មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

19/06/2023 - 16:54

អ្នក​កា​សែត​ស្វា​ហាប់​ ស្រឡាញ់​អា​ជីព

ស្វា​ហាប់​ ស្រ​ឡាញ់អា​ជីព និង​ពូកែ​ក្នុង​ការ​ងារ​មុខ​ជំ​នាញ អ្នក​កា​សែត​ យ័ញ​ចិន្តា បាន​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​ ប្រគល់​ឱ្យ​ទទួល​បន្ទុក​ស្ថាប័ន​ប្រ​ចាំ​អចិន្រ្តៃយ៍​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​ នៅ​ខេត្ត​បាក​លីវ ។

អ្នក​កាសែត​ យ័ញ​ ចិន្តា (ឈរ​ទី ៣ រាប់​ពី​ឆ្វេង) ទទួល​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្ម​ធិការ
ប្រជាជនខេត្តបាកលីវ។

ឆ្នាំ ២០១០ ក្រោយ​ពី​បញ្ចប់​មហា​វិទ្យា​ល័យ​គរុកោ​សល្យ​អក្សរ​សាស្រ្ត​ យ័ញ​ចិន្តា បាន​ប្រឡង​ជម្រើស​ចូល​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​ ហើយ​ត្រូវ​បាន​ចាត់​មក​ប្រ​ចាំ​ការ​នៅ​ខេត្ត​សុក​ត្រាំង ក្នុង​តួនា​ទី​ជា​អ្នក​យក​ព័ត៌​មាន។ ស្រុក​កំ​ណើត​នៅ​សុក​ត្រាំង ថែម​ទាំង​ជា​ជន​ជាតិ​ខ្មែរ​ ម៉្លោះ​ហើយ​អ្នក​កា​សែត​ចិន្តា មាន​ការ​យល់​ដឹង​ច្រើន​អំ​ពី​ទម្លាប់​ផលិត​កម្ម​ ក៏​ដូច​ជា​ការ​រស់​នៅ​របស់​ប្រជា​ជន​នៅ​ភូមិ​ភាគ​ ហេតុ​នោះ​ការ​ងារ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល។ អ្នក​កា​សែត​ចិន្តា បាន​ឱ្យ​ដឹង៖ “ភាព​ងាយ​ស្រួល​របស់​ខ្ញុំ​ក្រៅ​ពី​ធំ​ដឹង​ក្តី​នៅ​ជន​បទ​នៃ​ខេត្ត​សុក​ត្រាំង ថែម​ទាំង​មាន​ឪពុក​ជា​អ្នក​កា​សែត​ បម្រើ​ការ​នៅ​សារ​ព័ត៌​មាន​ភាសា​ខ្មែរ​សុក​ត្រាំង ទើប​ខ្ញុំ​រៀន​សូត្រ​បាន​បទ​ពិសោធន៍​ច្រើន​ក្នុង​វិស័យ​សារ​ព័ត៌​មាន​។ ម្យ៉ាង​ទៀត​ ខ្ញុំ​អាន​សៀវ​ភៅ​ កាសែត​ និង​មើល​បទ​យក​ការណ៍​ច្រើន​ ម៉្លោះហើយ​ទើប​មាន​ទុន​ធាន​ផ្នែក​វាក្យ​ស័ព្ទ​ និង​បំ​ណិន​ក្នុង​សរ​សេរ​សារ​ព័ត៌​មាន”។ អ្នក​កា​សែត​ ចិន្តា តែង​ច្បាម​ខ្ជាប់​ភូមិ​សាស្រ្ត​ ឧស្សាហ៍​ចុះ​ទៅ​មូល​ដ្ឋាន​ដើម្បី​យក​ព័ត៌មាន​ និង​កសាង​ទំ​នាក់​ទំ​នង​ល្អ​ជា​មួយ​ថ្នាក់​ដឹក​នាំ​មូល​ដ្ឋាន។ ដូច្នេះ​ហើយ​ អត្ថ​បទ​ទាំង​ឡាយ​របស់​អ្នក​កាសែត​ចិន្តា បាន​ឆ្លុះ​បញ្ចាំង​ទាន់​ពេល​វេលា​ ខិត​ជិត​ជា​មួយ​នឹង​ភាព​ជាក់​ស្តែង​អំ​ពី​ សកម្ម​ភាព​ និង​ព្រឹត្តិ​ការណ៍​នៅ​ភូមិ​ភាគ​ លើ​គ្រប់​វិស័យ​មាន​ដូច​៖ នយោ​បាយ​ វប្ប​ធម៌​ សង្គម​ សេដ្ឋ​កិច្ច។ល។ សុខា​ភិបាល​ អប់រំ​ សន្តិ​សុខ​ ការ​ពារ​ប្រ​ទេស​… ក្រៅ​ពី​នេះ​ អ្នក​កា​សែត​ ចិន្តា ថែម​ទាំង​ទទួល​បន្ទុក​ផ្នែក​ទូរ​ទស្សន៍​ផង​ដែរ​ ដើម្បី​បំ​ពេញ​តម្រូវ​ការ​នៃ​អ្នក​សារ​ព័ត៌​មាន​ពហុព័ត៌​មាន​។

