មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

25/09/2023 - 15:39

សិល្ប​ការិនី​វ័យ​ក្មេង​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់

សិល្ប​ការិនី ថាច់​ធី​នីតា ប្រ​ធាន​ក្រុម​របាំ​ខ្មែរ​នៃ​មជ្ឈ​មណ្ឌល​វប្ប​ធម៌​សិល្បៈ​ខេត្ត​វិញ​ឡុង។ ក្រៅ​ពី​បំ​ពេញ​ភារ​កិច្ច​នៅ​មជ្ឈ​មណ្ឌល ថាច់​ធីនី​តា នៅ​ទាំង​ចូល​រួម​បង្ហាត់​របាំ​នៅ​តាម​ថ្នាក់​រៀន​ដែល​រៀប​ចំ​ឡើង​ដោយ​ គណៈ​ជន​ជាតិ សហការ​ជា​មួយ​នឹង​មន្ទីរ​វប្ប​ធម៌ កីឡា​និង​ទេស​ចរណ៍​ ខេត្ត​វិញ​ឡុង​ទៀត​ផង។

 សិល្ប​ការិនី​ថាច់​ធីនី​តា។

តាម​ការ​រៀប​រាប់​របស់​ថាច់​ធីនីតា នាង​ពិត​ជា​មាន​ចំ​ណូល​ចិត្ត​នឹង​របាំ​ប្រពៃ​ណី​ខ្មែរ​ខ្លាំង​ណាស់ ដ្បិត​អី​កាល​ពីតូច នីតា​តែង​ទៅ​វត្ត​ក្នុង​ឱកាស​បុណ្យ​ទាន បុណ្យ​ចូល​ឆ្នាំ​ថ្មី ដើម្បី​មើល​ឈុត​របាំ​ផ្សេងៗ។ ពេល​ឃើញ​ឈុត របាំ​នៅ​លើ​ឆាក​កាច់​ក្បាច់​របៀប​ណា នីតា​នៅ​ឯក្រោម​ឆាក​ក៏​កាច់​ក្បាច់​ធ្វើ​តាម។ សិល្ប​ការិនី ថាច់​ធីនី​តា រំឮក​ឡើង​វិញ៖ “រយៈ​ពេល​រៀន​វិទ្យា​ល័យ​ជន​ជាតិ​អន្ដេវា​សិក​ខេត្ត​វិញ​ឡុង នាង​ខ្ញុំ​បាន​ចូល​រួម​ក្នុង​ក្រុម​សិល្បៈ​របស់​សាលា។ ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ទាន បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឬមហោ​ស្រព​ជា​ដើម គឺ​លោក​គ្រូ អ្នក​គ្រូ​តែង​ណែ​នាំ​ហាត់​សម​ឈុត​សម្ដែង​ដល់​ក្រុម។ ប្រ​សិន​បើ ពិ​ធី​មហោ​ស្រព​នោះ​មាន​ទ្រង់​ទ្រាយ​ធំ​ សាលា​រៀន​ក៏​អញ្ជើញ​សិល្ប​ករ​អា​ជីព​មក​បង្ហាត់​ដល់​យើង​ខ្ញុំ​ទៀត​ផង​ ម្ល៉ោះ​ហើយ​ទើប​នាង​ខ្ញុំ​កាន់​តែ​ជក់​ចិត្ត​ដិត​អារម្មណ៍​នឹង​របាំ​ប្រ​ពៃ​ណី”។ ហេតុ​តែ​ឃើញ​នីតា​រាំ​បាន​ល្អ និង​មាន​ចំ​ណង់​ចំ​ណូល​ចិត្ត ទើប​គ្រួ​សារ​ឱ្យនីតា​ទៅ​រៀន​មុខ​ជំ​នាញ​របាំ​ប្រពៃ​ណី​នៅ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​ បន្ទាប់​ពី​ប្រ​ឡង​បញ្ចប់​សញ្ញា​បត្រ​វិទ្យា​ល័យ។ 

