ទោះបីអាយុជិត ៦០ ឆ្នាំហើយក៏ដោយ ប៉ុន្តែ លោកម៉ាយឡាមភឿង នៅអនុសង្កាត់ង៉ុកត្វឹង ទីប្រជុំជនកៃនឿក ស្រុកកៃនឿក ខេត្តកាម៉ាវ តែងខ្នះខ្នែងអភិវឌ្ឍសេដ្ឋកិច្ចតាមទម្រង់ដាំដំណាំនិងសត្វចិញ្ចឹមច្រើនប្រភេទលើផ្ទៃដីតែមួយ។ ដោយការស្រឡាញ់ពលកម្ម មានគំនិតច្នៃប្រតិដ្ឋ គាត់បានចាប់ផ្តើមអាជីពពីកសិផលជ្រះ ដែលដាំដោយខ្លួនឯង ហើយបង្កើតនូវផលិតផលមានផ្លាកពាណិជ្ជកម្ម។
លោកភឿង ជាមួយនឹងផលិតផល “ស្រកានាគតោងដើមស្មែ”។
ក្នុងអំឡុងពេល ៧ ឆ្នាំនេះ លោកភឿង បានអនុវត្តជោគជ័យជាមួយនឹងទម្រង់ដាំ “ស្រកានាគតោងដើមស្មែ”។ នៅលើផ្ទៃដី១ហិកតា ដំណាំស្រកានាគដែលដាំដោយទម្រង់នេះ មានភាពប្រសើរលើសលប់ បើប្រៀបនឹងរបៀបដាំធម្មតា។ នោះគឺ៖ មិនសូវចំណាយដើមទុន និងកម្លាំងថែទាំ ប៉ុន្តែបរិមាណផលខ្ពស់ជាង។ លើសពីនោះទៀត ផ្លែស្រកានាគរបស់គាត់មានសម្បកស្តើងនិងរសជាតិផ្អែមឆ្ងាញ់។ មកទល់ពេលនេះ ផ្លែស្រកានាគរបស់គ្រួសារគាត់មានផ្លាកពាណិជ្ជកម្មម៉ាយយ៉ា និងនាំចេញទៅទីផ្សារក្នុងទូទាំងប្រទេស។ ក្នុងមួយឆ្នាំ គាត់លក់ផ្លែស្រកានាគបានពី ៤-៥ លើក មួយលើកៗបានពី ២-៥ តោន។ តម្លៃមធ្យមភាគលើទីផ្សារក៏ខុសគ្នាដែរ នៅក្រុងហូជីមិញតម្លៃ ៦០ ពាន់ដុង/គីឡូក្រាម នៅក្រុងកាម៉ាវតម្លៃ ៣០ ពាន់ដុង/គីឡូក្រាម និងនៅស្រុកកៃនឿកតម្លៃ ២០ ពាន់ដុង/គីឡូក្រាម។
ផលិតផលរបស់កសិដ្ឋានម៉ាយយ៉ា ដាក់តាំងផ្សព្វផ្សាយក្នុងកម្មវិធីប្រឡងផ្តើម
អាជីពនៅកាម៉ាវ ឆ្នាំ២០២៣។
ទម្រង់ទី២របស់លោកភឿង គឺបណ្តុះផ្សិតសំណាញ់ ជាប្រភេទផ្សិតដ៏កម្រនៅលើទីផ្សារសព្វថ្ងៃនេះ ហើយមិនមែននៅទីណាសុទ្ធតែបណ្តុះបាននោះទេ។ ក្រៅពីផលិតផលផ្សិតសំណាញ់ស្ងួត លក់ដោយតម្លៃ៣,២លានដុង/គីឡូក្រាម គាត់នៅទាំងកែច្នៃផលិតផលដ៏មានតម្លៃជាច្រើនទៀតពីផ្សិតផងដែរ។ ពិសេស ផលិតផល “សេរ៉ូមផ្សិតរាជនី” និង “ទឹកគ្រឿងផ្សិត” បានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រឡងផ្តើមអាជីពនៅកាម៉ាវ ឆ្នាំ២០២៣។
ផ្តើមពីគ្រឹះធារនោះ លោកភឿង បាននាំយក “ផលិតផលសំណព្វចិត្ត” ទាំងអស់របស់គាត់ ចូលរួមក្នុងពិធីប្រឡងគំនិតច្នៃប្រតិដ្ឋវិទ្យាសាស្ត្រ-បច្ចេកទេសទូទាំងប្រទេសឆ្នាំនេះ ដោយសង្ឃឹមថា ផ្សិតសំណាញ់នៅលើតំបន់ជ្រាបទឹកប្រៃនឹងមានឈ្មោះបោះសំឡេង។ “ក្តីកង្វល់និងបំណងប្រាថ្នានាពេលបច្ចុប្បន្ន គឺយើងគប្បីមានមជ្ឈមណ្ឌលមួយសម្រាប់រក្សាទុកហ្សែន និងបង្កាត់ពូជ។ ផ្តើមពីនោះ បើកទូលាយពូជផ្សិតដ៏កម្រនិងពង្រីកប្រសិទ្ធភាពទម្រង់ក្នុងគ្រួសារកសិកម្ម” - លោកម៉ាយឡាមភឿង បានប្តេជ្ញាចិត្តដូច្នេះ៕
យោង៖ កាសែតកាម៉ាវ - វិមាន