យោងតាមគណៈកម្មាធិការជនជាតិ រយៈពេលកន្លង ភូមិភាគជាច្រើនបានប្រកាសឱ្យប្រើគោលនយោបាយពិសេសដោយឡែក ដើម្បីអនុវត្តឆាប់រហ័សនូវទិសដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច។
ថ្នាក់បង្រៀនអក្សរខ្មែរដល់ប្អូនៗជនជាតិខ្មែរ នៅវត្តដៃទទឹង ឃុំតឹបងាយ
ស្រុកទីវកឹង ខេត្តត្រាវិញ។
ស្ថិតិបឋមពីគណៈកម្មាធិការជនជាតិ ក្នុងចំណោម ៤៦ ភូមិភាគក្នុងទូទាំងប្រទេស ដែលបានធ្វើរបាយការណ៍ គឺមានខេត្តចំនួន ៣០ មានគោលនយោបាយពិសេសដោយឡែក ដោយមានគោលនយោបាយចំនួន ៧៣ អំពីការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ជនរួមជាតិភាគតិច។ ក្នុងនោះ នៅវាលរាបទន្លេគឺវឡុងមានភូមិភាគចំនួន ៨ បានផ្សព្វផ្សាយអនុវត្តនូវគោលនយោបាយពិសេសដោយឡែកចំនួន ២១។
តួយ៉ាងដូចខេត្តអាងយ៉ាង មានគោលនយោបាយ ១ ក្នុងចំណោម ៣ គោលនយោបាយពិសេសដោយឡែក ដែលខេត្តកំពុងផ្សព្វផ្សាយ អនុវត្ត គឺឧបត្ថម្ភសាងសង់ផ្ទះជូនគ្រួសារជនរួមជាតិភាគតិចក្រីក្រ។ ឆ្លងតាមរយៈនោះ គណៈជនជាតិ ស្នើផ្សព្វផ្សាយប្រភពទុន ៥០០ លានដុងពីប្រភពជំនួយរបស់ធនាគារ Vietcombank ខេត្តសុកត្រាំង ឧបត្ថម្ភផ្ទះ ១០ ខ្នង កម្រិតកំណត់ ៥០.០០០.០០០ ដុង/ខ្នង ជូនគ្រួសារជនរួមជាតិភាគតិចក្រីក្រនៅលើភូមិសាស្រ្តខេត្តអាងយ៉ាង។ គោលនយោបាយ ១ ក្នុងចំណោម ៣ គោលនយោបាយពិសេសដោយឡែក ដែលខេត្តត្រាវិញកំពុងផ្សព្វផ្សាយ នោះគឺដំណើរការរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ រៀបចំបើកថ្នាក់ពុទ្ធិកសិក្សា ប្រឡងយកសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ៤ និងទុតិយភូមិឆ្នាំទី ៣។ ឆ្នាំកន្លង សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ បានរៀបចំសម័យប្រឡងយកសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ៤ និងទុតិយភូមិឆ្នាំទី ៣ នៅតាមមណ្ឌលវត្តដែលបើកថ្នាក់បង្រៀនចំនួន ២១ មណ្ឌល ដោយមានបេក្ខជនចូលរួមប្រឡង ៥១៩ អង្គនិងរូប។ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត និងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក ក្រុងទាំង ៨ ក្នុង ខេត្ត បានបើកបវេសនកាលឆ្នាំសិក្សាថ្មី ដោយមានសមណសិស្សនិងសិស្សចូលរៀនជិត ៣.០០០ អង្គនិងរូប។ល។ ចំណែកនៅខេត្តសុកត្រាំង បានផ្សព្វផ្សាយគម្រោងបណ្តុះបណ្តាលភាសាខ្មែរសម្រាប់កម្មាភិបាល អ្នករដ្ឋការ បុគ្គលិកនៅលើភូមិសាស្រ្តខេត្ត តាមសេចក្តីសម្រេចលេខ ១៧០២-QĐ/TU ចុះថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៩ របស់គណៈកម្មាធិការបក្សខេត្តសុកត្រាំង។ ឆ្លងតាមរយៈនោះ ឆ្នាំសិក្សា ២០២០-២០២១ ខេត្តរៀបចំបណ្តុះបណ្តាលបាន ៥ ថ្នាក់ (កម្រិតមូលដ្ឋាន ៣ ថ្នាក់ និងកម្រិតលើកកម្ពស់ ១ ថ្នាក់ និងបកប្រែ ១ ថ្នាក់) ជូនសិក្ខាកាម ២៤៩ រូប។ ទន្ទឹមនឹងនោះ ខេត្តក៏បានរៀបចំបង្រៀនភាសាខ្មែរ ផ្សាយតាមវិទ្យុ-ទូរទស្សន៍ខេត្តបាន ៥៩លើក ( ១ លើក/សប្តាហ៍; ចាប់ផ្តើមពីខែតុលា ឆ្នាំ២០២១)។ សរុបថវិកាជាង ១ ពាន់លានដុង។ល។ ទន្ទឹមនឹងនោះ ក្នុងឱកាសថ្ងៃបុណ្យប្រពៃណីរបស់ជនរួមជាតិ ភូមិភាគដែលមានជនរួមជាតិភាគតិចរស់នៅកុះករតំបន់វាលរាបទន្លេគឺវឡុង តែងរៀបចំគណៈប្រតិភូអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយ។ល។ គិតជាទឹកប្រាក់សរុបរាប់សិបពាន់លានដុង។ ឆ្លងតាមរយៈនោះ រួមចំណែកលើកកម្ពស់ជីវភាព សម្ភារៈ និងស្មារតីជូនជនរួមជាតិភាគតិច។
លោកហូវអាឡឺន រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ឱ្យដឹង៖ ឆ្នាំកន្លង ស្ថាប័នបម្រើការងារជនជាតិនៅតាមភូមិភាគនានា តែងក្តាប់ច្បាស់ស្ថានភាពនៅតំបន់ជនរួមជាតិភាគតិច។ ផ្តើមពីនោះ ដោះស្រាយនូវបញ្ហាលេចធ្លោដែលកើតឡើងបានទាន់ពេល; រៀបចំត្រួតពិនិត្យ សើុបអង្កេត ឃ្លាំមើលការអនុវត្តនូវគោលនយោបាយជនជាតិ ប្រទះឃើញការលំបាកជាប់ទាក់ទិនដើម្បីដោះស្រាយ ជំរុញល្បឿនដំណើរការ លើកកម្ពស់គុណភាព ប្រសិទ្ធភាពរបស់គម្រោងគោលនយោបាយ ។ល។ ពិសេស ភូមិភាគជាច្រើនបានប្រកាសឱ្យប្រើគោលនយោបាយពិសេសដោយឡែក ដោយប្រភពទុនភូមិភាគ រួមជាមួយនឹងទុនមជ្ឈិម ដើម្បីអនុវត្តឆាប់រហ័សនូវទិសដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចដែលបានដាក់ចេញ៕
ថាញឡុង-វិមាន