មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

01/11/2021 - 09:48

អ្នក​មីង​ឡាញ​ នៅ​ឃុំ​មីថាញ​ទ្រុង​

អ្នក​មីង​ឡាញ​ នៅ​ឃុំ​មីថាញ​ទ្រុង​ ស្រុក​តាម​ប៊ិ​ញ ខេត្ត​វិញ​ឡុង​ ជា​ស្រ្តី​ជន​ជាតិ​ភាគ​តិច​គំ​រូ​ម្នាក់​ ក្នុង​ចំ​ណោម​ជន​ជាតិ​ភាគ​តិច​គំ​រូ​ទាំង​ឡាយ​ដែល​ឆ្លង​កាត់​ការ​លំ​បាក​ ចាក​ផុត​ភាព​ក្រី​ក្ររបស់​ខេត្ត​។​

អ្នក​មីង​ឡាញ​ ចូល​រួម​មហា​សន្និ​បាត​ជន​ជាតិ​ភាគ​តិច​នៅ​សាល​ប្រ​ជុំ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​វិញ​ឡុង​ (រូប​ថត​កាល​ជំងឺ​ COVID-១៩ មិន​ទាន់​ផ្ទុះ​រាល​ដាល​)។​

តាមប្រ​សាសន៍​បង​គឹមកាន់​ អនុ​ប្រ​ធាន​ការិ​យាល័យ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ - ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ស្រុក​តាម​ប៊ិញ ខេត្ត​វិញ​ឡុង​ ស្ថាន​ភាព​គ្រួ​សារ​អ្នក​មីង​ឡាញ​លំ​បាក​ណាស់​ ប្ដី​គាត់​ស្លាប់​តាំង​ពីកូន​ស្រី​ទើប​កើត​។​ គ្រួ​សារ​អ្នក​មីង​គ្មាន​ដី​ស្រែ​ មាន​ត្រឹម​តែធ្វើ​ការ​ឈ្នួល​ដើម្បី​ចិញ្ចឹម​កូន​។​ នៅ​តំ​បន់​ជន​បទ​ឃុំ​មីថាញ​ទ្រុង​ អ្នក​មីង​ស៊ី​ឈ្នួល​ដក​ស្មៅ​ កាប់​ឧស និង​ស្ដារ​ភក់​អណ្ដូង​ ។​ល។​ ដើម្បី​មាន​ប្រាក់​ចិញ្ចឹម​កូន​។​ ដី​ធារ​ផ្ទះ​ដែល​ខាង​ប្ដី​ចែក​ឱ្យ​អ្នក​មីង​សង់​ខ្ទម​ស្លឹក​សម្រាប់​ពីរ​នាក់​ម្ដាយ​កូន​រស់​នៅ​។​ អ្នក​មីង​ឡាញ​ ឱ្យ​ដឹង​៖ “ខ្ញុំ​ដើរ​ស៊ី​ឈ្នួល​គេ បាន​ត្រឹម​តែទប់​ទល់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ គ្មាន​សេស​សល់​សម្រាប់​សង់​ផ្ទះ​ទេ។​ ខ្ទម​ស្លឹក​តូចមួយ​ ដាច់​រខេក​រខាក​ ភ្លៀង​ស្រក់​ត្រង់​ណា ម្ដាយ​កូន​ខ្ញុំ​ទិញ​ឈើ​ទល់​ យក​កៅ​ស៊ូ​គ្រប​ត្រង់​នោះ​"។​

បង​គឹម​កាន់​ អតីត​ប្រ​ធាន​ការិ​យាល័យ​ជន​ជាតិ​ស្រុក​តាម​ប៊ិញ រ៉ាយ​រ៉ាប់​៖ "ក្នុង​ដំណើរ​ការ​ផ្សព្វ​ផ្សាយ​គម្រោង​មុខ​របរ​រក​ស៊ី​ជូន​ជន​រួម​ជាតិ​ខ្មែរ​ យើង​ខ្ញុំ​ត្រួត​ពិនិត្យ​និង​សម្រេច​ចិត្ត​ឧបត្ថម្ភ​គោឱ្យ​អ្នក​មីង​ឡាញ​ចិញ្ចឹម​។​ ទន្ទឹម​នឹង​នោះ​ ភូមិ​ភាគ​ក៏​ស្នើ​ស្ថានីយទូរ​ទស្សន៍​វិញ​ឡុង​សង់​ផ្ទះ​មហា​សាម​គ្គី​ជូន​អ្នក​មីង​។​ មាន​ផ្ទះ​សម្បែង​រស់​នៅ​សម​រម្យ​ គោ​ធាត់​ធំ​ល្អ​ ម្ល៉ោះ​ហើយ​ជីវ​ភាព​អ្នក​មីង​ឡាញ​ក៏​មាន​ភាព​ល្អ​ប្រ​សើរ​បង្គួរ​”។​

