សមាគមជំរុញការសិក្សាខេត្តសុកត្រាំង បានជូនអាហារូបករណ៍រាប់ពាន់ចំណែកដល់សិស្សក្រីក្រ សង្វាតរៀនសូត្រ ដើម្បីផ្ដល់ជាកម្លាំងចិត្តសម្រាប់ប្អូនៗទៅសាលារៀន។
សមាគមជំរុញការសិក្សាជូនអាហារូបករណ៍ដល់សិស្សក្រីក្រសង្វាតរៀនសូត្រ។
ចាប់តាំងពីដើមឆ្នាំមក សមាគមជំរុញការសិក្សាគ្រប់លំដាប់ថ្នាក់ បានចលនាស្ថាប័ន ក្រុមហ៊ុន អាជីវកម្ម អង្គការ បុគ្គលនៅក្នុងនិងក្រៅខេត្ត រួមវិភាគទានបានទឹកប្រាក់ជាង ៦,៣ ពាន់លានដុង។ ក្នុងនោះ មូលនិធិជំរុញការសិក្សាខេត្តបានជាង ៥,៧៧ ពាន់លានដុង និងមូលនិធិអាហារូបករណ៍ “យឿងគីហ៊ីប” គឺ ៤៨៥ លានដុង។ ឆ្នាំ ២០២០ ថវិកាមូលនិធិអាហារូបករណ៍នៅសល់ជាង ៥,២៥ ពាន់លានដុង។ រហូតមកទល់បច្ចុប្បន្ន សមាគមជំរុញការសិក្សាខេត្តបានជូនអាហារូបករណ៍ជំរុញការសិក្សា ជំរុញបញ្ញាបាន ៣.២៨០ ចំណែកជូនដល់សិស្ស និស្សិត ជម្នះលំបាក សង្វាតរៀនសូត្រ សិស្សសម្រេចបានស្នាដៃខ្ពស់ក្នុងការសិក្សា សរុបថវិកាជាង ៥,៤ ពាន់លានដុង។ ត្រៀមឱ្យឆ្នាំសិក្សា ២០២១- ២០២២ ខេត្តបានជូនអាហារូបរណ៍ចំនួន ២.៩៤១ ចំណែក សរុបថវិកាជិត ៤,៨ ពាន់លានដុង។ អាហារូបករណ៍បានផ្តល់ទាន់ពេល ជួយឱ្យសិស្សដែលមានស្ថានភាពលំបាកលៃលកទិញសម្លៀកបំពាក់ សិក្ខូបករណ៍។ល។ សម្រាប់ឈានចូលឆ្នាំសិក្សាថ្មី។ ក្រៅពីនោះ ខេត្តនៅទាំងជូនអាហារូបករណ៍ ៣០០ ចំណែក (ក្នុងមួយចំណែកតម្កៃ ១ លានដុង) ដល់ក្មួយៗជាកូនកម្មាភិបាលផ្នែកសុខាភិបាល កំពុងអនុវត្តភារកិច្ចប្រយុទ្ធប្រឆាំងជំងឺ COVID-១៩។
សមណសិស្ស លីថាញអាង កំពុងសិក្សាថ្នាក់ទី ១២ សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំង ពិតឱ្យដឹង៖ “ទទួលបានអាហារូបករណ៍ អាត្មាភាពសប្បាយរីករាយណាស់។ នេះគឺជាអំណោយដ៏ថ្លៃថ្លាជួយដល់អាត្មានិងសិក្ខាកាមដទៃទៀតរបស់សាលា មានកម្លាំងចិត្តរៀនបានល្អថែមទៀតក្នុងឆ្នាំសិក្សាថ្មី”។ លោកគ្រូថាច់រឹទ្ធិ នាយករងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ឱ្យដឹង៖ “អាហារូបករណ៍បានផ្តល់កម្លាំងចិត្ត បង្កជាកម្លាំងចលករជំរុញចលនារៀនសូត្ររបស់សមណសិស្សរបស់សាលា។ ពិសេសគឺបង្កើតនូវភាពរីករាយដល់សមណសិស្សដែលមានស្ថានភាពលំបាកខ្លាំង ខិតខំឈានឡើងក្នុងការរៀនសូត្រ។ ជារៀងរាល់ឆ្នាំ សិក្ខាកាមរបស់សាលាទទួលបានអាហារូបករណ៍លឿងឌិញកួ ពី ១០ ដល់ ១៥ ចំណែក ក្នុងមួយចំណែកតម្លៃ ១ លានដុង ឧបត្ថម្ភដល់សមណសិស្សដែលមានស្ថានភាពលំបាកខ្លាំង រៀនពូកែ”។
លោកឡឹមសៅ អនុប្រធានប្រចាំការសមាគមជំរុញការសិក្សាខេត្តសុកត្រាំង ឱ្យដឹង៖ “តាមការគ្រោងទុក ចាប់តាំងពីពេលនេះរហូតដល់ចុងឆ្នាំ សមាគមជំរុញការសិក្សាខេត្តនឹងចាត់ចែងផ្តល់អាហារូបករណ៍ជំរុញការសិក្សា ជំរុញបញ្ញាចំនួន ៧០០ ចំណែកដល់សិស្ស និស្សិតដែលមានស្ថានភាពលំបាកខ្លាំង រៀនពូកែ ឧបត្ថម្ភជាបន្ទាន់ដល់សិស្ស និស្សិតដែលរងគ្រោះថ្នាក់ គ្រោះធម្មជាតិ ជំងឺរុាំរ៉ៃ។ល។ អាហារូបករណ៍គឺអំណោយជំរុញស្មារតី ជួយឱ្យប្អូនៗជម្នះលំបាក មានទំនុកចិត្តក្នុងការរៀនសូត្រ ដើម្បីអនុវត្តក្តីប្រាថ្នានៅអនាគត”៕
លីធាន-មុនី