ពេល​កំពុង​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​ត្រា​វិញ នីតា​តែង​មាន​ឱកាស​ចូល​រួម​សម្ដែង​របាំ​ក្នុង​សាលា​និង​តាម​ទីវត្ត​អា​រាម​ជា​ដើម។ អា​ស្រ័យ​ការ​ជក់​ចិត្ត​និង​ឧស្សាហ៍​ព្យា​យាម ទើប​នី​តា​រៀន​ឆាប់​ចេះ​របាំ​ប្រ​ពៃណី។ ថ្ងៃ​ដែល​អតីត​សា​លា​រៀន​របស់​នីតា ធ្វើ​ពិធី​ទទួល​ប័ណ្ណ​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជាតិ នីតា​ត្រូវ​បាន​អញ្ជើញ​មក​សម្ដែង​របាំ​ ហើយ​ទទួល​បាន​ការ​ស្ងើច​សរ​សើរ​ពី​មនុស្ស​ជា​ច្រើន។ ពេល​បញ្ចប់​ការ​សិក្សា នីតា ត្រូវ​បាន​ទទួល​ចូល​ធ្វើ​ការ​នៅ​មជ្ឈ​មណ្ឌល​វប្បធម៌​សិល្បៈ ​ម្ល៉ោះ​ហើយ​នាង​កាន់​តែ​ពង្រីក​ទេព​កោ​សល្យ​របស់​ខ្លួន​ថែម​ទៀត។ បន្ទាប់​ពី​ចូល​ធ្វើ​ការ​អស់​រយៈ​ពេល​ជិត​៣​ឆ្នាំ នីតា​ទទួល​បាន​រង្វាន់​ជា​ច្រើន មាន​ដូច៖ មេ​ដាយ​មាស​ក្នុង​មហោ​ស្រព​ប្រ​ឡង​ឃោសនា​ការ​ចល័ត​ទូ​ទាំង​ប្រ​ទេស​ឆ្នាំ​២០២០; សម្រេច​បាន​រង្វាន់ A ចំ​នួន​១ រង្វាន់ B ចំ​នួន២ និង​រង្វាន់ C ចំ​នួន១ ក្នុង​សមោ​សរ​សិល្បៈ​មហា​ជន​ខ្មែរ មេ​ដាយ​សំ​រឹទ្ធ​ក្នុង​ពិធី​ប្រ​ឡង​យុវ​សិស្ស និស្សិត​ដែល​មាន​សមត្ថ​ភាព​នៅ​តាម​មូលដ្ឋាន​បណ្ដុះ​បណ្ដាលវប្ប​ធម៌​សិល្បៈ​ទូទាំង​ប្រ​ទេស; រង្វាន់ B ក្នុង​ ឈុត​សម្ដែង​ដក​ស្រង់​ពិធី​បុណ្យ កម្ម​វិធី​វប្ប​ធម៌ ពិធី​កិច្ច​វប្ប​ធម៌​ប្រ​វេណី​ក្នុង​ទិវា​វប្ប​ធម៌ កីឡា និង​ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ។ល។ ជា​មួយ​នឹង​ស្នា​ដៃ​សម្រេច​បាន ឆ្នាំ ២០២១ សិល្ប​ការិនី ថាច់​ធីនី​តា បាន​គណៈ​កម្មា​ធិការ​ប្រជា​ជន​ខេត្ត​វិញ​ឡុង​ជូន​ប័ណ្ណ​សរ​សើរ។ 

សិល្ប​ការិនី ថាច់​ធីនី​តា រ៉ាយ​រ៉ាប់៖ “សង្កេត​ឃើញ​យុវ​ជន​ខ្មែរ​ជា​ច្រើន​នៅ​តំបន់​ជន​រួម​ជាតិ​ខ្មែរ មាន​ចំ​ណង់​ចំ​ណូល​ចិត្ត​ក្នុង​ការ​ច្រៀង​ រាំ ដូច​ជា​នាង​ខ្ញុំ​កាល​ពី​មុន ទើប​នាង​ខ្ញុំ​ស្នើ​សុំ​បើក​ថ្នាក់​បង្រៀន​របាំ​ខ្មែរ។  មក​ទល់​បច្ចុប្បន្ន យើង​ខ្ញុំ​បើក​បង្រៀន​បាន​៥​ថ្នាក់ និង​បង្កើត​បាន​ក្រុម​ សិល្បៈ​ចំ​នួន ២ នៅ​ស្រុក​ត្រា​អូង​និង​ទី​រួម​ខេត្ត​ប៊ិញ​មិញ។  ខ្ញុំ​រីក​រាយ​ខ្លាំង​ណាស់ ដ្បិត​មាន​សិស្ស​ជា​ច្រើន​បាន​មក​ហាត់​របាំ ហើយ​ក្រុម​ សិល្បៈ​ក៏​អាច​ចូល​រួម​សម្ដែង​ក្នុង​ឱកាស​បុណ្យ​ទាន បុណ្យ​ចូល​ឆ្នាំ​ថ្មី​ជា​ដើម។ ទោះ​បី​ជា​រវល់​យ៉ាង​ណា​ក្ដី ខ្ញុំ​នៅ​តែ​មិន​ភ្លេច​ចុះ​ទៅ​តាម​ភូមិ​ភាគ​ដើម្បី​បង្ហាត់​របាំ​ប្រពៃណី​នោះ​ដែរ”៕

                           ហា​ថាញ់ - ថាច់ធី

ចែករំលែកអត្ថបទ