ថ្មីៗនេះកុមារកើតជំងឺគ្រុនឈាមនៅក្រុងកឹងធើ បាននាំចូលមន្ទីរពេទ្យមានចំនួនកើនឡើង បើប្រៀបនឹងកាលពីដើមឆ្នាំ ២០២២ និងមានការប្រែប្រួលធ្ងន់ធ្ងរជាង។ ក្នុងរដូវភ្លៀង ជំងឺគ្រុនឈាមមានហានិភ័យផ្ទុះរាលដាល ប្រសិនបើគ្មានវិធានការបង្ការប្រសិទ្ធភាពទេនោះ។
កម្មាភិបាលផ្នែកបង្ការ ប្រឆាំងជំងឺឆ្លង (ត្រួតពិនិត្យសុខាភិបាលអន្តរជាតិ CDC កឹងធើ ) ពិនិត្យដង់សីតេដង្កូវទឹកនៅផ្ទះប្រជាជន។ រូប៖ ថៀងថាញ
ធម្មតារៀងរាល់ឆ្នាំ ចាប់ពីខែមិថុនារហូតដល់ខែធ្នូ គឺជារដូវកើតជំងឺគ្រុនឈាម ប៉ុន្តែឆ្នាំនេះចាប់ពីចុងខែមេសា ជំងឺបានចាប់ផ្តើមកើនឡើងយ៉ាងរហ័ស។ ដូច្នេះ ផ្នែកជំងឺគ្រុនឈាមនៃមន្ទីរពេទ្យកុមារក្រុងកឹងធើ ឱ្យដឹង៖ បច្ចុប្បន្ន មន្ទីរពេទ្យបានរៀបបម្រុងចំនួន ៥២ គ្រែ ប៉ុន្តែចំនួនកុមារដេកពេទ្យមានជាង ៦០ នាក់។ អ្វីដែលគួរបារម្ភគឺករណីជំងឺកើនឡើងនិងមានការប្រែប្រួលធ្ងន់ធ្ងរជាងមុន។ វេជ្ជបណ្ឌិតង្វៀងហ្វិញញ៉ឹកទ្រឿង អនុប្រធានផ្នែកជំងឺគ្រុនឈាមនៃមន្ទីរពេទ្យកុមារក្រុងកឹងធើ ឱ្យដឹង៖ ប្រសិនបើកុមារគ្រុនពី ១-២ ថ្ងៃអាចនឹងព្យាបាលនៅផ្ទះ លេបថ្នាំបំបាត់ក្តៅខ្លួន ឬទៅពិនិត្យជំងឺនៅតាមគ្លីនិចឯកជន៘ ប៉ុន្តែប្រសិនបើកុមារគ្រុនរហូតដល់ថ្ងៃទី ៣ ហើយនៅក្នុងរដូវភ្លៀង ពេលជំងឺគ្រុនឈាមកំពុងផ្ទុះរាលដាលនោះ គប្បីនាំកុមារទៅកាន់មូលដ្ឋានសុខាភិបាលដែលមានឯកទេសផ្នែកកុមារ ដើម្បីបានគ្រូពេទ្យពិនិត្យ ធ្វើកោសល្យវិច័យច្បាស់លាស់។ ម្យ៉ាងទៀត អាណាព្យាបាលដាច់ខាត មិនត្រូវធ្វេសប្រហែស ពីព្រោះជំងឺគ្រុនឈាមប្រែធ្ងន់ចាប់ពីចុងថ្ងៃទី ៣ រហូតដល់ថ្ងៃទី ៧ ។ ចំពោះទារកនៅបំបៅដោះ លើសទម្ងន់ ឬកុមារដែលមានជំងឺប្រចាំកាយមានហានិភ័យកើតជំងឺធ្ងន់ជាងកុមារឯទៀត គប្បីយកចិត្តទុកដាក់ តាមដាននិងព្យាបាលម៉ត់ចត់ជាង។ នៅមន្ទីរពេទ្យកុមារក្រុងកឹងធើ កុមារដែលបានធ្វើរោគវិនិច្ឆ័យកើតជំងឺគ្រុនឈាម ត្រូវបានវេជ្ជបណ្ឌិតបញ្ជាឱ្យដេកពេទ្យ ដើម្បីតាមដាន និងព្យាបាល។
