អាស្រ័យកងជួរកម្មាភិបាលពេទ្យមានកម្រិតវិជ្ជា មុខជំនាញអស់ពីចិត្តចំពោះអ្នកជំងឺ ម្ល៉ោះហើយដំណាក់សុខាភិបាលឃុំថាមដូង ស្រុកមីស្វៀង ខេត្តសុកត្រាំង តែងបង្កបានទំនុកចិត្តចំពោះអ្នកជំងឺ; ធ្វើឱ្យប្រជាជនស្ងប់ចិត្តមកពិនិត្យព្យាបាលក្នុងដំណាក់ពេលមានជំងឺឈឺថ្កាត់ម្តងៗ។
វេជ្ជបណ្ឌិតឡេថាញតង ពិនិត្យជំងឺជូនប្រជាជននៅដំណាក់សុខាភិបាល។
បច្ចុប្បន្ន ដំណាក់សុខាភិបាលថាមដូង មានកម្មាភិបាលពេទ្យ ៩ នាក់ បំពេញភារកិច្ចផ្សព្វផ្សាយចាក់វ៉ាក់សាំងបង្ការផង និងពិនិត្យព្យាបាលជំងឺជូនប្រជាជនផង។ នេះ គឺជាដំណាក់សុខាភិបាលតែមួយគត់នៅក្នុងស្រុកដែលមានវេជ្ជបណ្ឌិត ២ នាក់បម្រើការ ពិនិត្យព្យាបាលជំងឺដល់ប្រជាជន។ វេជ្ជបណ្ឌិតឡេថាញតង ប្រធានដំណាក់សុខាភិបាលថាមដូង ឱ្យដឹង៖ “ឃុំមានគ្រួសារជនជាតិខ្មែរជាង ៧៣% ម្ល៉ោះហើយ ត្រូវបានផ្នែកសុខាភិបាលយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលកម្មាភិបាលនិងបំពាក់បរិក្ខារពេទ្យ ឬថ្នាំព្យាបាលជាដើម។ ទន្ទឹមនឹងនោះ កម្មាភិបាលពេទ្យតែងអស់ពីចិត្តចំពោះអ្នកជំងឺ មានអាកប្បកិរិយាបម្រើអ្នកជំងឺបានល្អ ដូច្នេះមាមីងកាន់តែមានទំនុកចិត្តពេលមកពិនិត្យព្យាបាលជំងឺ”។
បច្ចុប្បន្ន មធ្យមភាគក្នុងមួយខែដំណាក់សុខាភិបាលបានពិនិត្យនិងផ្តល់ថ្នាំដល់អ្នកជំងឺជាង ៨០០ លើកនាក់។ តាមប្រសាសន៍វេជ្ជបណ្ឌិតឡេថាញតង ភាគច្រើនអ្នកដែលមកពិនិត្យគឺមានជំងឺធម្មតា ដូចជា៖ គ្រុនក្តៅ រលាកផ្លូវដកដង្ហើម ឈឺសន្លាក់ឆ្អឹង សម្ពាធឈាមខ្ពស់ ទឹកនោមផ្អែម។ល។ ពូថាច់សៀង នៅភូមិតាក់យង់ មកពិនិត្យជំងឺនៅដំណាក់សុខាភិបាល ឱ្យដឹង៖ “ពេលឈឺថ្កាត់ម្ដងៗ គឺខ្ញុំទៅដំណាក់ពិនិត្យជំងឺពីព្រោះមានគ្រូពេទ្យនិងមានថ្នាំគ្រប់គ្រាន់ មិនខាតពេលវេលា។ ម្យ៉ាងទៀត គ្រូពេទ្យពិនិត្យជំងឺក៏ពូកែ អស់ពីចិត្ត និយាយស្តីរួសរាយរាក់ទាក់ ខ្ញុំពេញចិត្តណាស់។ ខ្ញុំរលាកបំពង់ក សម្ពាធឈាមខ្ពស់ ហេតុនោះគ្រូពេទ្យ បានផ្តែផ្តាំយ៉ាងហ្មត់ចត់ពីរបៀបលេបថ្នាំ ហូបចុក ដេកនៅ ម្ល៉ោះហើយស្ងប់ចិត្តជានិច្ច”។
ទន្ទឹមនឹងនោះ ដំណាក់ថែមទាំងអនុវត្តល្អការងារចាក់វ៉ាក់សាំងបង្ការដល់កុមារ ស្រ្តីមានផ្ទៃពោះ និងចាក់វ៉ាក់សាំងបង្ការជំងឺ COVID – ១៩ ដល់ប្រជាជនផងដែរ។ ព្រមជាមួយនោះ សហការនឹងសហការីសុខាភិបាលអនុវត្តល្អការងារផ្សព្វផ្សាយបង្ការបង្ក្រាបជំងឺរាតត្បាត ពិសេសគឺអនុវត្តយុទ្ធនាការកម្ចាត់ដង្កូវទឹក ដូច្នេះ ស្ថានភាពរោគរាតត្បាតត្រូវបានទប់ស្កាត់ជានិច្ច។ ចាប់ពីដើមឆ្នាំមកទល់ពេលនេះ ទូទាំងឃុំកើតមានជំងឺគ្រុនឈាមតែ ៨ ករណី ជំងឺពងដៃ-ជើង-មាត់ ៣ ករណី ហើយជាឃុំដែលមានករណីជំងឺគ្រុនឈាម និងពងដៃ-ជើង-មាត់តិចបំផុតក្នុងស្រុក។ បងស្រីថាច់ធីផាល័យ ជាសហការីឱ្យដឹង៖ “សព្វថ្ងៃ មាមីងខ្មែរមានស្មារតីភ្ញាក់រលឹកខ្ពស់! ឱ្យតែមានសហការីផ្សព្វផ្សាយ គឺពួកគាត់អនុវត្តតាម។ ពិសេស ការកម្ចាត់ដង្កូវទឹក អនាម័យបរិស្ថានត្រូវបានមាមីងម្ចាស់ការអនុវត្ត ហេតុដូច្នោះ ភូមិស្រុកគ្មានសំបុករោគធំកើតមាននោះទេ។ ជាពិសេស គឺមាមីងខ្មែរម្ចាស់ការមកសុំត្រី ៧ ពណ៌ព្រលែងក្នុងពាងទឹក ដើម្បីកុំឱ្យកើតដង្កូវទឹកបណ្តាលឱ្យកើតជំងឺគ្រុនឈាម”។
វេជ្ជបណ្ឌិតឡេថាញតង ឱ្យដឹង៖ “បច្ចុប្បន្ន កម្មាភិបាលពេទ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីប្រើប្រាស់បរិក្ខារពេទ្យទំនើប រួចដំណាក់ក៏កំពុងស្នើសុំមជ្ឈមណ្ឌលសុខាភិបាលស្រុកផ្តល់ម៉ាស៊ីនឆ្លុះអេកូ ធ្វើតេស្ត និងម៉ាស៊ីនស្ទង់បេះដូង។ល។ និងផ្គត់ផ្គង់គ្រប់មុខថ្នាំ។ ជាពិសេស គឺដំណាក់កំពុងកសាងថ្មី ពេលសម្រេចរួចរាល់នឹងបំពាក់គ្រប់សម្ភារៈបរិក្ខារពេទ្យ ថ្នាំព្យាបាល នោះអាចនឹងបម្រើការបានល្អប្រសើរជាងទៀតនូវការងារថែទាំសុខភាពជូនប្រជាជន”៕
យ្វីអាញ-លីសៀ