ម៉ាងឌាង ជាទីប្រជុំជនចំណុះស្រុកកនប្លុង ខេត្តកនតុម។ ស្ថិតនៅកម្ពស់ ១.២០០ ម៉ែត្រ បើប្រៀប នឹងកម្រិតនៃទឹកសមុទ្រ ព្រមទាំងបានគ្របដណ្តប់ដោយព្រៃស្រល់ដេរដាស ដូច្នេះ ទីប្រជុំជនតូចនេះ គឺជារមណីយដ្ឋានសម្រាកលម្ហែកាយដ៏អស្ចារ្យសម្រាប់ភ្ញៀវទេសចរ។
មាន់អាំងបាយក្រឡាន។
ភ្ញៀវទេសចរចេញដំណើរកាត់ឆ្លងខេត្តប៊ិញភឿក តាមផ្លូវជាតិលេខ ១៤ ឆ្លងកាត់ខេត្តដាក់ណុង ដាក់ឡាក់ ចូលដល់ខេត្តកនតុម។ ពីក្រុងកនតុម ភ្ញៀវទេសចរបត់ចូលផ្លូវជាតិលេខ ២៤ បន្តដំណើរប្រមាណ ៥០ គីឡូម៉ែត្រទៀត តាមដងផ្លូវបត់បែននៃជម្រាលភ្នំ អមដោយទេសភាពធម្មជាតិដ៏ស្រស់ត្រកាល។ ក្នុងនោះ ខ្ពស់បំផុតគឺជម្រាលភ្នំម៉ាងឌាង មានកម្ពស់ជាង ១.២០០ ម៉ែត្រ ដងផ្លូវបត់បែននិងគ្រោះថ្នាក់ មានរុក្ខជាតិពណ៌បៃតង ដេរដាសគឺទៅដល់ម៉ាងឌាង។
ប្រសិនបើចេញដំណើរពីក្រុងកឹងធើ ភ្ញៀវទេសចរត្រូវចំណាយពេល ១ ថ្ងៃ ១ យប់ ទើបទៅដល់គោលដៅទេសចរណ៍ម៉ាងឌាង។ តាមផ្លូវបត់បែនចូលទៅកាន់ទីប្រជុំជនម៉ាងឌាង ប្រមាណជាង ១០ គីឡូម៉ែត្រ ភ្ញៀវទេសចរបានបណ្តែតអារម្មណ៍ជាមួយសំឡេងថ្ងួចថ្នូរនៃដើមស្រល់រេរាំតាមខ្យល់ ដើម្បីបំបាត់នូវភាពនឿតហត់។ លុះព្រឹកឡើង ភ្ញៀវទេសចរពិសាកាហ្វេ ដ៏ឈ្ងុយឆ្ងាញ់នៅតាមហាងទំនើបៗនៅទីប្រជុំ ជនម៉ាងឌាង។ សម្រាប់អ្នកចូលចិត្តពិសាកាហ្វេ ភ្លក់រសជាតិកាហ្វេនៅម៉ាងឌាងក៏ស្រដៀងនឹងរសជាតិកាហ្វេនៅតីង្វៀនដែរ។ គេនិយមដាក់ទឹកកកតែមួយដុំធំល្មម ប៉ុន្តែបរិមាណកាហ្វេគឺខាប់ខ្លាំងណាស់។ បើចង់ពិសាកាហ្វេដូច ទម្លាប់អ្នកនៅតំបន់ភាគខាងលិច ដែលមានទឹកកកច្រើននោះ។ ភ្ញៀវទេសចរកុំភ្លេចហៅ “កាហ្វេទឹកកកតាមទម្លាប់អ្នកសៃហ្គង”។
ឧត្តមភាពរបស់ម៉ាងឌាង គឺប្រព័ន្ធជីវបរិស្ថានធម្មជាតិ ហ៊ុមព័ទ្ធជុំវិញដោយបឹងចំនួន ៣ ភ្នំចំនួន ៧ មានខ្យល់បរិសុទ្ធ អាកាសធាតុត្រជាក់ សមស្របសម្រាប់ភ្ញៀវទេសចរដែលចូលចិត្តទម្រង់ទេសចរណ៍ស្វែងយល់។ ទីប្រជុំជនម៉ាងឌាង មានផ្ទះវីឡាតូចៗជាច្រើនសម្រាប់ភ្ញៀវទេសចរចូលចិត្តភាពស្ងប់ស្ងាត់ ជួលស្នាក់នៅច្រើនថ្ងៃ។
មុននឹងឃ្លាតពីម៉ាងឌាង ភ្ញៀវទេសចរគួរភ្លក់រសជាតិមាន់អាំង បាយក្រឡានដ៏ឈ្ងុយឆ្ងាញ់។ មាន់អាំងស្បែកឡើងលឿងប្រឡាក់គ្រឿងផ្សំ ជ្រាបចូលសាច់រួមនឹងបាយក្រឡានដែលទើប ហែកចេញពីបំពង់ឫស្សីនៅក្តៅៗ ធ្វើឱ្យភ្ញៀវទេសចរទទួលទានមិនដឹងឆ្អែត។ ដើម្បីការទទួលទានអាហារបានពេញលេញ ភ្ញៀវទេសចរគួរកុម្ម៉ង់សម្លទំពាំងមួយចានបន្ថែម ទំពាំងត្រូវបានគេទៅកាច់ពីក្នុងព្រៃ ចម្អិននឹងសាច់ជ្រូកព្រៃ។ សម្លទំពាំងមិនចម្លែកទេ ប៉ុន្តែទំពាំងដែលទៅកាច់ពីក្នុងព្រៃ មានរសជាតិឆ្ងាញ់យ៉ាងចម្លែកណាស់៕
ហាថាញ-មុនី