មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

18/04/2024 - 15:55

ជា​និច្ច​កាល​គឺ​ជា​គំរូ​ល្អ​ក្នុង​ទឹក​ចិត្ត​បញ្ញ​វន្ត​ខ្មែរ

គ្រូ​បង្រៀន​ប្រ​ជា​ជន ឡឹម​អែស អតីត​នា​យក​រង​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​សុក​ត្រាំង អតីត​ប្រ​ធាន​សមាគម​ជំ​រុញ​ការសិក្សា​ខេត្ត ជា​និច្ច​កាល​គឺ​ជា​គំរូ​ល្អ​ឈាន​ឡើង​ក្នុង​ការ​សិក្សា​និង​រួម​ចំ​ណែក​សម្រាប់​បុព្វ​ហេតុ​អប់រំ។ គ្រូ​បង្រៀន​ប្រ​ជា​ជន ឡឹម​អែស បាន​ទទួល​មរណ​ភាព​ក្នុង​ជន្មាយុ​៨៤​ឆ្នាំ។ លោក​គ្រូ​បាន​បន្សល់​ទុក​បុព្វ​ហេតុ​បណ្តុះ​បណ្តាល​មនុស្ស​និង​រួម​ចំ​ណែក​យ៉ាង​ធំ​ធេង​សម្រាប់​ការ​អប់រំ​គួរ​ឱ្យ​គោរព​ក្រៃ​លែង។

គ្រូ​បង្រៀន​ប្រ​ជា​ជន ឡឹម​អែស ក្នុង​ឱកាស​ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ដែល​មាន​ជីវ​ភាព​លំ​បាក​នៅ​ខេត្ត​សុក​ត្រាំង។ (រូប​ថត​ជា​ឯក​សារ)

ជា​កូន​អ្នក​ក្រ នៅ​ភូមិ​ឃូ​២ ឃុំ​ថាញ់​ភូ ស្រុក​មី​ស្វៀង ខេត្ត​សុក​ត្រាំង។ កំ​ព្រា ឪពុក​តាំង​ពី​អា​យុ​៥​ឆ្នាំ ដូច្នេះ លោក​គ្រូ​ឡឹម​អែស បាន​ម្តាយ​នាំ​ទៅ​ផ្ញើ​នឹង​ព្រះ​សង្ឃ​ឱ្យ​រៀន​សូត្រ​នៅ​វត្ត​ព្រែក​អណ្តើក​ឃុំ​ថាញ់​ភូ។ រៀង​រាល់​ពេល​ព្រឹក កុមារ​ឡឹម​អែស ត្រូវ​ធ្វើ​ដំ​ណើរ​ចម្ងាយ​ផ្លូវ​៥​គីឡូ​ម៉ែត្រ​ទៅ​វត្ត​ដើម្បី​រៀន​សូត្រ មក​ផ្ទះ​ពេល​រសៀល​ទៅ​ឃ្វាល​ក្រ​បី ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម​ជួយ​ម្តាយ។ ហេតុ​ដូច្នេះ ចាប់​តាំង​ពី​ពេល​នោះ​មក លោក​គ្រូ​តែង​ចិញ្ចឹម​ក្តី​ស្រ​មៃ​ធ្វើ​ជា​គ្រូ​បង្រៀន ដើម្បី​ជួយ​បង្រៀន​អក្សរ​ខ្មែរ​ដល់​កូន​ចៅ មាមីង​ខ្មែរ​នៅ​ស្រុក​កំ​ណើត។ ពេល​រៀន​ចប់​ថ្នាក់​បឋម​សិក្សា គាត់​ទៅ​សុក​ត្រាំង​បន្តការ​សិក្សា​នៅ​សា​លា​អនុ​វិទ្យា​ល័យ​ខៃ​ទ្រី។ ឆ្នាំ​១៩៥៩ ប្រ​ឡង​បញ្ចប់​ថ្នាក់​ទី​៩ លោក​គ្រូ​ចូល​សាង​ផ្នួស​នៅ​វត្ត​ព្រែក​អណ្តើក និង​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​នៅ​ក្នុង​វត្ត។ បង្រៀន​បណ្តើរ គាត់សិក្សា​ស្រាវ​ជ្រាវ​សៀ​ភៅ​ដោយ​ខ្លួន​ឯង ទាំង​ភាសា​អង់​គ្លេស​និង​បា​រាំង​ទៀត​ផង។ កាល​នោះ លោក​គ្រូ​ត្រូវ​បាន​ចាត់​ទុក​ជា​ព្រះ​សង្ឃ​មួយ​អង្គ​ដំ​បូង​បង្អស់​បង្រៀន​អក្សរ​វៀត​-ខ្មែរ-​បា​រាំង-បា​លី​ដល់​ព្រះ​សង្ឃ​និង​កូន​ចៅ​មាមីង​ខ្មែរ​នៅ​ក្នុង​វត្ត និង​ជា​អ្នក​ដំ​បូង​ ស្វ័យ​សិក្សា​ក្នុង​វត្ត​ប្រ​ឡង​ជាប់​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ។

