16:21

ស្ពាន​តភ្ជាប់ "ឆន្ទៈ​បក្ស​និង​ទឹក​ចិត្ត​ប្រ​ជា​ជន"

អត្ថ​បទ​ទី៤៖  លោក “ឃោសនិក” នៅ​ភូមិ​កឺយ​៥ A

លោក​យ័ញ​ហ៊ីប។

លោក “ឃោស​និក” គឺ​ឈ្មោះ​ដែល​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​កឺយ​៥ A ឃុំ​ខាញ់​ប៊ិញ​តៃ ស្រុក​ត្រឹង​វ៉ាន់​ថើយ ខេត្ត​កា​ម៉ាវ ដាក់​ឱ្យ​លោក​យ័ញ​ហ៊ីប។ ដ្បិត​ថា តាំង​ពី​នៅ​បម្រើ​ការ​ងារ​ជា​នគរ​បាល​ឃុំ លុះ​ចូល​និវត្តន៍​ក៏​ជាប់​ឆ្នោត​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​រយៈ​ពេល​ជាង​៧​ឆ្នាំ គាត់​តែង​អនុវត្ត​ល្អ​ភារ​កិច្ច​ផ្សព្វ​ផ្សាយ ចលនា​ជន​រួម​ជាតិ​ខ្មែរ​អនុវត្ត​ល្អ​នូវ​គោល​ការណ៍ គោល​មាគ៌ា​របស់​បក្ស គោល​ន​យោ​បាយ ច្បាប់​របស់​រដ្ឋ និង​សេចក្ដី​កំ​ណត់​របស់​ភូមិ​ភាគ។ល។

 

ភូមិ​កឺយ​៥ A ជា​ភូមិ​មួយ​ក្នុង​ចំ​ណោម​ភូមិ​ចំ​នួន​បួន​នៅ​ឃុំ​ខាញ់​ប៊ិញ​តៃ ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​បំ​ផុត។ ជីវ​ភាព​របស់​ជន​រួម​ជាតិ​នៅ​ទី​នេះ ពឹង​លើ​របរ​កសិកម្ម​ជា​ចម្បង ម្ល៉ោះ​ហើយ​នៅ​ជួប​ការ​លំ​បាក​ច្រើន។ លោក​យ័ញ​ហ៊ីប បាន​រ៉ាយ​រ៉ាប់៖ កន្លង​មក​មាន​យុវ​ជន​ជា​ច្រើន​គ្មាន​ការ​ងារ​ធ្វើ ក្នុង​នោះ មាន​យុវ​ជន​ខ្មែរ​តែង​ជុំ​គ្នា​ស៊ី​ផឹក បង្ក​ឱ្យ​ខូច​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​ក្នុង​ភូមិ​ក្នុង​ឃុំ។ ទោះ​បី​បាន​គណៈ ផ្នែក អង្គ​ការ​មហា​ជន​ក្រើន​រំលឹក​ច្រើន​លើក​ច្រើន​សាក្ដី ប៉ុន្តែ​ភាគ​ច្រើន​ពួក​ក្មេងៗ​ទាំង​នេះ “មិន​ព្រម​ស្ដាប់”។ ឃើញ​ដូច្នោះ អ្នក​ទាំង​ឡាយ​បាន​ពឹង​គាត់ “ជួយ​អន្ត​រាគមន៍”។ “បន្ទាប់​ពី​ខ្ញុំ​ជួប​សំ​ណេះ​សំ​ណាល​និង​ណែ​នាំ​ជា​ច្រើន​សា មាន​យុវ​ជន​ខ្មែរ​ជា​ច្រើន ចាប់​ផ្ដើម​ស្វែង​រក​ការ​ងារ​ធ្វើ។ មិន​តែ​ប៉ុណ្ណោះ មាន​អ្នក​ខ្លះ​ក៏​ទៅ​ដល់​ក្រុង​ហូជី​មិញ ខេត្ត​ប៊ិញ​យឿង ដើម្បី​រក​ការ​ងារ​ធ្វើ។ ប៉ុន្មាន​ឆ្នាំ​មក​នេះ នៅ​ភូមិ​កឺយ​៥ A ឬ​ក្នុង​ទូទាំង​ឃុំ​ខាញ់​ប៊ិញ​តី ស្ថាន​ភាព​ស៊ី​ផឹក​បង្ក​អុក​ឡុក ធ្វើ​ឱ្យ​ខូច​សណ្ដាប់​ធ្នាប់ ហាក់​ដូច​ជា​គ្មាន​ទៀត​ទេ។ តាម​នរ​ណា​ក៏​ខិត​ខំ​ធ្វើ​ការ​ងារ​រក​ស៊ី គិត​គូរ​ដល់​ជីវ​ភាព​នោះ​ដែរ។ល។” លោក​យ័ញ​ហ៊ីប បាន​ចែក​រំ​លែក​ដូច្នេះ។

