លោកភឿងវ៉ាន់យ៉ាវ នគរបាលភូមិថើយហ៊ីប ឃុំដុងថាំង ស្រុកកើ-ដ ទើបបាននាយកនគរបាលក្រុងកឹងធើ ស្ងើចសរសើរនិងជូនរង្វាន់ដោយសម្រេចបានស្នាដៃឆ្នើមក្នុងចលនា “ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ”។
លោកភឿងវ៉ាន់យ៉ាវ ជាបុគ្គលមួយរូបក្នុងចំណោមបុគ្គលគំរូក្នុងចលនា “ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ” បាននាយកនគរបាលក្រុងកឹងធើស្ងើចសរសើរនិងជូនរង្វាន់។
ភូមិថើយហ៊ីប មានជនរួមជាតិខ្មែររស់នៅប្រមាណ ៤០% ។ មាមីងភាគច្រើនរស់នៅដោយប្រកបរបរកសិកម្ម ហេតុនោះការយល់ដឹងផ្នែកខាងច្បាប់នៅមានកម្រិត។ រយៈពេលកន្លង ស្ថានភាពបំពានច្បាប់នៅតែកើតមានឡើង បំផុតគឺការផឹកស៊ីបង្កអុកឡុក ធ្វើឱ្យបាត់សន្តិសុខសណ្តាប់ធ្នាប់ ប៉ះពាល់ដល់ការសម្រាករបស់មាមីងពេលយប់ប្រលប់។ មុននេះ ឱ្យតែផឹកស្រាមកដល់ផ្ទះម្តងៗ បងដាវ K តែងបង្កអុកឡុកក្នុងគ្រួសារ។ លោកយ៉ាវ បានទៅ “សម្រុះសម្រួល” ច្រើនលើកច្រើនសា។ ជាអ្នកមានប្រជាប្រិយនៅក្នុងភូមិ ពេលឃើញបង K មានទង្វើខុសឆ្គង គាត់បានទៅដល់ផ្ទះសំណេះសំណាល និងដាស់តឿនក្រើនរំលឹកជាច្រើនលើក ដើម្បីបងដាវ K ដឹងពីកំហុស ហើយកែប្រែនូវទង្វើខុសឆ្គងរបស់ខ្លួន។ ឥឡូវបង K ធ្វើកម្មករសំណង់ រកបានប្រាក់ចំណូលប្រមាណ ២០០.០០០ ដុងរៀងរាល់ថ្ងៃ ជួយគ្រួសារគិតគូរក្នុងជីវភាពប្រចាំថ្ងៃ។ បង K បង្ហើបឱ្យដឹង៖ “កាលពីមុន អាស្រ័យគ្មានរបរធ្វើលំនឹង ខ្ញុំតែងផឹកស៊ីប្រឡែប្រកោ។ នឹកដល់រឿងនោះម្តងៗ ខ្ញុំខ្មាស់គេណាស់។ ដោយសារបានពូយ៉ាវ ជួយដាស់តឿនក្រើនរំលឹកនិងជួយឧបត្ថម្ភជាសន្សឹមៗ ខ្ញុំបានកែប្រែខ្លួន មានការងារធ្វើលំនឹង គិតគូរដល់គ្រួសារ” ។
ស្រុកកំណើតលោកយ៉ាវ នៅសង្កាត់ថើយឡុង ខណ្ឌអូរម៉ូង។ ពីមុន គាត់ធ្លាប់ចូលរួមកងប្រជាស្វ័យត្រាណនៅភូមិភាគដែរ។ ក្រោយពីរៀបការរួច គាត់បានមករស់នៅភូមិថើយហ៊ីបវិញ។ ប្តីប្រពន្ធលោកមានដីស្រែចម្ការចំនួន ៥ កុង។ រៀងរាល់ថ្ងៃ ក្រៅពីការងារស្រែចម្ការ គាត់នៅទាំងបើកហាងជួសជុលម៉ូតូ ចំណែកប្រពន្ធលក់គ្រឿងភេសជ្ជៈ។ ប្តីប្រពន្ធបងមានកូនប្រុសតែមួយគត់ ឥឡូវបានបញ្ចប់កាតព្វកិច្ចយោធា វិលមកភូមិភាគមានការងារធ្វើលំនឹង។ ទន្ទឹមនឹងការខិតខំពលកម្ម លោកយ៉ាវ បានចំណាយពេលចូលរួមការងារនៅភូមិភាគផងដែរ។ ដំបូង គាត់ធ្វើប្រធានសាខាសមាគមកសិករ ក្រោយមកធ្វើជានគរបាលភូមិរហូតដល់សព្វថ្ងៃ។
វរសេនីយ៍ត្រី ផាមវ៉ាន់ថាញ់ ប្រធាននគរបាលឃុំដុងថាំង ឱ្យដឹង៖ “លោកភឿងវ៉ាន់យ៉ាវ គឺជាបុគ្គលមួយរូបក្នុងចំណោមបុគ្គលដែលអស់ពីចិត្ត និងស្វាហាប់ជាមួយនឹងការងារ រួមកម្លាំងជាមួយនឹងនគរបាលឃុំក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន។ អាស្រ័យហេតុនោះ គាត់បានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់និងនគរបាលក្រុង ស្ងើចសរសើរនិងជូនរង្វាន់ដោយសម្រេចបានស្នាដៃឆ្នើមក្នុងចលនា “ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ””៕
វ៉ាន់ត្រៀង-វិមាន