ឆ្លងកាត់ដំណាក់កាលខិតខំប្រឹងប្រែង បងសើុងកុសល បានក្លាយជាអ្នកសារព័ត៌មាន បំពេញការងារនៅការិយាល័យផ្សាយសំឡេងជាភាសាខ្មែរនៃស្ថានីយវិទ្យុនិងទូរទស្សន៍ក្រុងកឹងធើ។ បងតែងបានមិត្តរួមអាជីពគោរពស្រឡាញ់ និងថ្នាក់ដឹកនាំការិយាល័យវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តនឹងអាជីព។
អ្នកកាសែតសើុងកុសល។
ផ្ដើមពីបុគ្គលិកបំពេញការងារនៅមន្ទីរវប្បធម៌កីឡា និងទេសចរណ៍ខេត្តវិញឡុង សើុងកុសល បានងាកមកប្រកបអាជីពជាអ្នកសារព័ត៌មាន។ និស្ស័យនឹងអាជីពកាន់ប៊ិករបស់បង មិនមែនជាការចៃដន្យនោះទេ តាំងពីនៅជាសង្ឃ គាត់តែងចូលរួមនិពន្ធអត្ថបទកំណាព្យ សរសេរអត្ថបទសហការ បានចុះផ្សាយលើទស្សនាវដ្តីសុកត្រាំងនិងកាសែតមួយចំនួន។ សើុងកុសល ឱ្យដឹង៖ “ពេលអត្ថបទបានចុះផ្សាយ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដូច្នេះខ្ញុំកាន់តែប្ដេជ្ញាចិត្តក្លាយជាអ្នកកាសែត។ ឆ្នាំ ២០០៩ ពេលឮដំណឹងថាស្ថានីយវិទ្យុនិងទូរទស្សន៍ក្រុងកឹងធើ ជ្រើសរើសបុគ្គលិកមានកម្រិតវប្បធម៌វៀតណាម-ខ្មែរ ខ្ញុំបានចុះឈ្មោះនិងជាប់ជម្រើស។ ខ្ញុំក្លាយជាអ្នករៀបរៀង និងជាពិធីករផ្នែកព័ត៌មានភាសាខ្មែរ ទន្ទឹមនឹងនោះ ក៏ជាអ្នកយកព័ត៌មានទទួលបន្ទុកប្រចាំនៅតំបន់”។
អ្នកកាសែត សើុងកុសល (កណ្ដាល) ទទួលរង្វាន់មាស
វិទ្យុផ្សាយសំឡេងភាសាខ្មែរទូទាំងប្រទេស។
ថ្វីដ្បិតតែជួបការលំបាកច្រើនក៏ពិតមែន ប៉ុន្តែ បងតែងខិតខំព្យាយាមជម្នះនូវរាល់ឧបសគ្គ។ លោកម៉ាក់គិញហាវ ប្រធានការិយាល័យផ្សាយសំឡេងនៃស្ថានីយវិទ្យុនិងទូរទស្សន៍ក្រុងកឹងធើ វាយតម្លៃ៖ “បងសើុងកុសល ជាអ្នកអំណត់ព្យាយាម ស៊ូនឹងការលំបាក សម្រេចរាល់ភារកិច្ច ដែលការិយាល័យប្រគល់ឱ្យ។ ពិសេសគឺ គាត់មានការប្ដេជ្ញាចិត្តខ្ពស់ និងស្រឡាញ់អាជីព ជាអ្នកសារព័ត៌មាន”។ សម្រាប់បងសើុងកុសល បានបំពេញការងារដែលខ្លួនពេញចិត្តគឺជាសុភមង្គល ដូច្នេះបងតែងខិតខំព្យាយាមជម្នះនូវការលំបាក។ បងសើុងសុសល ឱ្យដឹង៖ “ខ្ញុំកំព្រាឪពុកតាំងពីតូច រស់នៅជាមួយជីដូនខាងម្ដាយជាកសិករក្រីក្រនៅភូមិអង្គុលីត្បូង ឃុំដុងប៊ិញ ក្រុងប៊ិញមិញ ខេត្តវិញឡុង។ ក្រោយពីរៀនថ្នាក់ទី ៩ ខ្ញុំឈប់រៀនជួយជីដូនធ្វើការងារផ្ទះ។ បន្ទាប់មកជីដូននាំខ្ញុំចូលវត្តអង្គុលីត្បូងដើម្បីបួសរៀន។ អស់រយៈពេលបួស ខ្ញុំទៅសិក្សាបាលី-ខ្មែរ រយៈពេល ១០ ឆ្នាំនៅវត្តនានាក្នុងខេត្តត្រាវិញ និងសិក្សានៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ។ ឆ្នាំ ១៩៩៨ ខ្ញុំបានបញ្ចប់ការសិក្សា ហើយវិលមកវត្តទទួលតួនាទីជាព្រះចៅអធិការវត្ត។ ឆ្នាំ ១៩៩៩ ខ្ញុំលាចាកសិក្ខាបទ ហើយបានជ្រើសរើសចូលបម្រើការងារនៅមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តវិញឡុង។ រយៈពេលបំពេញការងារនៅមន្ទីរវប្បធម៌ កីឡា ខ្ញុំបានបន្តការសិក្សាមហាវិទ្យាល័យផ្នែកវប្បធម៌ នៅមហាវិទ្យាល័យវប្បធម៌ទីក្រុងហូជីមិញ”។
បច្ចុប្បន្ន បងសើុងកុសល ត្រូវបានប្រធានការិយាល័យប្រគល់តួនាទីជាអ្នករៀបរៀងនិងជាពិធីករផ្នែកព័ត៌មានភាសាខ្មែរ និងជាអ្នកយកព័ត៌មានទទួលបន្ទុកប្រចាំនៅតំបន់ស្រុកថើយឡាយ វិញថាញ់ និងកើ-ដ។ ដោយការជិតដិតនឹងមូលដ្ឋាន ហើយសកម្មក្នុងការបំពេញការងារ ម៉្លោះហើយបងកុសល មានអត្ថបទល្អៗជាច្រើន និងទទួលបានពានរង្វាន់សារព័ត៌មាន។ ក្នុងនោះ មានរង្វាន់មាស ២ គ្រឿងនៃកម្មវិធីវិទ្យុផ្សាយសំឡេងភាសាខ្មែរទូទាំងប្រទេស រង្វាន់លេខ ២ មួយគ្រឿង រៀបចំឡើងដោយស្ថានីយវិទ្យុនិងទូរទស្សន៍ក្រុងកឹងធើ និងរង្វាន់លើកទឹកចិត្តជាច្រើនទៀត...៕
អត្ថបទ៖ ទីទុយ