លោក​យ័ញ​ហ៊ីប (ខាង​ឆ្វេង) ថត​រូប​អនុស្សាវ​រីយ៍​ជា​មួយ​លោក​ស្រី អនុ​រដ្ឋ​មន្រ្តី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ ណុង​ធីហា និង​តំណាង​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ដំណើរ​ទៅ​ទស្សន​កិច្ច​នៅ​រដ្ឋ​ធានី​ហា​ណូយ។ (រូប​ថតៈ​ តួអង្គ​ជា​អ្នក​ផ្ដល់​ជូន)

មាន​ករណី​បង​យ័ញ​ថាញ់​ប៊ិញ ជា​តួ​យ៉ាង។ បង​ប៊ិញ បាន​រ៉ាយ​រ៉ាប់៖ គ្មាន​ដី​សម្រាប់​បង្ក​បង្កើន​ផល ពីរ​នាក់​ប្ដី​ប្រ​ពន្ធ​ដើរ​ធ្វើ​ការ​ស៊ី​ឈ្នួល​ដើម្បី​ផ្គត់​ផ្គង់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ។ នៅ​ជន​បទ​ថ្ងៃ​ខ្លះ​មាន​ ការ​ងារ​ធ្វើ​ថ្ងៃ​ខ្លះ​ក៏​ទេ ដូច្នោះ​ជីវ​ភាព​ប្ដី​ប្រ​ពន្ធ​វ័យ​ក្មេង​រួម​ជា​មួយ​នឹង​កូនក៏​ជួប​លំ​បាក​បង្គួរ។ មាន​ច្រើន​ដង​ដែល​គាត់​ពិបាក​ចិត្ដ ជាក់​ស្ដែង​នៅ​ពេល​គ្មាន​ការ​ងារ​ធ្វើ គាត់​និង​យុវ​ជន​មួយ​ចំ​នួន​ក្នុង​ភូមិ តែង​ជុំ​គ្នា​ផឹក​ស៊ី។ ពេល​ខ្លះ “ស្រា​ចូល​ក្លាស​ម្ដី” ក៏​ឈ្លោះ​ប្រ​កែក​គ្នា ជួន​កាល​វាយ​ប្រ​តប់​គ្នា​ទៀត​ផង។ ហេតុ​នោះ ប្ដី​ប្រ​ពន្ធ​ច្រើន​តែរ​កាំ​រកូស​គ្នា។ “សំ​ណាង​បាន​ពូហ៊ីប មក​ណែ​នាំ​ដោះ​ស្រាយ បញ្ហា​ខ្ញុំ​ចាំ​សម្ដី​ពូ​ហ៊ីប ពន្យល់​ណែ​នាំ​ប្ដី​ប្រ​ពន្ធ ខ្ញុំ​នៅ​ក្មេង ខិត​ខំ​ប្រឹង​ប្រែង​រក​ស៊ី ទើប​ថ្ងៃ​មុខ​គិត​គូរ​ឱ្យ​កូន​មិន​សូវ​លំ​បាក។ល។ រួច​ហើយ​ពូបាន​ចង្អុល​បង្ហាញ​គ្រួសារ​ពូរ៉េត គ្មាន​ដី​ផលិត​កម្ម ដោយ​សារ​គាត់​ប្រឹង​ប្រែង​ធ្វើ​ការ​ងារ​រក​ស៊ី​ទើប​សេស​សល់​បាន​ទ្រព្យ​សម្បត្តិ។ គ្រួ​សារ​បង​រី មាន​ត្រឹម​តែ​ផ្ទះ ប៉ុន្តែ​ពីរ​នាក់​ប្ដី​ប្រ​ពន្ធ​គាត់​ទៅ​ធ្វើ​កម្ម​ករ​នៅ​ខេត្ត​ប៊ិញ​យឿង មាន​ប្រាក់​ផ្ញើ​មក​ចិញ្ចឹម​កូន​រៀង​រាល់​ខែ ហើយ​សង់​បាន​ផ្ទះ​សម្បែង​សម​រម្យ។ល។ ឮ​ពូនិយាយ​ញយ​ដង​ដូច្នោះ ខ្ញុំ​ក៏​ជ្រួត​ជ្រាប រួច​ពិគ្រោះ​យោ​បល់​ជា​មួយ​នឹង​ប្រ​ពន្ធ ផ្ញើ​កូន​ជា​មួយ​ឪពុក​ម្តាយ​ខ្ញុំ​ដើម្បី​ទៅ​ខេត្ត​ប៊ិញ​យឿង រក​ការ​ងារ​ធ្វើ។ល។ ប៉ុន្មាន​ឆ្នាំ​ឃ្លាត​ឆ្ងាយ​ពី​ស្រុក​កំ​ណើត​ទៅ​ធ្វើ​ការ​ងារ ប្ដី​ប្រ​ពន្ធ​ខ្ញុំ​ទើប​អាច​សង់​បាន​ផ្ទះ​ឥដ្ឋ ហើយ​នៅ​សន្សែ​សន្សំ​បាន​ប្រាក់​បន្តិច​បន្តួច។ល។ និយាយ​តាម​ត្រង់​សំ​ណាង​ណាស់​ប្ដី​ប្រ​ពន្ធ​ខ្ញុំ​ស្ដាប់​តាម​សម្ដី​ពូ​ហ៊ីប!” បង​ប៊ិញ បាន​ចែក​រំ​លែក​ដូច្នេះ។

