មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

14/07/2025 - 10:00

ថាច់​ញ៉ឹក​ហាវ ជក់​ចិត្ត​នឹង​ភ្លេង​ប្រ​ពៃ​ណី 

ថាច់​ញ៉ឹក​ហាវ ទើប​បញ្ចប់​ការ​សិក្សា​ផ្នែក​ប្រ​គំ​ភ្លេង​ប្រ​ពៃ​ណី​ខ្មែរ មហា​វិទ្យា​ល័យ​ភា​សា​វប្ប​ធម៌​វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​និង​មនុស្ស​សាស្ត្រ​នៃ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ។ ញ៉ឹក​ហាវ ជក់​ចិត្ត​និង​ប្តេជ្ញា​ចិត្ត​ស្នង​បន្ត​សិល្បៈ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ។

ថាច់​ញ៉ឹក​ហាវ កំ​ពុង​ប្រ​គំ​រនាត​ឯក។

ថាច់​ញ៉ឹក​ហាវ នៅ​ភូមិ​ពាង​សំរិទ្ធ ឃុំ​អាង​ហ៊ីប ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង (ចាស់)។ កាល​ពី​អា​យុ​១២​ឆ្នាំ ញ៉ឹក​ហាវ ចេះ​លេង​ភ្លេង​អា​ស្រ័យ​បាន​ជីតា​ជា​អ្នក​បង្រៀន។ មាន​ទេព​កោ​សល្យ​និង​ជក់​ចិត្ត​ខាង​វិស័យ​សិល្បៈ​តន្ត្រី ម៉្លោះ​ហើយ ញ៉ឹក​ហាវ​តែង​ទៅ​តាម​ជីតា​លេង​ភ្លេង​ប្រ​ពៃ​ណី​ខ្មែរ​នៅ​តាម​ភូមិ​ស្រុក។ រាល់​លើក​ទៅ​លេង​ភ្លេង​ម្តងៗ ជួយ​ឱ្យ​ញ៉ឹក​ហាវ មាន​ចំ​ណេះ​ដឹង​និង​បទ​ពិសោធន៍​បន្ថែម​ក្នុង​ការ​ប្រ​គំ​ភ្លេង។ អា​ស្រ័យ​ស៊ូ​ទ្រាំ​រៀន​សូត្រ​ពី​តន្ត្រី​ករ​រៀម​ច្បង ទើប​ឥឡូវ​នេះ ញ៉ឹក​ហាវ​ចេះ​ប្រ​គំ​នូវ​ឧបករណ៍​ភ្លេង​ច្រើន​ប្រ​ភេទ មាន​ដូច៖ រនាត​ដែក រនាត​ឯក ស្គរ ទ្រ​សោ តា​ខេ និង​ចាប៉ី​ដង​វែង​ជា​ដើម។ សម្រាប់​ញ៉ឹក​ហាវ ឧប​ករណ៍​ភ្លេង​ដែល​ជំ​នាញ​បំ​ផុត​គឺ​រនាត​ឯក​និង​ទ្រ​សោ។ ញ៉ឹក​ហាវ ព្យា​យាម​រៀន​ដោយ​ខ្លួន​ឯង​នូវ​ឧប​ករណ៍​ភ្លេង​ជា​ច្រើន​និង​ប្រ​គំ​យ៉ាង​ស្ទាត់​ជំ​នាញ ដូច្នេះ ទទួល​បាន​ការ​វាយ​តម្លៃ​ខ្ពស់​ពី​គ្រូ​បង្រៀន​របស់​សា​លា។ ថាច់​ញ៉ឹក​ហាវ ឱ្យ​ដឹង៖ “ពេល​ទំ​នេរ ខ្ញុំ​តែង​ទៅ​សា​លា​រៀន​ដេញ​ចា​ប៉ី​ដោយ​ខ្លួន​ឯង។ ក្រៅ​ពី​រៀន​នៅ​ក្នុង​សា​លា ខ្ញុំ​នៅ​ទាំង​បាន​លោក​គ្រូ​ជា​ច្រើន​ក្នុង​ក្រុម​សិល្បៈ​រស្មី​ប្រ​ទីប​ជួយ​ណែ​នាំ​បន្ថែម ក្នុង​នោះ មាន​លោក​គ្រូ​ថាច់​ចើន​សុផា​រ៉ា បង្រៀន​ភ្លេង​ឧប​ករណ៍​តា​ខេ”។

ថាច់​ញ៉ឹក​ហាវ (អ្នក​ពាក់​ផ្លាក​ឈ្មោះ) កំ​ពុង​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ។

សិល្ប​ករ​ថាច់​ចើន​សុផា​រ៉ា (ក្រុម​សិល្បៈ​រស្មី​ប្រ​ទីប) ឱ្យ​ដឹង៖ “ប្អូន​ញ៉ឹក​ហាវ មាន​ទេព​កោ​សល្យ​ខាង​សិល្បៈ​តន្ត្រី ទទួល​យក​ចំ​ណេះ​ដឹង​បាន​យ៉ាង​ឆាប់ ខ្ញុំ​បង្រៀន​ដល់​ខ្ទង់​ណា​ប្អូន​ចាំ​ដល់​នោះ។ ក្នុង​ពេល​រៀន ប្អូន​ខំ​ប្រឹង​ព្យា​យាម​ស្វែង​យល់​ពី​ឧប​ករណ៍​ភ្លេង​ខ្មែរ ខ្ញុំ​រំ​ពឹង​ថា ប្អូន​ញ៉ឹក​ហាវ​នឹង​ក្លាយ​ជា​តន្ត្រី​ករ​ជំ​នាញ​ក្នុង​អនា​គត ដើម្បី​រួម​ចំ​ណែក​អភិ​រក្ស​អត្ត​សញ្ញាណ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ”។

ថាច់​ញ៉ឹក​ហាវ សំ​ណេះ​សំ​ណាល៖ “ប្អូន​គិត​ថា ទម្រង់​សិល្បៈ​នីមួយៗ​មាន​លក្ខណៈ​ផ្សេងៗ​គ្នា ចង់​ចេះ​ទម្រង់​ណា​មួយ ដំ​បូង​យើង​ត្រូវ​មាន​ចំ​ណង់​ចំ​ណូល​ចិត្ត​និង​ប្តេជ្ញា​ចិត្ត​ព្យា​យាម​សិក្សា។ ប្អូន​មិន​ដែល​មាន​អា​រម្មណ៍​ធុញ​ទ្រាន់​ក្នុង​ការ​ហ្វឹក​ហាត់​នោះ​ទេ។ ប្អូន​សង្ឃឹម​ថា នឹង​មាន​មិត្ត​យុវ​វ័យ​ជា​ច្រើន​មាន​ចំ​ណូល​ចិត្ត​ខាង​វិស័យ​សិល្បៈ​ភ្លេង​ប្រ​ពៃ​ណី​មក​ហ្វឹក​ហាត់ ដើម្បី​រួម​ចំ​ណែក​អភិរក្ស​តម្លៃ​វប្ប​ធម៌​ជន​ជាតិ”៕

                                  សើុង​ម៉ា​ល័យ-មុនី

ចែករំលែកអត្ថបទ