អាស្រ័យដោយអនុវត្តវិទ្យាសាស្ត្រ បច្ចេកទេសមានប្រសិទ្ធភាព កសិករឃុំហឹងមី ខេត្តវិញឡុង ដាំដំណាំរួមផ្សំខុសរដូវក្នុងឆ្នាំនេះ ដើម្បីឆ្លើយតបបានល្អទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាជនក្នុងនិងក្រៅខេត្ត។

បងថាច់ណាង (ខាងឆ្វេងដៃ) នៅភូមិកិញ្ឆាង ឃុំហឹងមី ខេត្តវិញឡុង កំពុងប្រមូលផលខ្ទឹមស្លឹក។
ចាប់តាំងពីដើមឆ្នាំមក កសិករនៅលើភូមិឋានឃុំហឹងមី បានចុះពូជដំណាំ លើផ្ទៃដីប្រមាណ ១.១៧០ ហិកតា សំខាន់គឺបន្លែបង្ការដាំប្រមូលផ្តុំនៅភូមិនានា មានដូច៖ ភូមិង៉ាយហេប ដាយថោង រ៉ាច់យឿ ដាហ្វាបាក់ដា ហ្វាណាម ផ្នោរកំបុតនិងភូមិកិញ្ឆាងជាដើម។ ថ្វីដ្បិតអាកាសធាតុមិនអំណោយ ភ្លៀងធ្លាក់ជោកជាំយ៉ាងណាក៏ដោយ ប៉ុន្តែដោយសារមានបទពិសោធន៍ក្នុងការដាំដុះ ទើបដំណាំរបស់គ្រួសារកសិករមិនសូវរងផលប៉ះពាល់។ ដោយបានដឹងថា ឆ្នាំនេះ តម្លៃផលិតផលបន្លែគ្រប់ប្រភេទមានភាពលំនឹងបង្គួរ ដូច្នេះ មានគ្រួសារកសិករជាច្រើន រកបានប្រាក់ចំណូលខ្ពស់ពីការដាំដំណាំ។
បង ថាច់ណាង នៅភូមិកិញ្ជាងឃុំហឹងមី ឱ្យដឹង៖ “កន្លងហើយ គ្រួសារខ្ញុំសម្រេចចិត្តបង្វែរផ្ទៃដីផលិតស្រូវ ៥ កុង មកដាំដំណាំ សំខាន់គឺខ្ទឹមស្លឹក អំបើស ជីរវ៉ាន់ស៊ុយ ស្លឹកជន្លង់និងផ្ទីដូង។ ឆ្នាំនេះ ដោយសារដំណាំលក់បានថ្លៃ ជាក់ស្តែងដូចខ្ទឹមស្លឹកលក់ក្នុងតម្លៃ ៤០.០០០ ដុងក្នុង មួយគីឡូក្រាមផ្ទីដូងលក់ក្នុងតម្លៃ ១៥.០០០ ដុងក្នុងមួយគីឡូក្រាម ជីរវ៉ាន់ស៊ុយលក់ក្នុងតម្លៃ ៤០.០០០ ដុងក្នុងមួយគីឡូក្រាម។ល។ តាមការប៉ាន់ស្មាន់ បន្ទាប់ពីទូទាត់ចំណាយគ្រួសារ ខ្ញុំនៅចំណេញប្រមាណ ១៧០ លានដុងក្នុងមួយឆ្នាំ”។ តាមបទពិសោធន៍របស់លោកថាច់ណាង ដើម្បីដាំដំណាំរួមផ្សំសម្រេចប្រសិទ្ធភាព ត្រូវលើករងខ្ពស់ មានប្រព័ន្ធបង្ហូតទឹកបានល្អ ប្រសិនទុកឱ្យលិចទឹក ដំណាំងាយនឹងរងការខូចខាត។ ក្រៅពីនោះ គប្បីបាចជីសមស្រប បាញ់ថ្នាំការពារសត្វល្អិតនិងជំងឺបំផ្លិចបំផ្លាញ។
លោក ផាមដាក់តឹម ប្រធានគណៈកម្មាធិការប្រជាជនឃុំហឹងមី ឱ្យដឹង៖ “អនុវត្តសេចក្តីសម្រេចរបស់គណៈកម្មាធិការបក្សឃុំ អំពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដំណាក់កាល ២០២៥ - ២០៣០ ក្នុងនោះ ផ្តោតទៅលើការបង្វែររចនាសម្ព័ន្ធផលិត បំផុតគឺនាំយកដំណាំចុះដាំលើដីស្រែដែលផលិតស្រូវមិនសូវបានផល។ នៅពេលខាងមុខ ឃុំនឹងសហការជាមួយផ្នែកជំនាញផ្តុំកម្លាំងអនុវត្ត ពង្រឹងការងារផ្ទេរវិទ្យាសាស្ត្របច្ចេកទេសដល់កសិករ; បង្កើនការជីកស្តារព្រែកប្រឡាយក្នុងវាលស្រែ តភ្ជាប់អគ្គិសនី ធានាបម្រើតម្រូវការផលិតរបស់កសិករ។ ក្រៅពីនោះ ឃុំកំពុងពិនិត្យឡើងវិញនូវតំបន់ដីផលិត ដើម្បីរៀបចំឡើងវិញតំបន់ផលិតឱ្យបានសមស្រប ព្រមទាំងបង្កើតក្រុមសហករណ៍ ក្រុមសហការផលិត ដើម្បីបង្កើតជាតំបន់ផលិតប្រមូលផ្តុំ; ទន្ទឹមនឹងនោះ ធ្វើជាស្ពានតភ្ជាប់រវាងកសិករនិងអ្នកផ្គត់ផ្គង់ប្រើប្រាស់ផលិតផល ជួយឱ្យកសិករលើកកម្ពស់គុណភាពទំនិញ បើកទូលាយទីផ្សារ”។
អាចនិយាយបានថា ការដាំដំណាំរយៈពេលកន្លងបាននាំមកនូវប្រាក់ចំណូលខ្ពស់ដល់កសិករ នៅឃុំហឹងមី ប៉ុន្តែមានកសិករជាច្រើនបានប្រាប់ថា ពួកគាត់នៅតែផ្អែកលើទីផ្សារទាំងស្រុង តម្លៃ មិនលំនឹង ជាពិសេសគឺរដូវប្រមូលផលស្រុះគ្នា។ ហេតុនេះ ផ្នែកសមត្ថកិច្ចគប្បីជួយធ្វើអន្តរគមន៍ទាន់ពេល ដើម្បីកសិករស្ងប់អារម្មណ៍ក្នុងការបង្ក បង្កើនផល បង្កើនប្រាក់ចំណូល៕
សើុងម៉ាល័យ-មុនី