នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ ប្រធានគណៈចង្អុលការជាតិបង្ការប្រឆាំងជំងឺ COVID-១៩ (គណៈចង្អុលការ) ទើបដឹកនាំកិច្ចប្រជុំលើកទី ១៥ របស់គណៈចង្អុលការ។ កិច្ចប្រជុំបានរៀបចំឡើងតាមប្រព័ន្ធអនឡាញតភ្ជាប់រវាងទីតាំងរដ្ឋាភិបាល ជាមួយនឹងខេត្ត ក្រុងចំនួន ៦៣ ចំណុះមជ្ឈិម។
នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ មានប្រសាសន៍ចង្អុលការក្នុងកិច្ចប្រជុំ។
គណៈចង្អុលការកត់សម្គាល់លើពិភពលោក វីរុសបំប្លែងរង BA.5 របស់ Omicron បានកើតមាននៅប្រទេសជាច្រើននិងបានរកឃើញនៅវៀតណាមផងដែរ។ វីរុសបំប្លែងរងនេះ មានលទ្ធភាពឆ្លងរាលដាលលឿនជាង ១២% បើប្រៀបនឹងវីរុសបំប្លែងរង BA.2 ដែលកំពុងរាលដាលច្រើននៅវៀតណាមសព្វថ្ងៃ។ អាស្រ័យហេតុនោះ នៅពេលខាងមុខ ករណីបំប្លែងរង BA.5 អាចនឹងកើតមានកាន់តែច្រើនក្នុងសហគមន៍នៅប្រទេសយើង។ ដូច្នេះ ចំនួនករណីឆ្លងអាចនឹងកើនឡើងខ្លាំងក្នុងរយៈពេលខាងមុខ ដោយសារវត្តមាននៃវីរុសបំប្លែងរង BA.5 ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ បានសំណូមពរ ដាច់ខាតកុំធ្វេសប្រហែស មើលស្រាល ខ្វះការប្រុងប្រយ័ត្ន កុំទុកឱ្យជំងឺផ្ទុះឡើងសាជាថ្មី ព្រោះថា គ្មានអ្នកណាម្នាក់មានសុវត្ថិភាព ប្រសិនបើមានអ្នកដទៃវិជ្ជមាន COVID-១៩; គ្មានប្រទេសណាមានសុវត្ថិភាព ប្រសិនបើប្រទេសដទៃទៀត កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត; គ្មានខេត្ត ស្រុក ឃុំណាសុវត្ថិភាព ប្រសិនបើមានខេត្ត ស្រុក ឃុំផ្សេងទៀត កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺ។ ប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាល ស្នើគប្បីបន្តពង្រឹងបង្គោលស្ដម្ភ ៣ ក្នុងការបង្ការប្រឆាំងជំងឺ COVID-១៩ នោះគឺ “ធ្វើតេស្ដ ធ្វើចត្តាឡីស័ក ព្យាបាល”; ធ្វើការពិនិត្យពិច័យដោយមានការណែនាំច្បាស់លាស់ ក្នុងការអនុវត្តវិធានបង្ការប្រឆាំងថ្មី រួមមាន “២K (ពាក់ម៉ាស, សម្លាប់មេរោគ)+វ៉ាក់សាំង, ថ្នាំ+ព្យាបាល+បច្ចេកវិទ្យា+ស្មារតីប្រជាជន+វិធានការដទៃទៀត”។
នាយករដ្ឋមន្ត្រី សំណូមពរគ្រប់ក្រសួង ផ្នែក ភូមិភាគ គប្បីបន្តជំរុញល្បឿនដំណើរការនៃការចាក់វ៉ាក់សាំង ធានាសុវត្ថិភាព ប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត សំខាន់គឺមុខសញ្ញាជួរមុខនិងការគ្រប់គ្រងហានិភ័យ។ ឆ្លងតាមរយៈនោះ គ្រប់ក្រសួង ផ្នែក ស្ថាប័នពាក់ព័ន្ធ អនុវត្តជាបន្ទាន់ក្នុងការបញ្ជ្រាបនិងចង្អុលការជំរុញឱ្យលឿនជាងទៀត ការចាក់វ៉ាក់សាំងដល់កម្មាភិបាល យុទ្ធជន កងទ័ព បុគ្គលិក អ្នករដ្ឋការ ពលករ សិស្ស និស្សិតក្នុងទូទាំងផ្នែក ។ល។ ផ្អែកលើស្មារតីចុះទៅគ្រប់ច្រកល្ហក តាមផ្ទះ និងគ្រប់មុខសញ្ញាដើម្បីចាក់វ៉ាក់សាំង។ គ្រប់ក្រសួង ស្ថាប័ន ភូមិភាគជំរុញការផ្ដល់ព័ត៌មាន ផ្សព្វផ្សាយ អំពីប្រសិទ្ធភាពនិងលទ្ធផលរបស់វ៉ាក់សាំង ជាក់ស្ដែងគឺប្រសិទ្ធភាពនៃការបង្ការទប់ស្កាត់ជំងឺធ្ងន់ធ្ងរ បាត់បង់ជីវិត។ កំណត់ច្បាស់ការចាក់វ៉ាក់សាំង គឺដើម្បីបង្ការប្រឆាំងជំងឺរាតត្បាត ហេតុនេះ គ្រប់គ្នាត្រូវម្ចាស់ការទៅចាក់វ៉ាក់សាំង ដើម្បីការពារសុខភាពខ្លួនឯង ការពារសុខភាពគ្រួសារ និងរួមចំណែកការពារសហគមន៍៕
ប្រភព៖ TTXVN- ប្រែសម្រួល៖ ពេជ្រសឿន