រយៈពេលជាង ២០ ឆ្នាំអនុវត្តអនុក្រឹត្យលេខ ៧៨ របស់រដ្ឋាភិបាលស្តីពីឥណទានអនុគ្រោះចំពោះអ្នកក្រនិងចំពោះមុខសញ្ញាគោលនយោបាយផ្សេងៗ បានជួយដល់ខេត្តបាកលីវអនុវត្តមានប្រសិទ្ធភាព ការងារកាត់បន្ថយភាពក្រីក្រ។ តាមរយៈនោះ មានគ្រួសារចាកផុតពីភាពក្រីក្រជិត ១០០% ដែលបានបុលទុនពីធនាគារគោលនយោបាយសង្គម ដើម្បីពង្រីកការផលិតនិងធ្វើអាជីវកម្មលំនឹងជីវភាព។
អាស្រ័យបានបុលទុនអនុគ្រោះ ទើបគ្រួសារខ្មែរក្រីក្រជាច្រើនក្នុងខេត្តមានលក្ខណសម្បត្តិពង្រីកសេដ្ឋកិច្ច ឈានឡើងចាកផុតពីភាពក្រីក្រ។
តាមប្រសាសន៍លោកហ្វិញវ៉ាន់ធ្វឹង អគ្គនាយករងធនាគារគោលនយោបាយសង្គមវៀតណាម មកទល់នឹងពេលនេះ ខេត្តបាកលីវបានផ្សព្វផ្សាយអនុវត្តកម្មវិធីឥណទានចំនួន ១៧ សរុបបំណុលឱ្យបុលជាង២.៥៥០ ពាន់លានដុង។ ផ្តើមពីនោះ បង្កការងារធ្វើជូនពលករ-ការិនី២៧៧.០០០ នាក់; សាងសង់និងជួសជុលផ្ទះជូនគ្រួសារក្រីក្របានជិត ៣០.០០០ខ្នង; ឧបត្ថម្ភសិស្ស និស្សិតជិត ១០០.០០០ នាក់ បុលប្រាក់ផ្គត់ផ្គង់ការសិក្សា; ឧបត្ថម្ភឱ្យបុលសម្រាប់កសាងសំណង់ផ្គត់ផ្គង់ទឹកស្អាតនិងបន្ទប់អនាម័យនៅជនបទបាន ១២៧.០០០សំណង់; ឧបត្ថម្ភពលករបុលប្រាក់ទៅធ្វើការប្រទេសក្រៅជិត ១.៦០០ នាក់។ល។ ក្រៅពីនោះ ធនាគារគោលនយោបាយសង្គមខេត្ត បានចុះហត្ថលេខាលើឯកសារអន្តរផ្នែកក្នុងការប្រគល់សិទ្ធិផ្ដល់ប្រាក់កម្ចីដល់សមាគមសហព័ន្ធនារី សមាគមកសិករ សមាគមអតីតយុទ្ធជន និងសម្ព័ន្ធយុវជន ចុះកិច្ចសន្យាប្រគល់សិទ្ធិរវាងសមាគមថ្នាក់ឃុំចំនួន ២៥២ គ្រប់គ្រងក្រុមប្រិតសំចៃនិងបុលទុនជាង ១.៩០០ ក្រុម សំណល់បំណុលពីការប្រគល់សិទ្ធិជាង ២.៥០០ ពាន់លានដុង។ ឆ្លងតាមរយៈនោះ បានជួយឱ្យគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ និងគ្រួសារទើបចាកផុតពីភាពក្រីក្រជាង ១២៤.០០០ គ្រួសារ បានបុលទុនដើម្បីពង្រីកការផលិតនិងធ្វើអាជីវកម្ម។
លោកឡឹមហ្វាងណេន នៅភូមិកៃយ៉ា ឃុំហឹងហោយ ស្រុកវិញឡើយ ឱ្យដឹង៖ “អាស្រ័យបានបុលទុន ៥០ លានដុងពីធនាគារគោលនយោបាយសង្គម ទើបខ្ញុំមានលក្ខណៈកែប្រែដីដើម្បីដាំដំណាំ។ ឥឡូវ ដីចម្ការ ២ កុងខ្ញុំដាំដំណាំគ្រប់ប្រភេទ ដូច្នេះរកបានប្រាក់ចំណូលទាំងប្រាំងវស្សា។ បច្ចុប្បន្ន ជីវភាពគ្រួសារខ្ញុំបានលំនឹង”។ ចំណែកបងស៊ឺវ៉ាន់បៃ នៅភូមិយ៉ាម ឃុំនិញក្វើយ ស្រុកហុងយឹង បុលទុន ៥០ លានដុងពីធនាគារគោលនយោបាយសង្គម ដើម្បីចិញ្ចឹមអន្ទង់ក្នុងអាង។ ផ្តើមពីការចិញ្ចឹមដំបូងប្រមាណ ១០.០០០ ក្បាល ឥឡូវ បងបានពង្រីកទម្រង់ចិញ្ចឹមរហូតដល់រាប់សិបពាន់ក្បាល។ បងស៊ឺវ៉ាន់បៃ ឱ្យដឹង៖ “ច្រើនឆ្នាំមកនេះ បន្ទាប់ពីសងប្រាក់ធនាគារតាមពេលកំណត់ ខ្ញុំក៏បុលបន្តដើម្បីពង្រីកវិសាលភាពទម្រង់ចិញ្ចឹមអន្ទង់។ ប្រហែល ២ ឆ្នាំមកនេះ ខ្ញុំប្តូរមកចិញ្ចឹមអន្ទង់បន្តពូជបានជោគជ័យ ជារៀងរាល់ឆ្នាំលក់អន្ទង់ពូជជាង ៦០.០០០ ក្បាល។ ជីវភាពគ្រួសារខ្ញុំបានធូរធារដូចសព្វថ្ងៃ អាស្រ័យរដ្ឋមានគោលនយោបាយផ្ដល់ប្រាក់កម្ចីអនុគ្រោះ។
លោកផាមវ៉ាន់ថេវ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ បញ្ជាក់៖ “អនុក្រឹត្យលេខ ៧៨ របស់រដ្ឋាភិបាល ត្រូវបានអនុវត្តសម្រេចប្រសិទ្ធភាព គឺពិតជា “ទីបង្អែក” សម្រាប់អ្នកក្រនិងមុខសញ្ញាគោលនយោបាយផ្សេងៗលើភូមិសាស្ត្រខេត្ត។ ប្រភពទុនឥណទានគោលនយោបាយ កាន់តែមានតួនាទីសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងធានាសុខុមាលភាពសង្គមលើភូមិសាស្ត្រខេត្ត។ នេះជាមូលដ្ឋានគ្រឹះ ជួយជំរុញឥណទានគោលនយោបាយសង្គមបន្តការពង្រឹងនិងពង្រីកបន្ថែមទៀត បង្កបានទំនុកចិត្តរបស់ប្រជាជនចំពោះបក្ស រដ្ឋ; ទន្ទឹមនឹងនោះ បន្តរួមដំណើរផ្សារភ្ជាប់ជិតស្និទ្ធនឹងប្រជាជន ក្នុងដំណាក់ការអភិវឌ្ឍន៍របស់ខេត្តបាកលីវ”៕
យ្វីអាញ-មុនី