ដើម្បី​មាន​ចំ​ណេះ​ដឹង​និយាយ​ជា​មួយ​នឹង​ជន​រួម​ជាតិ​ភាគ​តិច លោក​យ័ញ​ហ៊ីប តែង​តាម​ដាន​ព័ត៌​មាន ជា​ពិ​សេស​គឺ​គោល​នយោ​បាយ​ស្ដី​ពី​ជន​ជាតិ។ មិន​តែ​ប៉ុណ្ណោះ គាត់​បាន​ស្វែង​យល់​ ស្រាវ​ជ្រាវ​និង​បញ្ចុះ​បញ្ចូល​ជន​រួម​ជាតិ​ភាគ​តិច តាម​រយៈ​គំរូ “មនុស្ស​ល្អ ការ​ងារ​ល្អ” ទៀត​ផង។ លោក​កៅ​វ៉ាន់​ង៉ីប អនុប្រ​ធាន​កា​រិយា​ល័យ​ស្រុក​ត្រឹង​វ៉ាន់​ថើយ ឱ្យ​ដឹង៖ ចំ​ណេះ​ដឹង​ដែល​លោក យ័ញ​ហ៊ីប បាន​សិក្សា​ស្រាវ​ជ្រាវ ហើយ​យក​ទៅ​បញ្ជ្រាប​ផ្សព្វ​ផ្សាយ​ដល់​ជន​រួម​ជាតិ​ភាគ​តិច មាន​ភាព​ជិត​ដិត​និង​ងាយ​ចង​ចាំ។ មិន​ត្រឹម​តែ​នៅ​ក្នុង​ភូមិ ក្នុង​ឃុំ​ប៉ុណ្ណោះ​ទេ លោក​យ័ញ​ហ៊ីប នៅ​ទាំង​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​គំរូ​នៅ​ខេត្ត​កា​ម៉ាវ​ទៀត​ផង។ ប៉ុន្មាន​ឆ្នាំ​កន្លង ការ​រួមយោ​បល់​ជា​ច្រើន​របស់​គាត់​ក្នុង​ការ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ងារ​ឃោស​នា​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច ត្រូវ​បាន​ភូមិ​ភាគ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។ អា​ស្រ័យ​ហេតុ​នោះ មាន​អ្នក​ជា​ច្រើន​តែង​ហៅ​គាត់​ថា លោក “ឃោស​និក”។ ជា​ពិ​សេស​ទៀត គាត់​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ម្នាក់​ក្នុង​ចំ​ណោម​អ្នក​មាន​ប្រ​ជា​ប្រិយ​ជិត ៥០០ នាក់ ដែល​បាន​ជ្រើស​រើស​មក​ពី​គ្រប់​ខេត្ត ក្រុង​ទូទាំង​ប្រ​ទេស​ទៅ​ចូល​រួម​ក្នុង​កម្ម​វិធី​ស្ងើច​សរ​សើរ លើក​តម្កើង​បុគ្គល​គំរូ ជា​អ្នក​មាន​ប្រជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ទូទាំង​ប្រ​ទេស កាល​ពី​ចុង​ឆ្នាំ ២០២៣ កន្លង​ហើយ៕

                                   ហា​ទ្រីវ - ថាច់​ធី

ចែករំលែកអត្ថបទ