កសិករផលិតស្រូវ ST នៅខេត្តសុកត្រាំង កំពុងប្រមូលផលស្រូវរដូវប្រាំង។ អ្នកណាក៏មានភាពសប្បាយរីករាយ ពីព្រោះស្រូវផ្ដល់ទិន្នផលខ្ពស់ លក់បានថ្លៃនិងចំណេញបានច្រើន។
កសិករស្រុកឡុងភូ កំពុងប្រមូលផលស្រូវរដូវប្រាំង។
យោងតាមការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកឡុងភូ ស្រូវរដូវប្រាំងឆ្នាំនេះ ទូទាំងស្រុកបានចុះពូជជាង ១៦.០០០ ហិកតា ក្នុងនោះ ពូជស្រូវប្រណីត និងពូជស្រូវអតិផលស្រូបអត្រា ៩៩% នៃផ្ទៃដីផលិតស្រូវ។ បច្ចុប្បន្ន តម្លៃស្រូវធម្មតាពី ៨.៧០០ - ១០.០០០ ដុង/គីឡូក្រាម ស្រូវក្រអូបពី ៩.៧០០- ១០.០០០ ដុង/គីឡូក្រាម និងប្រភេទស្រូវ ST ត្រូវបានឈ្មួញប្រមូលទិញស្រូវសើមនៅវាលស្រែក្នុងតម្លៃពី១១.៥០០ ដុង/គីឡូក្រាម។ តម្លៃស្រូវគ្រប់ប្រភេទកើនពី២.០០០ដុង/គីឡូក្រាម បើប្រៀបផ្ទឹមនឹងឆ្នាំមុន ហើយទិន្នផលសម្រេចបានល្អបង្គួរ ម្ល៉ោះហើយកសិករមានភាពសប្បាយរីករាយ។
កសិករស្រុកឡុងភូ កំពុងថ្លឹងស្រូវលក់។
បន្ទាប់ពីប្រមូលផលស្រូវ ST២៥ ចំនួន ៤១ កុង អ្នកមីងត្រឹងធីញុង នៅភូមិវ៉ាដា ឃុំភូហ៊ឺវ ស្រុកឡុងភូ ទឹកមុខពោរពេញដោយក្តីញញឹម ពីព្រោះស្រូវផ្ដល់ទិន្នផលខ្ពស់ លក់បានថ្លៃ។ អ្នកមីងញុង ឱ្យដឹង៖ “នេះជាឆ្នាំដំបូងដែលខ្ញុំផលិតពូជស្រូវ ST២៥ លក់បានតម្លៃខ្ពស់ ហើយចំណេញច្រើន។ រដូវនេះ គិតមធ្យមភាគទិន្នផលសម្រេចជាង១តោន/កុង (កុងធំ) លក់ក្នុងតម្លៃ១១.៥០០ ដុង/គីឡូក្រាម បន្ទាប់ពីទូទាត់រួច ខ្ញុំនៅចំណេញជាង៧ លានដុង/កុង។ ខ្ញុំធ្វើស្រែជាង ៤០ ឆ្នាំមកហើយ នេះជាឆ្នាំដំបូងដែលខ្ញុំឃើញតម្លៃស្រូវខ្ពស់ រកបានប្រាក់ចំណេញច្រើន ហើយចំណាយដើមទុនតិច”។ តាមសម្ដីអ្នកមីងញុង មុននឹងផលិតពូជស្រូវ ST គាត់បានកម្មាភិបាលចុះមកហ្វឹកហាត់បច្ចេកទេសដាំដុះ ម្ល៉ោះហើយការចុះពូជក្នុងមួយកុងត្រឹមតែ១២ គីឡូក្រាមប៉ុណ្ណោះ។ ក្នុងរយៈពេលស្រូវលូតលាស់ មីងញុងបានអនុវត្តបច្ចេកទេស “៣បន្ថយ ៣ បង្កើន” “១ចាំបាច់៥បន្ថយ” រដូវនេះ អាកាសធាតុអំណោយផល ធានាបានប្រភពទឹកតិច មានជំងឺ ម្ល៉ោះហើយស្រូវលូតលាស់ល្អ ផ្ដល់ទិន្នផលខ្ពស់។
ចំណែកលោក លីកុងជឹក សមាជិកសហករណ៍កសិកម្មហឹងឡើយ ស្រុកឡុងភូ បានផលិតពូជស្រូវ ST២៥ លើផ្ទៃដី៣ហិកតា និងអនុវត្តបច្ចេកទេស “៣បន្ថយ ៣បង្កើន” “១ចាំបាច់ ៥បន្ថយ” (កាត់បន្ថយពូជ កាត់បន្ថយជី ថ្នាំការពាររុក្ខជាតិ កាត់បន្ថយបរិមាណទឹក កាត់បន្ថយការខាតបង់ក្រោយពីប្រមូលផល) រួមចំណែកបង្កើនទិន្នផល គុណភាពនិងកាត់បន្ថយភាពកខ្វក់បរិស្ថាន។ អាស្រ័យហេតុនោះ កាត់បន្ថយការចំណាយផលិតកម្មពី ៥០០.០០០ - ១.០០០.០០០ ដុង/ហិកតា ទិន្នផលស្រូវកើនពី៥០០ - ៧០០ គីឡូក្រាម/ហិកតា។ លោកលីកុងជឹក ឱ្យដឹង៖ “ពូជស្រូវ ST២៥ សមស្របនឹងតំបន់ដីស្រុកឡុងភូ ផលិតស្រូវរដូវប្រាំងតិចមានជំងឺ និងផ្ដល់ទិន្នផលខ្ពស់។ បច្ចុប្បន្ន ដំណាក់ការបាញ់ថ្នាំ ប្រមូលផល និងដឹកជញ្ជូនស្រូវ គឺធ្វើដោយម៉ាស៊ីន ម្ល៉ោះហើយការចំណាយដើមទុនតិច ទិន្នផលសម្រេច ៩ តោន/ហិកតា ក្រោយពីទូទាត់នៅចំណេញជាង ៦០ លានដុង/ហិកតា”។
លោក ឡឹមវ៉ាន់វ៉ូវ ប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកឡុងភូ ឱ្យដឹង៖ “កសិករកំពុងប្រមូលផលស្រូវរដូវប្រាំង គិតប៉ាន់ស្មាន ទិន្នផលសម្រេចជាង ៦,៥ តោន/ហិកតា។ តម្លៃស្រូវឆ្នាំនេះខ្ពស់ជាងឆ្នាំមុនច្រើន ម្ល៉ោះហើយ ក្រោយពីទូទាត់រួចរាល់ កសិករចំណេញពី ៤០ - ៥០ លានដុង/ហិកតា សម្រាប់ការផលិតពូជស្រូវធម្មតា និងចំណេញជាង ៦០ លានដុង/ហិកតាសម្រាប់ការផលិតពូជស្រូវ ST (ស្រូវសើម)។ ដោយសម្រេចទិន្នផលនិងចំណេញខ្ពស់ ម្ល៉ោះហើយកសិករសប្បាយរីករាយគ្រប់គ្នា។ ផ្នែកកសិកម្មបានរំលឹកកសិករមិនគួរផលិតស្រូវរដូវទី ៣ ទេ ពីព្រោះស្ថានភាពគ្រោះរាំងស្ងួត ទឹកប្រៃកំពុងមានការប្រែប្រួលយ៉ាងស្មុគស្មាញ”៕
លីធាន - ថាច់ធី