ឆ្នាំ​១៩៧៧ លោក​គ្រូ​ឡឹម​អែស ចាក​សិក្ខា​បទ​ចាប់​អា​ជីព​ជា​គ្រូ​បង្រៀន​មួយ​រូប​ដ៏​ស្មោះ​ត្រង់​ទៅ​បង្រៀន​នៅ​តាម​សា​លា​រៀន​និង​តាម​វត្ត​អា​រាម។ ផ្តើម​ពី​នោះ លោក​គ្រូ តែង​ឧស្សាហ៍​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​ដោយ​ខ្លួន​ឯង ដើម្បី​ក្លាយ​ជា​គ្រូ​បង្រៀន​វិញ្ញា​សា​អក្សរ​សាស្ត្រ។ ពេល​ឃើញ​សិស្សា​នុសិស្ស​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ពិ​បាក​ទទួល​យក​ចំ​ណេះ​ដឹង​ក្នុង​ការ​សិក្សា លោក​គ្រូ​ឡឹម​អែស ក៏បាន​ចង​ក្រង​សៀវ​ភៅ​បង្ហាត់​បង្រៀន​ឧភយ​ភា​សា​ខ្មែរ-វៀតសម្រាប់​សិស្ស​ចំ​ណេះ​ទូទៅ។ សៀវ​ភៅ​នេះ ចង​ក្រង​ដោយ​លោក​គ្រូ​ឡឹម​អែស ត្រូវ​បាន​បោះ​ពុម្ព​ឡើង​វិញ​ជា​ច្រើន​លើក​និង​ក្លាយ​ជា​សៀវ​ភៅ​សិក្សា​គោល បាន​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​សម្រាប់​សកម្ម​ភាព​បង្រៀន​និង​រៀន​ភាសា​ខ្មែរ​មក​ទល់​ពេល​នេះ។ លោកគ្រូ​ក៏​បាន​ចូល​រួម​ចង​ក្រង​សៀវ​ភៅ​ភាសា​ខ្មែរ​ប្រមាណ​១០០ ក្បាល ក្នុង​នោះ សៀវ​ភៅ​ថ្នាក់​ជាតិ​៥០​ក្បាល។ បច្ចុប្បន្ន សៀវ​ភៅ​សិក្សា​គោល​បង្ហាត់​បង្រៀន​ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី១២ ដែល​ចង​ក្រង​ដោយ​លោក​គ្រូ​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ការ​បង្ហាត់​បង្រៀន​នៅ​តាម​សា​លា​ចំ​ណេះ​ទូទៅ​ក្នុង​ទូទាំង​តំបន់​ណាម​បូ។ ក្រៅ​ពី​នោះ លោ​គ្រូ​ក៏​ជា​អ្នក​និពន្ធ និង​ជា​សមាជិក​ក្រុម​ចង​ក្រង​សៀវ​ភៅ​សិក្សា​គោល​បង្ហាត់​បង្រៀន​ភាសា​ខ្មែរ​និង​បាលី នៅ​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ សៀវ​ភៅ​បម្រើ​ការ​បង្ហាត់​បង្រៀន​សម្រាប់​គម្រោង​បណ្តុះ​បណ្តាល​ភាសា​ខ្មែរ​ដល់​កម្មា​ភិបាល បុគ្គ​លិក អ្នក​រដ្ឋ​ការ​លើ​ភូមិ​សាស្ត្រ​ខេត្ត​សុក​ត្រាំង។ លោក​គ្រូ​ក៏​ជាសមាជិក​ក្រុម​ពិនិត្យ​សម្រេច​ការ​រិះ​គន់​បធាន​បទ ឯក​សារ​ស្រាវ​ជ្រាវ គម្រោង​បង្រៀន​ភាសា​ខ្មែរ ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​បក​ប្រែ​ពាក្យ​ស្លោក ពាក្យ​ទំ​នឹម​ទំ​នៀម ចម្រៀង​ប្រ​ជា​ប្រិយ។ល។ ប្រ​មាណ​ជាង ១.០០០ អត្ថ​បទ។

ឆ្នាំ​១៩៩៤ លោក​គ្រូ​ឡឹម​អែស មាន​កិត្តិ​យស បាន​រដ្ឋ​ប្រ​ទាន​កិត្តិ​នាម​ជា​គ្រូ​បង្រៀន​ឆ្នើម​ឆ្នាំ ២០០២ បាន​រដ្ឋ​ប្រ​ទាន​កិត្តិ​នាម​ជា​គ្រូ​បង្រៀន​ប្រ​ជា​ជន ក្លាយ​ជា​គ្រូ​បង្រៀន​ប្រ​ជា​ជន​ជា​ជន​ជាតិ​ខ្មែរដំ​បូង​បង្អស់​នៅ​ណាម​បូ។ ទន្ទឹម​នឹង​នោះ គ្រូ​បង្រៀន​ប្រ​ជា​ជន​ឡឹម​អែស នៅ​ទាំង​បាន​រដ្ឋ​ប្រ​ទាន​គ្រឿង​ឥស្ស​រិយ​យស​ពល​កម្ម​ចំណាត់​ថ្នាក់​លេខ​៣​នៅ​ឆ្នាំ​២០០៨ ព្រម​ទាំង​ប័ណ្ណ​សរ​សើរ​និង​លិខិត​សរ​សើរ​ជា​ច្រើន​របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​មជ្ឈិម​សមា​គម​ជំរុញ​ការ​សិក្សា​វៀត​ណាម ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង គ្រប់​ថ្នាក់ គ្រប់​ផ្នែក​ជា​ច្រើន​ទៀត៕

លីធាន-មុនី

ចែករំលែកអត្ថបទ