អ្នក​មីង​ឡាញ​ ឱ្យ​ដឹង​បន្ថែម​៖  កូន​ស្រី​របស់​ខ្ញុំ​រៀន​ចប់​កម្រិត​វិទ្យា​ល័យ​ ក៏​សូម​ទៅ​ធ្វើ​ការ​នៅ​មណ្ឌល​ឧស្សាហ​កម្ម​ហ្វាភូ ស្រុក​ឡុង​ហូ ម្ល៉ោះ​ហើយ​រកបាន​ប្រាក់​ចំ​ណូល​ប្រ​ចាំ​ខែ។​ អ្នក​មីង​ឡាញ​ រ៉ាយ​រ៉ាប់​៖ "ពេល​កូន​ស្រី​ខ្ញុំ​ទៅ​ធ្វើ​ការ​ ខ្ញុំ​គិត​ចង់​លក់​គោ​ដើម្បី​ទិញ​ម៉ូតូ​ឱ្យ​កូន​ស្រី​បើក​បរទៅ​មក​រាល់ថ្ងៃ​ កុំ​ឱ្យ​បង់​ខាត​ប្រាក់​ជួល​ផ្ទះ​ ប៉ុន្តែ​ពូកាន់​ប្រាប់​ឱ្យ​កូន​ស្រី​ខ្ញុំ​ធ្វើ​សំ​ណុំ​បែប​បទ​បុល​ទុន​ឧបត្ថម្ភ​របស់​រដ្ឋ​ ពេល​មាន​ប្រាក់​ខែ​ទើប​សង​រំលោះ​បណ្ដើរ​ៗ​។​ អា​ស្រ័យ​ដូច្នោះ​ ទើប​ខ្ញុំ​មាន​គោ​សម្រាប់​ធ្វើ​ទុន​រកស៊ី​ ចំ​ណែក​កូន​ស្រី​ក៏​មាន​ម៉ូតូ​សម្រាប់​ទៅ​មក​"។​

ជា​អ្នក​ស៊ូ​ទ្រាំ​លំ​បាក​ ឧស្សា​ហ៍ព្យា​យាម​ប្រ​កប​ការ​ងារ​ដើម្បី​ចាក​ភាព​ក្រី​ក្រ ម្ល៉ោះ​ហើយ​អ្នក​មីង​ឡាញ​ ត្រូវ​បាន​ភូមិ​ភាគ​ឧទ្ទេស​នាម​ចូល​រួម​មហា​សន្និ​បាត​ជន​ជាតិ​ភាគ​តិច​គ្រប់​លំ​ដាប់​ថ្នាក់​ ។​ ថ្ងៃ​ដែល​យើង​ខ្ញុំ​ជួប​អ្នក​មីង​ឡាញ​នៅ​មហា​សន្និ​បាត​ជន​ជាតិ​ភាគ​តិច​ខេត្ត​វិញ​ឡុង​ អ្នក​មីង​ពាក់​អាវ​បា​បា​ថ្មី​។​ អ្នក​មីង​ឡាញ​ ឱ្យ​ដឹង​៖ "នេះ​ជា​សម្លៀក​បំ​ពាក់​របស់​សាខា​សមាគម​នារី​ទើប​ជូន​ ខ្ញុំ​ឃើញ​អាវ​ស្អាត​ល្មម​នឹង​ខ្លួន​ ទើប​ពាក់​មក​ចូល​រួម​មហា​សន្និ​បាត​។​ អម្បាញ​មិញ​នេះ​ មាន​បង​ប្អូន​នារី​បាន​សរ​សើរ​ខ្ញុំ​ពាក់​អាវ​បាបា​ស្អាត​ ម្ល៉ោះ​ហើយ​ខ្ញុំ​រីក​រាយ​ណាស់​។​ នេះ​ជាលើកដំបូង​ ខ្ញុំ​បាន​ចូល​រួម​មហា​សន្និ​បាត​ធំ​ដូច​នេះ​ ម្ល៉ោះ​ហើយ​ខ្ញុំ​នឹង​ខិត​ខំ​បន្ត​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ដើម្បី​បាន​ចូល​រួម​លើក​ក្រោយ​ទៀត​"៕​

                              ហាថាញ - ថាច់​ធី

  

ចែករំលែកអត្ថបទ