កសិករខ្មែរ នៅឃុំហ្វៀងហូយ ស្រុកកាងឡុង ខេត្តត្រាវិញ កំពុងអនុវត្តទម្រង់ដាំក្រូចឆ្មារឥតគ្រាប់ ដោយអនុវត្តវិទ្យាសាស្ត្របច្ចេកទេសជឿនលឿន។ ទម្រង់នេះ បាននាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។
ទម្រង់ដាំក្រូចឆ្មារឥតគ្រាប់របស់បងថាច់ហ្វឹកក្វី (ពាក់អាវខ្មៅ) ។
កសិករ ថាច់ហ្វឹកក្វី នៅភូមិត្រាអង មិនញញើតបង្វែរផ្ទៃដី ៧.០០០ ម៉ែត្រការ៉េ ដែលផលិតស្រូវបានផលតិចតួច ងាកមកដាំក្រូចឆ្មារឥតគ្រាប់វិញ។ បងថាច់ហ្វឹកក្វី ឱ្យដឹង៖ “មុននេះ ផ្ទៃដីធ្វើស្រែពុំសូវបានផល ខ្ញុំក៏លើករងដាំក្រូចឆ្មារឥតគ្រាប់វិញ ហើយបានបុគ្គលិកក្រុមហ៊ុន The Fruit Republic សន្យាម៉ៅទិញផលិតផល ហើយក្រុមហ៊ុនក៏បានបញ្ជូនបុគ្គលិកចុះមកណែនាំពីបច្ចេកទេសដាំដុះ។ ក្នុងមួយកុងដាំបាន ៤៥ ដើម គម្លាតពីមួយដើមទៅមួយដើម៥ម៉ែត្រ រងចន្លោះពីគ្នា ៥ ម៉ែត្រ ទន្ទឹមនឹងការជំនួយបច្ចេកទេសដាំ ខ្ញុំក៏បំពាក់ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិតាមគល់ សរុបទឹកប្រាក់ជិត ៣០ លានដុង។ ខ្ញុំសង្កេតឃើញទម្រង់ដាំក្រូចឆ្មារឥតគ្រាប់ ផ្ដល់ប្រាក់ចំណូលខ្ពស់ជាង ពី ៧-៨ ដងបើប្រៀបនឹងធ្វើស្រែ។ ចំណែកការដាក់ជីក៏គ្មានអ្វីលំបាកដែរ ត្រូវការជីទឹកអតិសុខុមប្រាណដើម្បីឱ្យក្រួចឆ្មារឆាប់ចាក់ឫស និងលូតលាស់ល្អ។ អាស្រ័យដាំក្រូចឆ្មារ ទើបបច្ចុប្បន្នសេដ្ឋកិច្ចគ្រួសារខ្ញុំមានភាពលំនឹង។ ជាមួយនឹងដំណាំក្រួចឆ្មារឥតគ្រាប់ ៧ កុងរបស់គ្រួសារ ក្រោយពីទូទាត់ចំណាយរួចស្រេច ក្នុងមួយខែខ្ញុំរកបានប្រាក់ចំណូលប្រមាណជិត ៤០ លានដុង”។
ដើម្បីស្វែងរកច្រកចេញប្រកបដោយចីរភាពសម្រាប់ទម្រង់ក្រូចឆ្មារឥតគ្រាប់នេះ នៅឆ្នាំ ២០២០ សហករណ៍កសិកម្ម ថាញ់ជី នៅឃុំហ្វៀងហោយ បានបង្កើតឡើងដោយមានសមាជិកចូលរួម ១០ នាក់។ ក្រោយរយៈពេល ២ ឆ្នាំដំណើរការមានប្រសិទ្ធភាព សព្វថ្ងៃសមាជិកកើនឡើងចំនួន ៤០ នាក់ ដោយមានផ្ទៃដីដាំសរុប ៥៣ ហិកតា។ លោក ង្វៀងវ៉ាន់ង្វៀន អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហ្វៀងហោយ មានប្រសាសន៍ ៖ “សហករណ៍កសិកម្ម ថាញ់ជី មានភាពជំនាញក្នុងការដាំក្រូចឆ្មារឥតគ្រាប់ ហើយបានក្រុមហុន The Fruit Republic សន្យាម៉ៅទិញផលិតផល ១០០% ដើម្បីនាំចេញទីផ្សារតៃវ៉ាន់ ដោយតម្លៃលក់ខ្ពស់ជាងតម្លៃទីផ្សារ ៥.០០០ ដុងក្នុងមួយគីឡូក្រាម។ នេះជាប្រភេទពូជថ្មី ងាយស្រួលដាំលូតលាស់រហ័ស ពេលវេលាដាំប្រមាណជិត ១៨ ខែ។ ក្រូចឆ្មារ អាចប្រមូលផលបានទាំងប្រាំងវស្សា ប្រមូលផលបានពីរលើកក្នុងមួយខែ អូសបន្លាយបាន ៨ ឆ្នាំ តម្លៃលក់ក្រូចនាបច្ចុប្បន្នពី ១៥.០០០ - ៣០.០០០ ដុងក្នុងមួយគីឡូក្រាម។ អាស្រ័យទម្រង់នេះ បានរួមចំណែកបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រនៅតំបន់ជនរួមជាតិខ្មែរលើភូមិសាស្រ្តឃុំហ្វៀងហោយ”៕
សើុងម៉ាល័យ-ត្រឹងរ៉ូន