ស្វា​ហាប់​ វិនិច្ឆ័យ​ព័ត៌​មាន​រហ័ស​និង​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​ងារ​ អ្នក​កាសែត​ ចិន្តា បាន​ថ្នាក់​ដឹក​នាំ​ជឿទុក​ចិត្ត។ ឆ្នាំ​ ២០១៦ អ្នក​កាសែត​ ចិន្តា ត្រូវ​បាន​ស្ថា​ប័ន​បញ្ជូន​ទៅ​បំ​ពេញ​ការ​ងារ​នៅ​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​វៀត​ណាម​នៅ​ភ្នំពេញ​ ព្រះ​រាជា​ណាច​ក្រ​ក​ម្ពុជា។ អ្នក​កា​សែត​ ចិន្តា ឱ្យ​ដឹង​៖ ការ​ងារ​របស់​អ្នក​យក​ព័ត៌​មាន​នៅ​ក្រៅ​ប្រ​ទេស​ ក្រៅ​ពី​ការ​ក្តោប​ក្ដាប់ តាម​ដាន​ព្រឹត្តិ​ការណ៍​រៀប​នឹង​ប្រ​ព្រឹត្ត​ឡើង​ គឺ​ការ​ប្រកួត​ប្រជែង​ផ្នែក​ព័ត៌​មាន​មាន​ភាព​ខ្លាំង​ក្លា​ណាស់។ ព្រោះ​ថា ក្រៅ​ពី​ស្ថា​ប័ន​ប្រចាំ​អចិន្រ្តៃយ៍​របស់​វៀត​ណាម​ ប្រ​ទេស​ដទៃ​ក៏​មាន​ក្រុម​អ្នក​យក​ព័ត៌មាន​ “ត្រៀម​ប្រ​យុទ្ធ​” ផង​ដែរ​ មាន​ដូច​ជា៖ ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​ស៊ីន​ហួរ​រ៉យ​ទ័រ អេ​អេ​ហ្វភី… ម៉្លោះ​ហើយ​ទាម​ទារ​អ្នក​យក​ព័ត៌​មាន​ ត្រូវ​មាន​ភាព​រហ័ស​រ​ហួន​ និង​ពូកែ​ទើប​សម្រេច​ភារ​កិច្ច​ដែល​ថ្នាក់​លើប្រ​គល់។ អ្នក​កាសែត​ ចិន្តា ចែក​រំ​លែក៖ “អ្នក​យក​ព័ត៌​មាន​ប្រ​ចាំ​ការ​នៅ​ក្រៅ​ប្រ​ទេស​ត្រូវ​ម្ចាស់​ការ​ខ្លួន​ឯង ទើប​មាន​ព័ត៌​មាន​រហ័ស​ ទាន់​ពេល​វេលា​ និង​ត្រឹម​ត្រូវ។ ព្រោះ​ថា​ស្ថា​ប័ន​ប្រ​ចាំ​អចិន្រ្តៃយ៍​នានា​ ស្ថា​ប័ន​ណា​ក៏​ចង់​បាន​ព័ត៌​មាន​ផ្តាច់​មុខ​ ម៉្លោះ​ហើយ​អ្នក​យក​ព័ត៌​មាន​ត្រូវ​តែ​ស្វែង​រក​ព័ត៌​មាន​អំ​ពី​ព្រឹត្តិ​ការណ៍​នេះ​ដោយ​ខ្លួន​ឯង បន្ទាប់​មក​ត្រូវ​ទំ​នាក់​ទំ​នង​ជា​មួយ​ ក្រ​សួង​ព័ត៌​មាន​របស់​ប្រ​ទេស​មិត្ត​ ដើម្បី​ចុះ​ឈ្មោះ​សុំ​ប័ណ្ណ​បំ​ពេញ​ការ​ងារ។ ក្រៅ​ពី​ចេះ​ភាសា​ប្រ​ទេស​មិត្ត​ហើយ​ អ្នក​យក​ព័ត៌​មាន​ត្រូវ​មាន​សមត្ថ​ភាព​ បំ​ណិន​ និង​បទ​ពិសោធន៍​គ្រប់​គ្រាន់​ដើម្បី​អនុ​វត្ត​ព័ត៌​មាន។ ទន្ទឹម​នឹង​នោះ​ អ្នក​ត្រូវ​ចេះ​បើក​បរ​រថ​យន្ត​ ស្គាល់​ផ្លូវ​ បក​ប្រែ​និង​រក្សា​សុវត្ថិ​ភាព​ផ្ទាល់​ខ្លួន​ក្នុង​ព្រឹត្តិ​ការណ៍​សំ​ខាន់​ៗនៅ​កន្លែង​ដែល​ខ្លួន​ប្រចាំ​អចិន្ត្រៃយ៍”។

មាន​សមត្ថ​ភាព​ បំ​ណិន​ និង​បទ​ពិសោធន៍​ការ​ងារ​គ្រប់​គ្រាន់​ ម៉្លោះ​ហើយ​ក្រោយ​ពី​ ៣ ឆ្នាំ​ ប្រចាំ​អចិន្ត្រៃយ៍​នៅ​ប្រ​ទេស​កម្ពុជា​ អ្នក​កា​សែត​ចិន្តា ក៏​បាន​វិល​ត្រ​ឡប់​មក​មាតុ​ប្រ​ទេស​វិញ​ ហើយ​បន្ត​ទទួល​បន្ទុក​ប្រចាំ​អចិន្រ្តៃយ៍​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​ខេត្ត​បាក​លីវ​រហូត​មក​ដល់​បច្ចុប្បន្ន​។ ពិសេស​ អ្នក​កាសែត​ ចិន្តា បាន​នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ជូន​ឥស្សរិយ​យស​មិត្ត​ភាព​សហ​ប្រតិ​បត្តិ​ការ៕

                                          យ្វី​អាញ

ចែករំលែកអត្ថបទ