ការឧបត្ថម្ភជនជាតិភាគតិចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម សម្របនឹងការប្រែប្រួលអាកាសធាតុ ត្រូវបានចាត់ទុកជាភារកិច្ចដ៏សំខាន់មួយ អាទិភាពជាចម្បងខាងវិស័យការងារជនជាតិនៅខេត្តកាម៉ាវ។
កាម៉ាវបន្តធ្វើឱ្យសុក្រឹតប្រព័ន្ធផ្លូវគមនាគមន៍ ធារាសាស្រ្ត ដើម្បីបម្រើការផលិតនិងប្រជុំជីវភាពដល់ជនជាតិភាគតិចឱ្យបានល្អប្រសើរ។
យោងតាមគណៈជនជាតិខេត្តកាម៉ាវ ដើម្បីឧបត្ថម្ភអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច សម្របនឹងការប្រែប្រួលអាកាសធាតុនោះ ទន្ទឹមនឹងការគួបផ្សំប្រភពទុនពីកម្មទិសដៅជាតិចំនួនពីរខាងកសាងជនបទ និងកាត់បន្ថយភាពក្រីក្រដោយចីរភាព ខេត្តកាម៉ាវបានផ្តោតការយកចិត្តទុកដាក់ផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាព នូវគោលនយោបាយចំនួនពីរ ដែលមានឥទ្ធិពលខ្លាំងក្លា ប៉ះពាល់ផ្ទាល់ទៅលើតំបន់ជនជាតិភាគតិច។ ជាក់ស្តែង៖ គឺកម្មវិធី ១៣៥ មានប្រភពទុនមជ្ឈិម និងដើមទុនបដិភាគជាង ១៦២ ពាន់លានដុង ភូមិភាគនានាដែលទទួលផលក៏បានម្ចាស់ការគួបផ្សំនឹងប្រភពទុនផ្សេងៗ ដែលពាក់ព័ន្ធបន្ថែមនិងកៀរគរការរួមវិភាគទានពីសំណាក់ប្រជាជន ដើម្បីវិនិយោគកសាងថ្មី ៤៦៩ សំណង់គមនាគមន៍ជនបទ ជួសជុលថែរក្សា ៣៣៦ សំណង់គមនាគមន៍ជនបទនិងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសនៅតំបន់ជនជាតិភាគតិច។
គណៈកម្មាធិការប្រជាជនខេត្ត ក៏បានចំណាយថវិកាសម្រាប់កសាងផ្លូវជនបទសំខាន់ៗ មួយចំនួននៅតំបន់ជនជាតិភាគតិច។ល។ អាស្រ័យហេតុនោះ កាម៉ាវបានដោះស្រាយជាសារវន្តនូវការលំបាកក្នុងការលក់ដូរទំនិញនិងការធ្វើដំណើរទៅមករបស់ជនជាតិភាគតិច។ ចំពោះគោលនយោបាយពិសេសដោយឡែកតាមសេចក្តីសម្រេចលេខ ២០៨៥/QĐ-TTg ចុះថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល រហូតដល់ដើមឆ្នាំ ២០២២ ខេត្តកាម៉ាវ សាងសង់មណ្ឌលប្រជាជនតាំងទីលំនៅប្រមូលផ្តុំបាន ១ និងកន្លែងរស់នៅរាត់រាយចំនួន ៣៩ កន្លែង ជូនប្រជាជន ៥៨០ គ្រួសារ លំនឹងទីលំនៅ។ ខេត្តក៏បានឧបត្ថម្ភដីផលិតកម្មជូនប្រជាជនជិត ១៣០ គ្រួសារ ឧបត្ថម្ភផ្លាស់ប្តូរមុខរបរជំនួសឱ្យការឧបត្ថម្ភដីផលិតជូនប្រជាជនជាង ១.៨៥០ គ្រួសារ និងផ្គត់ផ្គង់ទឹកស្អាត ប្រើប្រាស់ជូនគ្រួសារក្រីក្រ មានជីវភាពលំបាកនៅលើភូមិសាស្រ្តជិត ៩០០ គ្រួសារ។
លោកត្រឹងហ្វាងញ៉ ប្រធានគណៈជនជាតិខេត្តកាម៉ាវ បានឲ្យដឹង៖ នាពេលខាងមុខ កាម៉ាវនឹងបន្តការដឹកនាំ និងអនុវត្តឱ្យបានល្អនូវការឧបត្ថម្ភដល់ជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងសម្របទៅនឹងការប្រែប្រួលអាកាសធាតុ។ ការងារនេះធ្វើឡើងតាមរយៈការប្រើប្រាស់រវាសរវៃ មានប្រសិទ្ធភាពប្រភពទុន ចំទិសដៅ ខ្លឹមសារនៃកម្មវិធីសមាសភាពដែលចំណុះកម្មវិធីទិសដៅជាតិសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី ១៖ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ លើភូមិសាស្រខេត្តកាម៉ាវ។ លើសពីនេះ ខេត្តបានអាទិភាពបែងចែកប្រភពទុនអនុវត្តនូវគោលនយោបាយដែលកំពុងអនុវត្តនៅតំបន់ជនជាតិភាគតិច ក្នុងទិសដៅវិនិយោគផ្តោតទៅលើចំណុចសំខាន់ និងមានប្រសិទ្ធភាព។ យកចិត្តទុកដាក់វិនិយោគធ្វើឱ្យសុក្រឹតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងធារាសាស្រ្ត ដើម្បីបម្រើឱ្យកាន់តែល្អប្រសើរនូវតម្រូវការផលិតកម្ម និងការប្រជុំជីវភាពរបស់ប្រជាជននៅក្នុងតំបន់។ ទន្ទឹមនឹងនោះ ខេត្តក៏បានបង្កើនការអភិវឌ្ឍសេដ្ឋកិច្ច ពន្លឿនការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពនៅតំបន់ជនជាតិភាគតិច។ យកចិត្តទុកដាក់អភិវឌ្ឍវិស័យសេដ្ឋកិច្ចដែលមានឧត្តមភាពនៅភូមិភាគនីមួយៗ។ល។ ទន្ទឹមនឹងនោះ ពង្រឹងធ្លុងមហាសាមគ្គីជនជាតិ បង្កលក្ខណសម្បត្តិងាយស្រួល ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គម លំនឹងជីវភាពជូនជនជាតិភាគតិច៕
ថាញឡុង - បកប្រែ៖ សុផន