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌល ត្រួតពិនិត្យជំងឺ (CDC) ក្រុងកឹងធើ ចាប់ពីដើមឆ្នាំ ២០២២ មកទល់នឹងថ្ងៃ ១១ ខែឧសភា ឆ្នាំ ២០២២ ទូទាំងក្រុងបានកត់សម្គាល់មានជំងឺគ្រុនឈាមចំនួន ៣៩៤ ករណី កាត់បន្ថយ ៤៦ ករណី បើប្រៀបនឹងឆ្នាំ ២០២១។ ក្នុងនោះ ខណ្ឌថូកណូកខ្ពស់បំផុត ដោយមាន ១០០ ករណី ខណ្ឌនិញកេវ ៨១ ករណី ស្រុកកើ-ដ ៤៦ ករណី។ ថ្វីត្បិតករណីជំងឺគ្រុនឈាមទូទាំងក្រុងមានការថយចុះបើប្រៀបនឹងឆ្នាំទៅមិញក៏ពិតមែន ប៉ុន្តែ តាមខណ្ឌ ស្រុកនីមួយៗដូច៖ ថូកណូក កើ-ដ ធើយឡាយ ផុងដៀង និងវិញថាញ់ មានករណីកើតជំងឺកើនឡើងបើប្រៀបនឹងឆ្នាំទៅមិញ។ ឆ្នាំនេះឆាប់ភ្លៀង ក៏ជារដូវសមប្រកបដើម្បីដង្កូវទឹក មូសកើតនិងឆ្លងជំងឺទៅលើមនុស្ស បណ្តាលឱ្យជំងឺគ្រុនឈាមផ្ទុះរាលដាល ប្រសិនបើប្រជាជនធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន។ អ្នកមីងង្វៀងធីម៉ីន នៅភូមិថាញ់ភឿក ឃុំថាញ់ភូ ស្រុកកើ-ដ ឱ្យដឹង៖ “ខ្ញុំមានចៅប្រុស ២ នាក់ ម្នាក់រៀនថ្នាក់ទី ២ ម្នាក់រៀនថ្នាក់ទី ៤ ។ កាលពីរសៀលថ្ងៃទី ៦ ខែឧសភា ចៅទាំង ២ មានអាការៈឈឺក្បាល ក្តៅខ្លួន លេបថ្នាំដែរ ប៉ុន្តែមិនឃើញធូរស្បើយ។ ថ្ងៃបន្ទាប់នៅតែមិនបាត់ក្តៅ ថែមទាំងក្អួតចង្អោរ ម្ល៉ោះហើយគ្រួសារបាននាំទៅមន្ទីរពេទ្យកុមារក្រុងកឹងធើពិនិត្យ ក្រោយពីធ្វើរោគវិនិច្ឆ័យ ទើបដឹងថាកើតជំងឺគ្រុនឈាម។ ឥឡូវចៅទាំង ២ បានធូរស្រាល និងបានចុះពីពេទ្យហើយ”។
វេជ្ជបណ្ឌិតឡេភុកហៀង អនុប្រធានផ្នែកបង្ការ ប្រឆាំងជំងឺឆ្លង-ត្រួតពិនិត្យសុខាភិបាល អន្តរជាតិ CDC កឹងធើ បានស្នើដល់ដំណាក់សុខាភិបាលនីមួយៗសហការនឹងរដ្ឋអំណាចភូមិភាគ សហការីអនុវត្តយុទ្ធនាការកម្ចាត់ដង្កូវទឹក កម្ចាត់មូស បង្ការ ប្រឆាំងជំងឺគ្រុនឈាម។ ក្នុងនោះ ផ្តុំកម្លាំងផ្សព្វផ្សាយ ចលនាប្រជាជន អនាម័យបរិស្ថានជុំវិញផ្ទះសម្បែងឱ្យស្រឡះស្រឡំ ស្អាតបាត ដេកដាក់មុងសូម្បីតែពេលថ្ងៃ កម្ចាត់ដង្កូវទឹក សត្វមូស។ល។ ដើម្បីម្ចាស់ការបង្ការជំងឺមានប្រសិទ្ធភាព៕
ថៀងថាញ- ហ្វិញហ្វា-ប្រែសម្រួល៖ លីសៀ